ឧក្រិដ្ឋកម្ម​នៃ​ការ​បង្ខំ​ឲ្យ​រៀបការ និង​ការ​បង្ខំ​ឲ្យ​មាន​ផ្ទៃពោះ​ក្នុង​របប​ខ្មែរ​ក្រហម​មិន​ត្រូវបាន​«‍យក​ចិត្ត​ទុក​ដាក់»

អ្នកនាង Ana Salvá អ្នក​រាយការណ៍​ក្រៅ​ក្រប​ខ័ណ្ឌ​ជនជាតិ​អេស្ប៉ាញ​ម្នាក់​ប្រចាំ​ទីក្រុង​បាងកក ប្រទេស​ថៃ បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា និង​សម្ភាសន៍​ស្ត្រី​ខ្មែរ​អំពី​អំពើ​ហិង្សា​យេនឌ័រ។ ថ្មីៗ​នេះ អ្នកនាង​បាន​សរសេរ​អត្ថបទ​របាយការណ៍​មួយ​ស្តី​អំពី​ឧក្រិដ្ឋកម្ម​នៃ​ការ​បង្ខំ​ឲ្យ​រៀបការ និង​ការ​មាន​ផ្ទៃ​ពោះ​ទាំង​បង្ខំ នៅ​ក្រោម​របប​ខ្មែរ​ក្រហម​ដែល​ត្រូវបាន​ចុះ​ផ្សាយ​ដោយ​ the Diplomat។ (រូបថត​ដក​ស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ Ana Salvá)

នាពេល​ថ្មីៗនេះ នាង Ana Salvá អ្នក​រាយការណ៍​ក្រៅ​ក្រប​ខ័ណ្ឌ​ជនជាតិ​អេស្ប៉ាញ​ម្នាក់​ប្រចាំ​ទីក្រុង​បាងកក ប្រទេស​ថៃ បាន​រាយការណ៍​ថា ​សិទ្ធិ​បន្ត​ពូជ​របស់​ស្រ្តី​កម្ពុជា​នៅ​ក្រោម​របប​ខ្មែរ​ក្រហម​មិន​ត្រូវបាន​យក​ចិត្ត​ទុក​ដាក់ នៅក្នុង​អត្ថបទ​របាយការណ៍​របស់​នាង ដែល​ចេញ​ផ្សាយ​ដោយ Diplomat។

កំណត់​និពន្ធ៖ បទ​ល្មើស​ឧក្រិដ្ឋកម្ម​នៃ​អំពី​ការ​បង្ខំ​ឲ្យ​មាន​ផ្ទៃ​ពោះ​ មិន​សូវ​បាន​លើក​ឡើង​នៅ​ក្នុង​ដំណើរការ​កាត់​ទោស​របស់​តុលាការ​ណាមួយ​នៅ​ក្នុង​ពិភព​លោក​ឡើយ ទោះបីជា​ឧក្រិដ្ឋកម្ម​នេះ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត និង​រាងកាយ​របស់​ស្រ្តី​យ៉ាង​ធ្ងន់ធ្ងរ​ក៏ដោយ។ ប៉ុន្តែ​ នៅ​តុលាការ​ខ្មែរក្រហម អ្នក​នៅ​រស់រាន​ពី​ឧក្រិដ្ឋកម្ម​នេះ​ បាន​រៀបរាប់​អំពី​រឿងរ៉ាវ​របស់​ពួកគេ ទោះបីជា​តុលាការ​មិន​បាន​លើក​បង្ហាញ​ពី​ឧក្រិដ្ឋកម្ម​នេះ​ឲ្យ​ចំ​ក៏​ដោយ។ នាពេល​ថ្មីៗនេះ នាង Ana Salvá អ្នក​រាយការណ៍​ក្រៅ​ក្រប​ខ័ណ្ឌ​ជនជាតិ​អេស្ប៉ាញ​ម្នាក់​ប្រចាំ​ទីក្រុង​បាងកក ប្រទេស​ថៃ បាន​រាយការណ៍​ថា ​សិទ្ធិ​បន្ត​ពូជ​របស់​ស្រ្តី​កម្ពុជា​នៅ​ក្រោម​របប​ខ្មែរ​ក្រហម​មិន​ត្រូវបាន​យក​ចិត្ត​ទុក​ដាក់ នៅក្នុង​អត្ថបទ​របាយការណ៍​របស់​នាង ដែល​ចេញ​ផ្សាយ​ដោយ Diplomat។ នាង​បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​នាង ទែន សុខស្រីនិត នៃ​វីអូអេ​តាម​ទូរស័ព្ទ​អំពី​សេចក្តី​រាយការណ៍​នេះ។

