ប្រធានាធិបតីថ្មីរបស់ប្រទេសហ្គំប៊ី លោក Adama Barrow បានវិលត្រឡប់ទៅកាន់ប្រទេសរបស់លោកវិញកាលពីថ្ងៃព្រហស្បតិ៍ អមជាមួយនឹងការការពារសន្តិសុខដ៏តឹងរ៉ឹង ហើយក៏ត្រូវបានស្វាគមន៍ដោយហ្វូងមនុស្សអបអរយ៉ាងច្រើនផងដែរ។
លោក Barrow បានហោះទៅកាន់ទីក្រុង Banjul ពីប្រទេសសេណេហ្គាល់ កន្លែងដែលលោកស្នាក់នៅចាប់តាំងពីមានចលាចលកើតមានឡើងនៅក្នុងប្រទេសហ្គំប៊ី ក្រោយពេលដែលលោកប្រធានាធិបតីដ៏យូរអង្វែងគឺលោក Yahya Jammeh បដិសេធមិនព្រមចុះចេញពីតំណែងក្រោយពេលលោកចាញ់ការបោះឆ្នោតកាលពីខែធ្នូ។
លោក Barrow ដែលយន្តហោះរបស់លោកត្រូវបានការពារដោយកងកម្លាំងរបស់ប្រទេស សេណេហ្គាល់និងនីហ្សេរីយ៉ា ក្រោយពេលដែលយន្តហោះនេះបានចុះចតនៅក្នុងរដ្ឋធានី ហើយបានដើរលើកម្រាលព្រំក្រហមនិងត្រូវបានទទួលស្វាគមន៍ដោយសំឡេងស្រែកអបអរ នេះបើយោងតាមការថ្លែងរបស់អ្នកសារព័ត៌មានមួយរូបដែលមានវត្តមាននៅទីនោះ។ ពលរដ្ឋហ្គំប៊ី រាប់រយនាក់បានឈរជាជួរនៅតាមដងផ្លូវពីអាកាសយានដ្ឋានមុននឹងលោកអញ្ជើញទៅដល់ ដោយមានការរាំរែកនិងស្រែកហ៊ោរគាំទ្រផងដែរ។
លោក Halifa Sallahអ្នកនាំពាក្យមួយរូបរបស់លោក Barrow បានថ្លែងថា នឹងមានពិធីអបអរស្វាគមន៍លោក Barrow ជាច្រើនបន្ថែមទៀតដែលកំពុងរៀបចំធ្វើឡើង។
លោក Barrow បានស្បថចូលកាន់តំណែងនៅក្នុងស្ថានទូតហ្គំប៊ី ក្នុងប្រទេសសេណេហ្គាល់កាលពីសប្តាហ៍មុន។ ប្រធានាធិបតីថ្មីរូបនេះបានស្នើសុំឲ្យកងកម្លាំងសន្តិសុខរបស់បណ្តាប្រទេសដែលស្ថិតនៅក្នុងសហគមន៍សេដ្ឋកិច្ចនៃបណ្តាប្រទេសនៅក្នុងអាហ្វ្រិកភាគខាងលិចឲ្យបន្តស្ថិតនៅក្នុងប្រទេសហ្គំប៊ី នៅ៦ខែបន្តទៅទៀត នេះបើយោងតាមការថ្លែងរបស់មន្ត្រីមួយរូបរបស់អង្គការសហប្រជាជាតិ៕