គ.ជ.ប តម្រូវ​ឱ្យ​​អ្នក​កាសែត​​ជូន​ដំណឹង​​ទៅ​ប្រធាន​មណ្ឌល ពេល​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​ថ្ងៃ​បោះ​ឆ្នោត

រូបឯកសារ៖ លោក ហង្ស ពុទ្ធា​ អ្នកនាំពាក្យ​គ.ជ.ប.​និយាយ​ទៅកាន់​អ្នក​សារព័ត៌មាន​បន្ទាប់ពី​ជំនួប​សវនាការ​ជាមួយ​នឹង​ក្រុម​អ្នក​ដឹកនាំ​នយោបាយ​វ័យ​ក្មេង​កាលពី​ថ្ងៃទី​០១ តុលា ឆ្នាំ​២០១៩​នៅ​ការិយាល័យ​គ.ជ.ប. រាជធានីភ្នំពេញ។ (ទុំ ម្លិះ/VOA)

អ្នក​សារ​ព័ត៌​មានដែល​ទៅយក​ព័ត៌​មានក្នុង​ថ្ងៃបោះ​ឆ្នោតថ្នាក់​ជាតិ​ថ្ងៃទី​២៣​ ខែ​កក្កដា​ខាង​មុខ គឺ​តម្រូវ​ឱ្យ​ជូន​ដំណឹង​ទៅ​ប្រធាន​មណ្ឌល ​ឬ​ប្រធាន​ការិយា​ល័យ​បោះ​ឆ្នោត​ជា​មុន ទើប​អាច​យក​ព័ត៌​មាន​បាន បើ​ទោះជា​មាន​កាត​ ចុះ​យក​ព័ត៌​មាន​ចេញ​ដោយ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ក៏​ដោយ​។ នេះ​បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត(គ.ជ.ប) លោក ហង្ស ពុទ្ធា​។

លោក ហង្ស ពុទ្ធា ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហ​ស្បតិ៍​ថា​ ការ​តម្រូវឱ្យ​អ្នក​សារ​ព័ត៌​មាន​ជូន​ដំណឹងទៅ​ប្រធា​ន​មណ្ឌល​បោះ​ឆ្នោត​នីមួយ​ៗ​បែប​នេះ មិន​មាន​ចែង​ក្នុង​នីតិ​វិធី ​ឬ​ច្បាប់​របស់​គ.ជ.បនោះ​ទេ ប៉ុន្តែ​វា​ជា​ការ​គោរព«​ក្រម​សីល​ធម៌» ដើម្បីជា​ការ​សហ​ការល្អរវាង​មន្ត្រី​គ.ជ.ប និង​អ្នក​សារ​ព័ត៌​មាន ​និង​ចៀស​វាង​ការ​ភ័ន្ត​ច្រឡំ ​និង​សង្ស័យ​គ្នា​ទៅ​វិញ​ទៅ​មក។

លោក​ថ្លែង​ថា​៖ ​«នៅ​ក្នុង​នីតី​វិធី ​អត់​មាន​ចែង​ទេ ប៉ុន្តែ​នៅ​ក្នុង​ក្រម​សីល​ធម៌​។ ​ហើយ​ពាក្យ​ក្រមសីល​ធម៌​ បាន​ន័យ​ថា ​ធ្វើ​ក៏​បាន មិន​ធ្វើ​ក៏​បាន​។ វា​មិន​មែន​ជា​ច្បាប់​ទេ»។