Your browser doesn’t support HTML5

បទ​សម្ភាសន៍ VOA៖ ឧក្រិដ្ឋកម្ម​នៃ​ការ​បង្ខំ​ឲ្យ​រៀបការ និង​ការ​បង្ខំ​ឲ្យ​មាន​ផ្ទៃពោះ​ក្នុង​របប​ខ្មែរ​ក្រហម​មិន​ត្រូវបាន​«‍យក​ចិត្ត​ទុក​ដាក់»

ហេតុអ្វី​បាន​អ្នកនាង​សរសេរ​អំពី​ការ​បង្ខំ​ឲ្យ​រៀបការ​ និង​ការ​មាន​ផ្ទៃពោះ​ទាំង​បង្ខំ​នៅក្នុង​សម័យ​ខ្មែរ​ក្រហម?

Ana Salvá៖ នៅ​ពេល​ខ្ញុំ​បាន​មក​ដល់​តំបន់​អាស៊ីអាគ្នេយ៍​កាលពី​ឆ្នាំ២០១៤ ខ្ញុំ​បាន​ចាប់ផ្ដើម​សរសេរ និង​សិក្សា​អំពី​កម្ពុជា​ ហើយនិង​អំពី​ហិង្សា​យេនឌ័រ។ អត្រា​នៃ​អំពើ​ហិង្សា​យេនឌ័រ​នៅ​ប្រទេស​កម្ពុជា មាន​កម្រិត​ខ្ពស់​បំផុត ដែល​ធ្វើឲ្យ​ខ្ញុំ​ចាប់​អាម្មណ៍​យ៉ាង​ខ្លាំង។ ខ្ញុំបាន​អាន​របាយ​ការណ៍​ឆ្នាំ​២០១៤​របស់​អង្គការ​សហប្រជាជាតិ ដែល​បង្ហាញ​ថា ក្នុង​ចំណោម​ស្រ្តី​ប្រាំនាក់ មាន​ស្ត្រី​ម្នាក់​ទទួល​រង​ការ​រំលោភបំពាន​ផ្លូវ​ភេទ ហើយ​មាន​បុរស​ប្រាំ​ភាគរយ បាន​សារភាព​ថា​ បាន​រំលោភ​ជា​ក្រុម ឬ​ហៅ​ថា​រំលោភ​បូក។ ខ្ញុំ​បាន​សិក្សា​អំពី​ចំនួន​តួលេខ​ដ៏​ខ្ពស់​នេះ។

​ខ្ញុំ​បាន​ព្យាយាម​និយាយ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​អំពី​តួលេខ​ដ៏​ខ្ពស់​នេះ។ អង្គការ​ទាំង​នេះ​បាន​ចង្អុល​បង្ហាញ​ថា គ្រឿង​ស្រវឹង​គឺជា​មូលហេតុ​ចម្បង​មួយ​នៃ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​នេះ។ ក៏​ប៉ុន្តែ យើង​ក៏​ដឹង​ដែរ​ថា នៅ​តាម​ប្រទេស​ផ្សេង​ទៀត បុរស​ផឹក​គ្រឿង​ស្រវឹង​ដូច​គ្នា។ តែ​តាម​ខ្ញុំ​ដឹង ប្រទេស​កម្ពុជា​មាន​តួលេខ​នៃ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​យេនឌ័រ​នេះ​ខ្ពស់​ជាង​គេ​មួយ។

