គណៈវិនិច្ឆ័យទោសនៅរដ្ឋ Minnesota សហរដ្ឋអាមេរិក គ្រោងនឹងស្តាប់សក្ខីកម្មចុងបញ្ចប់នៅថ្ងៃច័ន្ទក្នុងសវនាការកាត់ក្ដីអតីតប៉ូលិសក្រុង Minneapolis លោក Derek Chauvin ដែលត្រូវបានចោទប្រកាន់ទាក់ទិននឹងមរណភាពលោក George Floyd។
មេធាវីការពារក្តីរបស់លោក Chauvin បានបញ្ចប់ការសួរដេញដោលសាក្សីរយៈពេលពីរថ្ងៃកាលពីសប្តាហ៍មុន បន្ទាប់ពីក្រុមរដ្ឋអាជ្ញាបានការពារក្ដីរបស់ខ្លួនអស់រយៈពេលពីរសប្តាហ៍។ បន្ទាប់ពីស្តាប់ការជជែកវែកញែកចុងក្រោយពីភាគីនីមួយៗ គណៈវិនិច្ឆ័យនឹងត្រូវដកខ្លួនចេញពីសវនាការរហូតដល់ពេលចេញសាលក្រមសម្រេច។
ព្រះរាជអាជ្ញាបានអះអាងថាឈ្មោះ Chauvin ជាជនជាតិស្បែកស ដែលបណ្តាលឱ្យលោក Floyd ស្លាប់ដោយសារលោកយកជង្គង់សង្កត់កញ្ចឹងកលោក Floyd។ លោក Floyd ដែលជាជនជាតិស្បែកខ្មៅ ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់លុយក្រដាស២០ដុល្លារក្លែងក្លាយ ហើយវីដេអូដែលអ្នកឈរមើលថតបានបានបង្កឱ្យមានការតវ៉ារីករាលដាលនៅសហរដ្ឋអាមេរិកនិងផ្នែកផ្សេងទៀតនៃពិភពលោកប្រឆាំងនឹងភាពឃោរឃៅរបស់ប៉ូលិស និងវិសមភាពពូជសាសន៍។
លោក Chauvin បានបដិសេធមិនផ្ដល់សក្ខីកម្មទេក្នុងពេលជំនុំជម្រះ។ មេធាវីការពារក្តីរបស់លោកបានអះអាងថា លោក Chauvin បានធ្វើសកម្មភាពសមហេតុផលប្រឆាំងនឹងជនសង្ស័យដែលកំពុងរឹងទទឹង ហើយថា លោក Floyd បានស្លាប់ដោយសារជំងឺបេះដូងនិងគ្រឿងញៀន។
ប្រសិនបើត្រូវបានផ្តន្ទាទោសធ្ងន់ធ្ងរបំផុតពីបទឃាតកម្មមិនមានការគិតទុកជាមុន នោះលោក Chauvin អាចជាប់ពន្ធនាគាររហូតដល់ ៤០ ឆ្នាំ។ ទោះជាយ៉ាងណា គោលការណ៍របស់រដ្ឋនេះគឺថា ទោសសម្រាប់បទចោទប្រកាន់បែបនេះគឺជាប់ពន្ធនាគារប្រហែលរយៈពេល ១២ ឆ្នាំប៉ុណ្ណោះ៕