អ្នកនាំ​ពាក្យ​គ.ជ.ប រូប​នេះ បញ្ជាក់​ថា​ប្រធាន​មណ្ឌល ​ឬ​ប្រធាន​ការិយា​បោះ​ឆ្នោត​នីមួយមាន​«ឆន្ទានុ​សិទ្ធិ»​ក្នុង​ការសម្រេច​ឱ្យអ្នក​សារ​ព័ត៌​មាន​ចូល ​ឬ​មិន​អនុញ្ញាត​ឱ្យ​ចូលក្នុង​មណ្ឌល​បោះ​ឆ្នោត​។ ប៉ុន្តែ​លោក​ថា​ក្នុង​ករណី​អ្នក​សារ​ព័ត៌​មាន​យក​ព័ត៌​មាន​ក្នុង​បរិវេណ​មណ្ឌល​បោះ​ឆ្នោត​ ឬថត​រូប​ភាព​ ឬថតវីដេអូ​ នៅក្រៅ​បន្ទប់​បោះ​ឆ្នោត ​ដោយ​មិន​បង្ក​ការ​រំខាន ឬ​មិន​បាន​អុក​ឡុក​ដល់​ដំណើរ​ការ​បោះ​ឆ្នោត គឺ​មិន​មាន​ហេតុ​ផល​ណា ​ដែល​ត្រូវ​ហាម​អ្នក​សារ​ព័ត៌​មាន​នោះ​ទេ។

​លោក​ថ្លែង​ថា​៖ ​«នៅ​ពេល​ទទួល​កាត​សម្គាល់ពី​គ.ជ.ប ​ហើយ ​គឺអាច​ចុះ​យក​ព័ត៌​មាន​តាម​ទីតាំង​[បោះ​ឆ្នោត​]​នីមួយ​ៗ ​បាន​ហើយ។ ប៉ុន្តែ​ត្រូវ​ទៅ​ជូន​ដំណឹង ​ជា​ពិសេសគឺ​[​ទៅ​]​គណៈ​កម្មការ​ការិយា​ល័យ ប្រធាន​ការិយា​ល័យ​តែ​ម្តង រៀប​ចំការ​បោះ​ឆ្នោត ​ព្រោះ​ពេល​ហ្នឹង លោក​មាន​ឆន្ទានុ​សិទ្ធិ ក្នុង​ការ​អនុញ្ញាត​ឱ្យ​យើង​ចូល​ ឬ​មិន​ចូល អនុញ្ញាត​ឱ្យ​ថត ឬ​មិន​ថត​ គឺ​ប្រធាន​ការិ​យាល័យ​រាប់​សន្លឹក​ឆ្នោត​ហ្នឹង​ហើយ»។

​លោក ហង្ស ពុទ្ធា បន្ថែមថាអ្នក​សារ​ព័ត៌​មាន ​អាច​ធ្វើជា​លិខិត​លាយ​លក្ខណ៍​អក្សរ​ជូន​ដំណឹង​ទៅ​កាន់​ប្រធាន​មណ្ឌល​បោះ​ឆ្នោត​ដែល​ខ្លួន​ចង់​ចុះ​យក​ព័ត៌​មាន​ជា​មុន ឬ​អាចជូន​ដំណឹង​ដោយ​ផ្ទាល់​ពេល​ចុះទៅ​តាម​មណ្ឌល ឬ​ការិយា​ល័យបោះ​ឆ្នោត​នីមួយ​ៗ។

បើ​តាម​លោក ហង្ស ពុទ្ធា ​ការ​កំណត់ឱ្យ​ប្រធាន​មណ្ឌល​បោះឆ្នោត​នីមួយ​ប្រើ​ប្រាស់​ឆន្ទានុ​សិទ្ធិ​ក្នុង​ថ្ងៃ​បោះ​ឆ្នោតនេះ ដោយ​ហេតុ​ថា​ពួក​គេ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ផ្តល់​របាយ​ការណ៍​បោះ​ឆ្នោត​មក​ឱ្យ​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត។

​លោក​បន្ថែម​ថា​ ក្នុង​ករណី​មាន​ការ​ហាម​ប្រាម​មិន​សប​ស្រប​ណា​មួយ​ អ្នក​សារ​ព័ត៌​មាន​អាចស្នើ​ទៅ​គណៈ​កម្ម​ការ​ឃុំ​សង្កាត់​ ​រៀប​ចំ​ការ​បោះ​ឆ្នោត ឬ​គណៈ​កម្មការ​រាជ​ធានី ​ខេត្ត​រៀប​ចំការ​បោះ​ឆ្នោត។