ដូច្នេះ ខ្ញុំ​បាន​និយាយ​ជាមួយ​អ្នក​ជំនាញ​ផ្សេង​ទៀត ដែល​បាន​បង្ហាញ​ប្រាប់​ខ្ញុំ​ថា វា​អាច​កើតឡើង​ដោយ​សារ​តែ​អំពើ​ហិង្សា​នៅ​ក្នុង​របប​ខ្មែរ​ក្រហម ដែល​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​មក​ដល់​បច្ចុប្បន្ន​នេះ។ អ៊ីចឹង ខ្ញុំ​បាន​ចាប់ផ្តើម​អាន​អំពី​របប​នេះ។ ខ្ញុំ​បាន​ស្នាក់នៅ​ប្រទេស​កម្ពុជា​ចំនួន​ពីរ​សប្ដាហ៍ ហើយ​ឃើញ​ថា អ្នក​នៅ​រស់​ពី​របប​ខ្មែរក្រហម នៅតែ​ទន់ខ្សោយ​មិន​ហ៊ាន​និយាយ​អំពី​រឿងរ៉ាវ​ទាំង​ឡាយ​នៅ​ឡើយ។ ពួកគេ​នៅតែ​ខ្លាច​នឹង​ការ​រាយការណ៍​ពី​ការ​រំលោភ​បំពាន​នេះ។ តែ​ក្នុង​ករណី​មួយ​ភាគ​ធំ ពួកគេ​បាន​រាយការណ៍។

អ៊ីចឹង​ហើយ​ខ្ញុំក៏​ចាប់ផ្តើម​ចាប់​អារម្មណ៍​លើ​ការ​រៀបការ​ទាំង​បង្ខំ និង​ការ​បង្ខំ​ឲ្យ​មាន​ផ្ទៃពោះ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​នេះ។ នៅពេល​ខ្ញុំ​បាន​ទៅ​ប្រទេស​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ​ ខ្ញុំ​បាន​ឮ​ជា​លើក​ដំបូង​ដែល​អ្នក​នៅ​រស់​ពី​របប​ខ្មែរ​ក្រហម និយាយ​អំពី​ការ​បង្ខំ​ឲ្យ​រៀបការ។

តើ​អ្នកនាង​គិតថា សាធារណជន​ចាំបាច់​ត្រូវ​យល់ដឹង​អំពី​ការ​រៀបការ​ទាំង​បង្ខំ និង​ការ​បង្ខំ​ឲ្យ​មាន​ផ្ទៃពោះ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​នេះ​ដែរ​ឬ​ទេ?

Ana Salvá៖ ខ្ញុំ​មិន​ដឹង​ទេ​ថា សាធារណជន​ទូទៅ​មាន​ចំណាប់​អារម្មណ៍​ចំពោះ​រឿងរ៉ាវ ដែល​បាន​កើតឡើង​ជា​យូរ​មក​ហើយ​នោះ​ទេ។ ប៉ុន្តែ ខ្ញុំ​គិត​ថា យើង​ចាំ​បាច់​ត្រូវតែ​យល់ដឹង​អំពី​មូលហេតុ និង​កត្តា​ដែល​នាំ​ឲ្យ​រឿងរ៉ាវ​ទាំង​នេះ​បាន​កើត​ឡើង ហើយ​ដើម្បី​ត្រូវ​យល់​អំពី​បច្ចុប្បន្នភាព​ផងដែរ។ វា​មាន​សារសំខាន់​ចំពោះ​ការ​ការពារ​ទប់ស្កាត់ ហើយ​រឿងនេះ​គួរតែ​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​សារព័ត៌មាន ដើម្បី​ការ​ការពារ​ទប់ស្កាត់ និង​ឲ្យ​ដឹង​ថា ហេតុអ្វី​បាន​ជា​រឿង​ដូច្នេះ​កំពុង​តែ​កើត​ឡើង​ដល់​សព្វថ្ងៃ​នេះ ហើយ​មូលហេតុ​ដែល​វា​បាន​កើត​ឡើង​ពី​អតីតកាល​ដែរ។

