ក្រុមអង្គការដែលធ្វើការពារសិទ្ធិអ្នកកាសែតបានជំរុញឲ្យអាជ្ញាធរកម្ពុជាចាត់វិធានការឲ្យបានហ្មត់ចត់ទៅលើបុគ្គលដែលបានបាញ់អ្នកកាសែតម្នាក់ឲ្យស្លាប់នៅខេត្តសៀមរាប។
បើតាមសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា អ្នកសារព័ត៌មានអនឡាញមកពីអង្គភាពសារព័ត៌មានកម្ពុជាអភិវឌ្ឍន៍ ក្នុងខេត្តសៀមរាប លោក ឈឿង ឈឹង ត្រូវបានបាញ់ប្រហារឲ្យរងរបួសធ្ងន់កាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៤ ហើយបានស្លាប់នៅយប់ម៉ោង ២យប់ ឈានចូលថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៤ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
តាមរយៈសេចក្តីថ្លែងការណ៍ចុះថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៤ អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) បានទទូចឲ្យអាជ្ញាធរកម្ពុជាដាក់ទោសទណ្ឌដើម្បីបញ្ចប់អំពើហិង្សាលើអ្នកកាសែត។
សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា៖ «ឃាតកម្មនេះគួរឲ្យរន្ធត់ ហើយទាមទារឲ្យមានការឆ្លើយតបខ្លាំង។ យើងអំពាវនាវដល់អាជ្ញាធរកម្ពុជាធានាថាគ្រប់ភាគីដែលទទួលខុសត្រូវចំពោះការវាយប្រហារត្រូវបានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ។ យើងក៏ជំរុញឲ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការជាក់ស្តែងដើម្បីបញ្ចប់អំពើហិង្សាលើអ្នកសារព័ត៌មាន»។
បើតាមការអង្កេតរបស់អង្គការអ្នកកាសែតគ្មានព្រំដែន អ្នកកាសែតដែលចុះផ្សាយការកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅកម្ពុជាប្រឈមនឹងអំពើហិង្សាជាញឹកញាប់។ ក្នុងឆ្នាំ ២០១៤ អ្នកយកព័ត៌មាន តាំង ទ្រី ត្រូវបានគេបាញ់សម្លាប់ ខណៈកំពុងស៊ើបអង្កេតទំនាក់ទំនងរវាងកងកម្លាំងសន្តិសុខ និងការជួញដូរឈើនៅភាគខាងត្បូងប្រទេស។
នាយកប្រតិបត្តិសមាគមខេមបូចា លោក ណុប វី បានប្រាប់វីអូអេនៅថ្ងៃអង្គារ ដោយលោកជំរុញឲ្យអាជ្ញាធរដោះស្រាយករណីកន្លងមកនៃអំពើហិង្សាលើអ្នកសារព័ត៌មានប្រកបដោយសុច្ចរិត។
លោកបន្ថែមថា៖ «យើងក៏ស្នើសុំសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ពិនិត្យមើលក្នុងករណីផ្សេងៗទៀត ដែលកើតមកលើអ្នកសារព័ត៌មានហើយដែលករណីទាំងអស់នោះស្ថិតនៅក្នុងដំណើរការស៊ើបអង្កេតហ្នឹង សុំឲ្យធ្វើម៉េចពន្លឿនដំណើរការស៊ើបអង្កេតហ្នឹងឲ្យបានប្រសិទ្ធភាព តម្លាភាព ហើយនឹងឈានទៅបញ្ចប់ការស៊ើបអង្កេត ដើម្បីនាំយកជនដៃដល់យកមកផ្ដន្ទាទោស»។
លោក ណុប វី បានកត់សម្គាល់ថា ការដាក់ទោសទណ្ឌទៅលើជនដៃដល់គឺជាការបញ្ចប់ការគំរាមកំហែង ការព្រមានផ្សេងៗទៀត ដែលជាអំពើធ្វើទុក្ខបុកម្នេញទៅលើអ្នកកាសែត។
អ្នកនាំពាក្យក្រសួងព័ត៌មានលោក ទេព អស្នារិទ្ធ ប្រាប់វីអូអេថា ក្រសួងព័ត៌មានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើករណីលបលួចបាញ់ទៅលេីអ្នកសារព័ត៌មានឱ្យបាត់បង់ជីវិតនោះ។ លោកបន្ថែមថា ក្រោយកើតហេតុភ្លាមៗ ជនដៃដល់ត្រូវបានចាប់ខ្លួន និងកំពុងស្ថិតក្នុងនីតិវិធី។
លោកបញ្ជាក់ថា៖ «ក្រសួងព័ត៌មានក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាជានិច្ចកាលតែងតែផ្តល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះតួនាទីរបស់អ្នកសារព័ត៌មានរបស់យើង ដោយបានបន្តលើកកម្ពស់ លើកស្ទួយសិទ្ធិសេរីភាពខាងផ្នែកសារព័ត៌មាន ដែលបានការពារនិងផ្តល់ឲ្យដោយរដ្ឋធម្មនុញ្ញកម្ពុជានិងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ព្រមទាំងបាននិងកំពុងបន្តផ្តល់នូវបរិយាកាសអំណោយផលសម្រាប់ការប្រកបអាជីពជាអ្នកកាសែតនៅក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា»។
សេរីភាពសារព័ត៌មាននៅកម្ពុជាបានធ្លាក់ចុះជាលំដាប់ចាប់តាំងពីឆ្នាំ ២០១៧ នៅពេល ដែលអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន បង្ក្រាបប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដោយបង្ខំឲ្យស្ថាប័នល្បីៗ ដូចជាសំឡេងប្រជាធិបតេយ្យ ត្រូវបិទដំណើរការ។ រដ្ឋាភិបាលបានដកហូតអាជ្ញាប័ណ្ណក្នុងខែកុម្ភៈ ឆ្នាំ ២០២៣។ នេះបើតាមអង្គការអ្នកកាសែតគ្មានព្រំដែន។
អង្គការការពារអ្នកកាសែតដដែលនេះបន្តទៀតថា រយៈពេលមួយឆ្នាំនៃការកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ហាក់កំពុងបន្តការបង្រ្កាបលើប្រព័ន្ធផ្សព្វផ្សាយដែលចាប់ផ្តើមដោយលោក ហ៊ុន សែន ដែលឪពុករបស់លោក។
អង្គការអ្នកការសែតគ្មានព្រំដែនបានដាក់កម្ពុជាឲ្យជាប់ចំណាត់ថ្នាក់ទី ១៥១ ក្នុងចំណោម ១៨០ ប្រទេស នៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ ២០២៤។ ចំណាត់ថ្នាក់នេះមានន័យថា កម្ពុជាជាប្រទេសមានការគំរាមកំហែងដល់សេរីភាពសារព័ត៌មានយ៉ាង«ធ្ងន់ធ្ងរណាស់»៕