ក្រៅ​ពី​នេះ លោក ហង្ស ពុទ្ធា ឱ្យ​ដឹង​ទៀត​ថាប្រធាន​មណ្ឌល ​ឬ​ប្រធាន​ការិយា​បោះ​ឆ្នោត​នីមួយ​ ក៏មាន​ឆន្ទានុ​សិទ្ធិហាម​ប្រាម​មិន​ឱ្យ​ប្រជាពល​រដ្ឋចូលក្នុង​មណ្ឌល​បោះ​ឆ្នោត​ ដើម្បី​សង្កេត​ការ​រាប់​សន្លឹក​ឆ្នោត និង​មាន​សិទ្ធិ​បិទ​ទ្វារ​បង្អួច​ផង​ដែរ ក្នុង​ករណី​មាន​ភ្លៀង​ខ្យល់​ និង​ការ​រំខាន ​ឬសកម្ម​ភាពរំខានណា​មួយ​ ​ដែលអាចប៉ះ​ពាល់​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​។

​បើ​តាម​លោក ហង្ស ពុទ្ធា ស្ថាប័ន​គ.ជ.ប ​បាន​ផ្តល់​កាត​ដល់អ្នក​សារ​ព័ត៌​មាន​សម្រាប់ចុះ​យក​ព័ត៌​មាន ​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ខាង​មុខ មាន​ចំនួន​ជាង​១​៥០០​នាក់ ដោយ​ក្នុង​នោះ អ្នក​សារ​ព័ត៌​មាន​ជាតិ​ ​មាន​ចំនួន​៧៤២​នាក់ និង​អ្នក​សារ​ព័ត៌​មាន​អន្តរ​ជាតិ​មាន​ចំនួន​៨០៣​នាក់​ និង​កំពុង​ពិនិត្យ​ចំនួន​១៨​នាក់​ផ្សេង​ទៀត​។

​កាតដែល​ចេញ​ដោយស្ថាប័នគ.ជ.ប​នេះ ​ប្រើ​បាន​សម្រាប់តែ​ការបោះ​ឆ្នោត​តែ​ប៉ុណ្ណោះ​ ​ដែល​វា​ខុស​គ្នា​ពី​កាត​ដែល​ចេញ​ដោយ​ក្រសួង​ព័ត៌​មាន។

នាយក​ប្រតិបត្តិ​នៃ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌​មាន​កម្ពុជា​ហៅ​កាត់​ថា​ខេមបូចា លោក ណុប វី ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ការ​កំណត់​នូវវិសាល​ភាព​របស់ស្ថាប័ន​គ.ជ.ប បែប​នេះ​ អាចប៉ះ​ពាល់​ដល់សេរី​ភាព​របស់​អ្នក​សារ​ព័ត៌​មាន ​ព្រោះស្ថាប័ន​គ.ជ.ប ​បាន​ទទួល​ស្គាល់ និង​ចេញ​កាត​ឱ្យអ្នក​សារ​ព័ត៌​មាន​សម្រាប់​រាយការណ៍​នៅ​ថ្ងៃ​បោះ​ឆ្នោត​រួច​ហើយ។

លោក​ថ្លែង​ថា​៖ «អ្វី​ដែល​ជា​ចំណុច​សំខាន់​ នៅ​ក្នុង​ច្បាប់​បោះ​ឆ្នោត​ ឬក្នុង​នីតិ​វិធី​ គ.ជ.ប គួរ​តែ​មាន​ការ​ប្រយ័ត្ន​ប្រយែង​ដែរ​ នៅ​ក្នុង​ការ​កំណត់​អំពី​ព្រំដែន​ដែល​វា​អាច​នឹង​មាន​ផល​ប៉ះ​ពាល់​ទៅ​ដល់​ការ​អនុវត្ត​សេរី​ភាព​របស់​អ្នក​សារ​ព័ត៌មាន​ ដែល​មាន​ការគាំទ្រ និង​ធានា​ឱ្យ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ហ្នឹង​បាទ​»។