តើ​អ្នកនាង​យល់​យ៉ាងណា​អំពី​នីតិវិធី​របស់​តុលាការ ទាក់ទង​នឹង​ជន​រងគ្រោះ​ដោយ​ការ​បង្ខំ​ឲ្យ​រៀបការ​ និង​ការ​បង្ខំ​មាន​ផ្ទៃពោះ​នេះ​នៅ​ក្រោម​របប​ខ្មែរ​ក្រហម?

Ana Salvá៖ អ្វី​ដែល​ខ្ញុំ​បាន​ដឹង​គឺថា ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​លើ​ស្រ្តី មិនទាន់​ស្ថិត​ក្នុង​ប្រព័ន្ធ​តុលាការ​ឲ្យ​បាន​ពេញ​លេញ​នៅ​ឡើយ​ទេ។ នេះ​មិនមែន​តែ​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​ប្រទេស​កម្ពុជា​ទេ នៅ​ប្រទេស​ផ្សេង​ក៏​អ៊ីចឹង​ដែរ។ ខ្ញុំ​គិតថា វា​ជា​រឿង​សំខាន់​ដែល​ត្រូវ​លើក​ឡើង​ដែរ​ថា ចៅក្រម​មាន​ការ​លំបាក​ក្នុង​ការ​កាត់ក្ដី​ពាក់ព័ន្ធ​នឹង​ការ​បង្ខំ​ឲ្យ​រៀបការ ដែល​ជា​បទល្មើស​មួយ​ពាក់ព័ន្ធ​នឹង​បុរស និង​ស្រ្តី។ ចំណុច​នេះ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ចៅក្រម។ ប៉ុន្តែ បទល្មើស​នៃ​ការ​បង្ខំ​ឲ្យ​មាន​ផ្ទៃ​ពោះ មិនមែន​ជា​ការ​លំបាក​សម្រាប់​ចៅក្រម​ទេ ព្រោះ​វា​ជា​ឧក្រិដ្ឋកម្ម​ពាក់ព័ន្ធ​នឹង​ស្រ្តី។

ការ​បង្ខំ​ឲ្យ​មាន​ផ្ទៃ​ពោះ​ត្រូវបាន​មើល​ឃើញ​ថា ជា​រឿង​ធម្មតា​មួយ​ដែល​កើត​ចេញពី​ការ​រៀបការ មិនមែន​ជា​ឧក្រិដ្ឋកម្ម។​ តាមពិត​ ការ​បង្ខំ​ឲ្យ​មាន​ផ្ទៃពោះ​អាច​កាត់​ទោស​ជា​ឧក្រិដ្ឋកម្ម​បាន។​ ប៉ុន្តែ មូលហេតុ​នោះ​គឺថា តុលាការ​គ្មាន​ឆន្ទៈ​ក្នុងការ​កាត់​ក្តី​ឧក្រិដ្ឋកម្ម​លើ​យេនឌ័រ​បែប​នេះ នៅក្នុង​របប​[ខ្មែរ​ក្រហម]​នោះ។ មិនមែន​តែ​នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ វា​កើតឡើង​នៅក្នុង​ប្រទេស​ផ្សេងៗ​ទៀត​ដែរ ដែល​មាន​ស្រ្តី​ជាច្រើន​គេច​វេស​ពី​ប្រព័ន្ធ​តុលាការ។

តើ​អ្នកនាង​គិត​ថា ការ​ខ្វះខាត​ទិន្នន័យ​ស្តី​អំពី​ការ​បង្ខំ​ឲ្យ​មាន​ផ្ទៃពោះ ​ដោយ​សារ​តែ​ការ​បង្ខំ​ឲ្យ​រៀបការ​នេះ​នៅក្នុង​របប​ខ្មែរក្រហម បណ្តាល​ឲ្យ​តុលាការ​មិន​សូវ​ចាប់​អារម្មណ៍​លើ​ឧក្រិដ្ឋកម្ម​នេះ​ដែរ​ឬ​ទេ?

