អាជ្ញាធរ​ខេត្ត​កំពង់ចាម​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​ប្រមាណ​​ជិត​១០០​នាក់​ទៀត ក្រោយ​ផ្ទុះ​ឆ្លង​ក្នុង​រោងចក្រ

រូបឯកសារ៖ កម្មកររោងតចក្រនៅតំបន់ជ្រាយរាជធានីភ្នំពេញជាប់ខេត្តកំពង់ស្ពឺ កំពុងរង់ចាំធ្វើដំណើរចូលក្រុងវិញ ខណៈភ្នំពេញរងការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ១៩ កាលពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២១។

អាជ្ញាធរ​ខេត្ត​កំពង់ចាម​បាន​រាយ​ការណ៍​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​ប្រមាណ​ជិត​១០០​នាក់​ទៀត បន្ទាប់​ពី​មាន​ករណី​ផ្ទុះ​ឆ្លង​ក្នុង​សហគមន៍​កម្មករ​រោងចក្រ ដែល​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពីការ​ឆ្លង​កាន់​តែ​ខ្លាំង។

ក្នុង​សេចក្តី​ប្រ​កាស​ព័ត៌មានមួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ រដ្ឋបាល​ខេត្ត​កំពង់ចាម​ឲ្យ​ដឹង​ថា​ខ្លួន​បានរក​ឃើញ​ករណីវិជ្ជមាន​កូវីដ​១៩​ចំនួន​៩៣​នាក់ ដែល​ក្នុង​នោះ​មាន​នៅស្រុក​ជើងព្រៃ​ចំនួន​៣៤​នាក់ ស្រុក​បាធាយ​ចំនួន​៣៤​នាក់ ស្រុក​ព្រៃឈរ៩​នាក់​ស្រុក​កំពង់សៀម​៦​នាក់ និង​១០ករណី​ទៀត​នាំ​ចូល​ពី​ខេត្តកំពង់ឆ្នាំង​និង​កំពង់ធំ។ រដ្ឋបាល​ខេត្ត​បញ្ជាក់​ថា​អ្នក​ឆ្លង​ថ្មី​គឺ​ជា​អ្នកដែល​បាន​ប៉ះពាល់​ជាមួយកម្មកររោងចក្រ ដែល​រក​ឃើញ​ឆ្លង​៥០​នាក់ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

អ្នក​ស្រី​គី លីង អាយុ​២៤​ឆ្នាំ​និង​ជា​កម្មករ​រោងចក្រ​ជួហួយ​ដែល​មានឆ្លងជំងឺ​កូវីដ១៩ បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​អំពី​ការ​ឆ្លង​រីក​រាលដាល​កាន់​តែ​ខ្លាំង ខណៈ​អ្នកស្រី​នៅ​បន្ត​ធ្វើ​ការ​ដដែល។ ស្រប​ពេល​នេះ អ្នក​ស្រី​ក៏​ព្រួយ​បារម្ភ​អំពីការ​បាត់​បង់​ចំណូល ប្រសិន​បើ​មាន​ការផ្អាក​គ្រប់​ផ្នែក​ទាំង​អស់​នៅ​រោងចក្រ​ដែល​អ្នកស្រី​ធ្វើការ។

អ្នក​ស្រី​និយាយថា៖ «យើង​រោងចក្រ​ពិបាក​ណាស់​បង​អើយ​មនុស្ស​វា​ច្រើន​ការ​ញុំា​ហូប​ចុក​អី​វា​ជិតៗ​គ្នា​អញ្ចឹង​ណា​យើង​ពិបាក​ហ្ហា​ដល់​ពេល​អញ្ចឹង​ខ្លាច​ចេះ​តែខ្លាច​ហើយ ប៉ុន្តែ​មិន​ដឹង​ថា​ធ្វើ​ម៉េច​ទេរោងចក្រ​បើក ចេះ​តែ​នៅ​ធ្វើអញ្ចឹង​ទៅ​ណា​គេ​ផ្អាក​តែ​មួយ​កន្លែង»។

លោក គង់ ​អាទិត្យ អនុ​ប្រធាន​សម្ព័ន្ធ​សហជីព​ស៊ីខៅឌូ បាន​ថ្លែង​ថា​កម្មករ​រោងចក្រ​អាច​នឹង​ប្រឈម​ច្រើន ជា​ពិសេស​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​បាត់​បង់​ការងារ​និង​ប្រាក់​ចំណូល​ដែល​នាំ​ឲ្យ​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ទៅ​ដល់​សេដ្ឋកិច្ច​គ្រួសារ។

ពាក់​ព័ន្ធ​នឹង​ការ​រីក​រាល​ដាល​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ជា​បន្ត​បន្ទាប់​ទៅ​តាម​បណ្តា​ខេត្ត ក្រសួង​សុខាភិបាល កាល​ពី​ថ្ងៃទី​២០ ខែ​ឧ​សភា បាន​ចេញ​សេច​ក្តី​ក្រើន​រំឭក​ឲ្យ​រដ្ឋបាល​ខេត្ត​ទាំង​អស់​ត្រូវ​ពង្រឹង​បន្ថែម​នៃការ​ទប់​ស្កាត់​ការ​រា​តត្បាត​ជំងឺ​កូវីដ​១៩​និង​ការ​ធ្វើ​ចត្តា​ឡី​ស័ក។

គួរ​បញ្ជាក់​ថា​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​សុក្រ​នេះ បាន​រក​ឃើញ​ករណី​ឆ្លងជំងឺ​កូវីដ​១៩ នៅ​ទូទាំង​ប្រទេស​ចំនួន​៤៦០​នាក់ ដែល​កើន​ឡើង​ច្រើន​ជាង​ប៉ុន្មាន​ថ្ងៃ​មុន។ ក្នុង​ចំណោម​អ្នក​ឆ្លង​ទាំង​អស់ ដែល​ភាគ​ច្រើន​នៅ​រាជធានី​ភ្នំពេញ ក៏​មាន​អ្នក​ឆ្លង​៤០​នាក់​នៅ​ក្នុង​ខេត្ត​តាកែវ​ផង​ដែរ៕