ចៅក្រម​ផ្អាក​សំណើ​ក្រសួង​យុត្តិធម៌​អាមេរិក​ដែល​ស្នើ​ឲ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក Michael Flynn

រូបឯកសារ៖ លោក Michael Flynn ​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី Donald Trump ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧។

ចៅក្រម​សហព័ន្ធ​សហរដ្ឋ​អាមេរិក​មួយ​រូប ​បាន​ផ្អាក​សំណើ​របស់​ក្រសួង​យុត្តិធម៌​ដែល​ស្នើ​ឲ្យ​មាន​ការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ឧក្រិដ្ឋ​ប្រឆាំង​នឹង​លោក Michael Flynn ដែល​ជា​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី Donald Trump ដើម្បី​ទុក​ឱកាស​ឲ្យ​អ្នក​ជំនាញ​ផ្នែក​ច្បាប់​មក​ពី​ក្រៅ ​អាច​ជជែក​ដេញដោល​ប្រឆាំង​នឹង​ការ​សម្រេច​របស់​ក្រសួង​យុត្តិធម៌​នេះ។

លោក​ចៅក្រម Emmet Sullivan បាន​បញ្ជាក់​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា អ្នក​ជំនាញ​ផ្នែក​ច្បាប់​ដែល​មិន​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​នេះ នឹង​អាច​ដាក់​អំណះអំណាង​របស់​ខ្លួន​មក​កាន់​តុលាការ ហើយ​លោក​នឹង​រៀបចំ​ពេលវេលា​ដើម្បី​ស្ដាប់​អំណះអំណាង​ទាំង​នោះ «នៅ​ពេល​សមស្រប​ណា​មួយ»។

លោក​ចៅក្រម Sullivan អាច​សម្រេច​ហៅ​សាក្សី​ឲ្យ​ផ្ដល់​សក្ខីកម្ម និង​ឆ្លើយ​សំណួរ​អំពី​ការ​សម្រេច​របស់​ក្រសួង​យុត្តិធម៌​ កាល​ពី​សប្ដាហ៍​មុន​ នៅ​ក្នុង​ការ​ទម្លាក់​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក Flynn និង​អាច​បើក​សំណុំ​រឿង​នេះ​ទាំង​ស្រុង​ឡើង​វិញ។

លោក Flynn បាន​សារភាព​កំហុស​ចំពោះ​ការ​ចោទ​ប្រកាន់​ថា ​បាន​កុហក​ទីភ្នាក់ងារ FBI អំពី​ការ​ពិភាក្សា​របស់​លោក​ជាមួយ​នឹង​ឯក​អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​សហរដ្ឋ​អាមេរិក នៅ​ក្នុង​អំឡុង​ពេល​ដំណាក់កាល​អន្តរកាល​រវាង​រដ្ឋបាល​លោក​ប្រធានាធិបតី Barack Obama និង​រដ្ឋបាល​លោក​ប្រធានាធិបតី Donald Trump អំពី​ការ​បន្ធូរបន្ថយ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក។

ការ​ចោទ​ប្រកាន់​លើ​លោក Flynn នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើប​អង្កេត​របស់​រដ្ឋអាជ្ញា​ពិសេស​លោក Robert Mueller អំពី​ការ​ជ្រៀតជ្រែក​របស់​ប្រទេស​រុស្ស៊ី​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ ២០១៦៕