Ana Salvá៖​ ខ្ញុំ​អាច​និយាយ​បាន​ថា មាន​ការ​ខ្វះខាត​ទិន្នន័យ​ជា​ច្រើន និង​គ្មាន​ពេល​វេលា​ដើម្បី​ដាក់​បញ្ចូល​សំណុំ​រឿង​នេះ​ទៅក្នុង​តុលាការ។ ប៉ុន្តែ​ជាក់ស្តែង មាន​របាយការណ៍​បង្ហាញ​ថា នៅក្នុង​របប​ខ្មែរ​ក្រហម​មាន​ស្រ្តី​យ៉ាង​តិច​ណាស់​ក៏​ចំនួន​ពាក់​កណ្តាល​ដែរ ដែល​មាន​ផ្ទៃពោះ​ដោយសារ​ការ​បង្ខំ​ឲ្យ​រៀបការ។ មាន​អ្នក​នៅ​រស់​ពី​របប​ខ្មែរ​ក្រហម​ជា​ច្រើន​នាក់ ដែល​ឆ្លងកាត់​បទ​ពិសោធន៍​នេះ។ តែ​ខ្ញុំ​គិត​ថា ឧក្រិដ្ឋកម្ម​មួយ​នេះ​កំពុង​មិន​ត្រូវបាន​យក​ចិត្ត​ទុក​ដាក់។

តាមរយៈ​ការ​សិក្សា​អំពី​សំណុំ​រឿង​ទាំងអស់​នេះ តើ​អ្នកនាង​បាន​កត់សម្គាល់​ឃើញ​អ្នក​នៅ​រស់​ពី​របប​ខ្មែរ​ក្រហម ដែល​ជា​ស្ត្រី​រងគ្រោះ​ស្ទាក់ស្ទើរ​នឹង​និយាយ​ប្រាប់​រឿងរ៉ាវ​របស់​ពួកគេ​ឲ្យ​បាន​អស់​សេចក្តី​ដែរ​ឬ​ទេ?

Ana Salvá៖ តាម​បទ​ពិសោធន៍​របស់​ខ្ញុំ​និយាយ​ជាមួយ​អ្នក​នៅរស់​ពី​សម័យ​ខ្មែរ​ក្រហម ដែល​ជា​ជន​រងគ្រោះ​ដោយ​អំពើ​ហិង្សា គឺថា មាន​ការ​ភ័យខ្លាច​ច្រើន​ក្នុងការ​និយាយ​ពី​ការ​រំលោភ​បំពាន​នេះ។​ ការ​បកស្រាយ​របស់​ពួកគេ​មិន​សូវបាន​ល្អ​សោះ គឺ​ថា ពួកគេ​និយាយ​ត្រឡប់​ចុះ​ត្រឡប់​ឡើង​ ពី​នេះ​បន្តិច​ពី​នោះ​បន្តិច។ មាន​ការ​ខ្លាច​រអារ មិន​ហ៊ាន​រាការណ៍​ប្រាប់​ពី​រឿង​នេះ ហើយ​ពួកគេ​ខ្លាច​មាន​ផល​លំបាក​ដែល​មិនអាច​ដំណើរការ​ទៅ​បាន។ មួយ​ភាគ​ធំ​មាន​ពាក់ព័ន្ធ​នឹង​ការ​រើសអើង​ច្រើន ដូចជា​ការ​រើសអើង​ពី​សហគមន៍ ពី​ក្រុម​គ្រួសារ ពី​ការ​ប្រកាន់​ថា ពួកគេ​មិន​អាច​រៀបការ​បាន។ ព្រហ្មចារី​របស់​ស្ត្រី​មាន​សារសំខាន់​ខ្លាំង​ណាស់​នៅក្នុង​ប្រទេស​កម្ពុជា។ មាន​ការ​យល់​ឃើញ​ថា ប្រសិន​បើ​អ្នក​មិន​នៅ​ព្រហ្មចារី គឺ​អ្នក​មិន​បរិសុទ្ធ​ទេ អ៊ីចឹង​អ្នក​នឹង​មិន​អាច​រៀបការ​បាន​ឡើយ។

