រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បានបញ្ជាក់កាលពីថ្ងៃចន្ទថា អាកាសយានដ្ឋានក្រុងកាប៊ុលក្នុងប្រទេសអាហ្វហ្គានីស្ថាននៅពេលនេះ ពុំមានសេវាបញ្ជាការហោះហើរទេ ដោយសារតែកងទ័ពសហរដ្ឋអាមេរិក បានដកចេញអស់ពីប្រទេសនេះ ហើយយន្តហោះដឹកជញ្ជូនស៊ីវិលអាមេរិក ត្រូវបានហាមឃាត់ការហោះហើរក្នុងប្រទេសអាហ្វហ្គានីស្ថាន លើកលែងតែមានការអនុញ្ញាតជាមុនតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា «ដោយសារតែកង្វះខាតនូវសេវាចរាចរណ៍ផ្លូវអាកាស និងអាជ្ញាធរអាកាសចរណ៍ស៊ីវិលក្នុងប្រទេសអាហ្វហ្គានីស្ថាន និងក៏ដូចជាការព្រួយបារម្ភផ្នែកសន្តិសុខដែលកំពុងកើតមានឡើងផងដែរនោះ ប្រតិបត្តិករស៊ីវិលអាមេរិក អ្នកបើកបរយន្តហោះនិងយន្តហោះស៊ីវិលដែលបានចុះបញ្ជីក្នុងសហរដ្ឋអាមេរិក ត្រូវបានហាមប្រាមក្នុងការហោះហើរទោះក្នុងកម្ពស់ណាក៏ដោយ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន»។
កាលពីដើមខែសីហា កងទ័ពអាមេរិក បាននិយាយថា ខ្លួនជាអ្នកទទួលខុសត្រូវក្នុងការគ្រប់គ្រងចរាចរណ៍ហោះហើរក្នុងទីក្រុងកាប៊ុលដើម្បីសម្រួលដល់ការជម្លៀសមនុស្សរាប់ម៉ឺននាក់ចេញពីប្រទេសអាហ្វហ្គានីស្ថាន។
កាលពីថ្ងៃទី១៨ ខែសីហាកន្លងទៅ រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក បាននិយាយថា យន្តហោះអាមេរិក និងអ្នកបើកបរស៊ីវិល អាចធ្វើការហោះហើរទៅកាន់ទីក្រុងកាប៊ុលបាន ដើម្បីជម្លៀសមនុស្សចេញ ឬជាយន្តហោះសម្រាប់ផ្តល់ជំនួយ ដោយមានការយល់ព្រមជាមុនដោយក្រសួងការពារជាតិអាមេរិក។ អាកាសចរណ៍អាមេរិកជាច្រើន បានជួយដឹកជញ្ជូនមនុស្សរាប់ពាន់នាក់ចេញពីប្រទេសអាហ្វហ្គានីស្ថាន ដោយធ្វើប្រតិបត្តិការហោះហើរពីអាកាសយានដ្ឋាននៅក្រៅប្រទេសនេះ៕