មេដឹកនាំ​យោធា​ប្រឈម​ការ​លំបាក​ស្តីពី​កម្មវិធី​ចាក់​វ៉ាក់សាំង​នៅ​មីយ៉ាន់ម៉ា​

រូប​ឯកសារ៖ សមាជិក​សភា​​ពី​យោធា​មីយ៉ាន់ម៉ា​ទទួល​ការ​ចាក់​វ៉ាក់សាំង AstraZeneca នៅ​រដ្ឋធានី​ណៃពីដោ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២១។

​លោក​ Min Aung Hlaing ឧត្តម​សេនីយ៍​ជាន់ខ្ពស់​និង​ជា​មេដឹកនាំ​រដ្ឋ​ប្រហារប្រទេស​មីយ៉ាន់ម៉ា​មានបំណង​ចាក់​វ៉ាក់សាំង​ជំងឺ​កូវីដ១៩​ដល់​ប្រជា​ជន​ចំនួន​៥០​ភាគរយ​នៅ​ត្រឹម​ចុង​ឆ្នាំ​នេះ​ក៏ប៉ុន្តែ​មាន​ការ​លំបាកនិង​ឧបសគ្គ​ក្នុង​ការ​សម្រេច​គោលដៅ​នេះ។​

ចាប់​តាំង​ពី​ថ្ងៃ​ទី២៨​ខែ​កក្កដា​មក ​ក្រុម​ប្រឹក្សា​រដ្ឋបាល​រដ្ឋ​ដែល​បាន​ផ្តួល​រំលំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​តាម​ប្រជា​ធិបតេយ្យ​ដែល​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បីប្រជា​ធិបតេយ្យ​បាន​ចាក់​វ៉ាក់សាំង​ចិន​Sinopharm ​និង​ Sinovac ​នៅ​ទូទាំង​ប្រទេស។​

ចាប់ពី​ខែ​កក្កដា​ដល់​ថ្ងៃ​ទី៨​ខែ​សីហា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បញ្ជូន​វ៉ាក់សាំង​ចំនួន​៤,៥​លាន​ដូស​ទៅ​ប្រទេស​មីយ៉ាន់ម៉ា រួមមាន​បរិច្ចាគ​វ៉ាក់សាំង ​Sinopharm​ ចំនួន​២,៥​លានដូស​និង​វ៉ាក់សាំង​ Sinovac​ចំនួន​២​លាន​ដូសទិញ​ដោយ​ពួក​យោធា​មីយ៉ាន់ម៉ា។វ៉ាក់សាំង​ជាង​២​លាន​ដូស​នឹង​ទៅដល់​នៅ​ខែ​នេះតែ​ពួក​យោធា​បាន​ទិញ​វ៉ាក់សាំង​ Sinovac ​ទាំងអស់​ចំនួន​៤​លាន​ដូស។​

ក្រសួង​សុខាភិបាល​និង​កីឡា​ប្រទេស​មីយ៉ាន់ម៉ា​បាន​ចាប់ផ្តើម​កម្មវិធី​ចាក់​វ៉ាក់សាំង​នៅ​សប្តាហ៍​ចុង​ក្រោយ​នៃ​ខែ​កក្កដា។​បុគ្គលិក​សុខាភិបាល​អ្នក​ស្ម័គ្រចិត្ត ​អ្នកទោស​និង​អ្នកមាន​អាយុ​ចាប់​ពី​៦៥​ឆ្នាំ​ឡើង​ទៅ​នៅ​ក្នុង​ក្រុម​អាទិភាព​ដែល​ត្រូវ​ចាក់​មុន​គេ។​កាសែត​រដ្ឋ​ The New Light of Myanmar ​បាន​រាយ​ការណ៍​នៅ​ថ្ងៃ​ទី៦​ខែ​សីហា​ថា មនុស្ស​ជាង​១,៨លាននាក់​គឺ​ស្មើ​នឹង​៦,០៨​ភាគរយ​នៃ​ចំនួន​ប្រជា​ពលរដ្ឋ​ក្នុង​កម្មវិធី​នេះ​បាន​ចាក់​វ៉ាក់សាំង​ហើយ។​

ប្រទេស​មីយ៉ាន់ម៉ា​មាន​មនុស្ស​ជាង​៣០​លាន​នាក់​ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ​ហើយ​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​ ហើយ​៥០​ភាគរយ​នៃអ្នក​ទាំង​នោះ​គឺ១៧​លាន​នាក់​ជា​គោលដៅ​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​នៅ​ចុង​ឆ្នាំ​នេះ។​នេះ​បើ​តាម​លោក​វេជ្ជបណ្ឌិត​ Than Naing Soe ​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​និង​កីឡាប្រាប់ ​VOA។​

លោក​ Min Aung Hlaing ​បាន​និយាយ​នៅឯ​កិច្ចប្រជុំ​កាលពី​ថ្ងៃទី២​ខែ​សីហា​ថា៖​«ដើម្បី​ចាក់​វ៉ាក់សាំងឲ្យ​បាន​៥០​ភាគរយ​នៃ​ប្រជា​ពលរដ្ឋ​ទាំង​អស់​នៅ​ចុង​ឆ្នាំ​នេះ​យើង​ត្រូវ​ចាក់​ឱ្យ​បាន​៥​លាន​នាក់​ក្នុង​មួយ​ខែ»៕​