ខ្ញុំ​មិនមែន​ជា​អ្នក​ជំនាញ​ទេ ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​រាយការណ៍​ម្នាក់​តែ​ប៉ុណ្ណោះ។ តែ​តាម​បទសោធន៍​ដែល​ខ្ញុំ​និយាយ​ជាមួយ​ស្រ្តី​ជន​រងគ្រោះ​ គឺ​ថា បញ្ហា​ចម្បង​គឺ​ដោយសារ​ការ​រើសអើង​មក​លើ​ជន​រងគ្រោះ និង​ការ​ភ័យខ្លាច​មិន​ហ៊ាន​និយាយ។ ទោះ​ជា​រាយការណ៍​ពី​ការ​រំលោភបំពាន​នោះ​ក្តី ក៏​ជន​រងគ្រោះ​ប្រហែល​ជា​មិន​ទទួល​បាន​យុត្តិធម៌​ដែរ។ ឧទាហរណ៍ ដូច​សព្វ​ថ្ងៃ​នេះ ស្រ្តី​ជាច្រើន​នាក់​សុខចិត្ត​គេច​ពី​ជន​ដៃដល់​ដែល​ប្រព្រឹត្ត​បទល្មើស ជាជាង​ឡើង​ទៅ​ប្តឹង​នៅ​តុលាការ។

តើ​អ្នកនាង​យល់​យ៉ាងណា​ចំពោះ​អំពើ​ហិង្សា​លើ​ស្រ្តី​ ដែល​នៅតែ​កើត​មាន​ដូច្នេះ​នា​ពេល​បច្ចុប្បន្ន​នេះ?

Ana Salvá៖ តាម​ពិត​ទៅ ខ្ញុំ​មិន​ដឹង​ថា​ហេតុអ្វី​បានជា​ប្រវត្តិសាស្រ្ត​នៃ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​ស្ត្រី​នៅតែ​កើតឡើង​ច្រំ​ដែល​នោះ​ទេ។ ប៉ុន្តែ អ្វី​ដែល​យើង​ដឹង​នោះ​គឺ​ថា ច្បាប់​ឧក្រិដ្ឋកម្ម​អន្តរជាតិ នៅតែ​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​កាត់​ក្តី​លើ​ឧក្រិដ្ឋកម្ម​នៃ​អំពើ​ហិង្សា​យេនឌ័រ ដែល​ប៉ះពាល់​ដល់​ស្រ្តី​នៅ​ទូទាំង​ពិភពលោក ដូចគ្នា​នឹង​ករណី​បង្ខំ​ឲ្យ​មាន​ផ្ទៃពោះ​ជា​ដើម។ ករណី​ជា​ច្រើន​ត្រូវបាន​បំភ្លេច​ចោល។ ជាក់ស្តែង​មក​ទល់​សព្វថ្ងៃនេះ គ្មាន​តុលាការ​អន្តរជាតិ​ណា​មួយ​បាន​កាត់ទោស​ករណី​បង្ខំ​ឲ្យ​មាន​ផ្ទៃពោះ​ឡើយ។ នេះ​គឺជា​ឧបសគ្គ​ក្នុង​ពេល​អនាគត​ផងដែរ ជាពិសេស​គឺ​ការ​ការពារ​ទប់​ស្កាត់​ឧក្រិដ្ឋកម្ម​បែប​នេះ៕