​លោក​ កន សាវាង្ស ម​ន្ត្រី​សម្រប​សម្រួល​ជាន់​ខ្ពស់​នៃ​អង្គការ​ខុម​ហ្វ្រែល យល់ថា ក្នុង​ដំណើរ​ការ​បោះឆ្នោតត្រូវ​បង្ក​ការ​ងាយ​ស្រួល​ដល់ការ​បំពេញ​ការងារ​អ្នក​សារ​ព័ត៌​មាន​ឱ្យ​បាន​ទូលំ​ទូលាយ ព្រោះបើ​ប្រធានមណ្ឌល​បោះ​ឆ្នោត ឬ​ការិ​យា​ល័យ​ណា​មួយ​ហាម​ឃាត់​អ្នក​សារ​ព័ត៌​មាន​មិន​ឱ្យ​យក​ព័ត៌​មាន ​នោះអាច​នឹង​ធ្វើ​ឱ្យ​មាន​ការសង្ស័យ​ថាមាន​ការ​ប្រព្រឹត្ត​អ្វីខុស​ឆ្គង​នៅ​ទីតាំង​នោះ។

​លោក​ថ្លែង​ថា៖ «​ជា​ទូទៅ​ព័ត៌​មាន​ ត្រូវ​បើក​ឱ្យ​កាន់​តែ​ទូលំ​ទូលាយ​ ​សម្រាប់​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​ ឬ​ក៏​សម្រាប់​ដំណើរ​ការ​ ដែល​មិន​មាន​ការ​លាក់​លាម ​គឺ​ថា​ត្រូវ​ផ្តល់​ឱ្យ​មាន​ភាព​ស្មើ​គ្នា​ ​ប៉ុន្តែ​ក៏​ត្រូវ​គោរព​នូវ​ក្រម​សីល​ធម៌​ ឬ​ក៏​ច្បាប់​ដែល​មាន​ចែង អាហ្នឹង​ជា​ការ​មួ​យ​ត្រឹម​ត្រូវ។ បើ​សិន​ជា​មាន​ការ​ហាម​ឃាត​ ដាច់​ណាត ឬ​ជួន​កាល​ខ្លួន នៅ​កន្លែង​នោះ ​រៀប​ចំមួយ​ មានស្អី​ដែល​គួរឱ្យ​សង្ស័យ​ [ជា]​ឧទាហរណ៍ បើ​យើង​មិន​ឱ្យ​គេ​ អាហ្នឹង វា​ម៉េច​ត្រូវ។ វា​បង្កើត​ការ​សង្ស័យ​»។

លោក​បន្ថែម​ថា​ច្បាប់បោះ​ឆ្នោត​មិនបាន​ចែងក្នុង​ការ​ហាម​ប្រាម ​ឬ​ហាម​ឃាត់​អ្នក​សារ​ព័ត៌​មាន​មិន​ឱ្យ​យក​ព័ត៌​មាន​នៅ​កន្លែង​ណា​មួយ​នោះ​ទេ លុះ​ត្រា​តែ​ប៉ះ​ពាល់​ភាព​សម្ងាត់​នៃ​ដំណើរ​ការ​បោះ​ឆ្នោត។ ដោយឡែក​លោក​យល់​ថា«ក្រម​សីល​ធម៌»ដែល​មាន​ចែង​ក្នុង​ច្បាប់​បោះ​ឆ្នោត គួរ​តែ​ចែង​ឱ្យ​បាន​ច្បាស់​ ព្រោះ​វា​នៅ​តែ​មា​ន​ការ​បក​ស្រាយ​មិនច្បាស់​លាស់ អំពី​ការ​អនុវត្តការងារ៕