សមាគម​អ្នកសារព័ត៌មាន​ចំនួន​១៤​ចង​សម្ពន្ធភាព​គ្នា​ដើម្បី​ពង្រឹង​ក្រម​សីលធម៌​សេរីភាព​ព័ត៌មាន​នៅ​កម្ពុជា​

រូបឯកសារ៖ អ្នកកាសែត​កម្ពុជា​នាំ​គ្នា​សួរ​ព័ត៌មាន​ពី​សកម្មជន​សិទ្ធិមនុស្ស នៅ​ខាង​ក្រៅ​តុលាការ​ក្រុង​ភ្នំពេញ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧។

សមាគម​សារព័ត៌មាន​ចំនួន១៤ កាល​ពី​ថ្ងៃ​អង្គារ បាន​ចុះ​អនុស្សារណៈ​យោគ​យ​ល់​គ្នា និង​ចង​សម្ពន្ធភាព ដែល​ពួក​គេ​ថា​ដើម្បី​ពង្រឹង​ក្រម​សីលធម៌​វិជ្ជាជីវៈ​អ្នក​សារព័ត៌​មាន និង​ការពារ​សិទ្ធិ​របស់​អ្នក​កាសែត។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៣។

សមាគម​ទាំង​១៤នោះ មាន​ដូច​ជា​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ក្លឹបអ្នកកាសែត​ឯករាជ្យ​ សមាគម​សារព័ត៌មាន​អេឡិចត្រូនិក សមាគម​អ្នកសារព័ត៌មាន​យុវជន​ សមា​គម​អ្នក​កាសែត​ខ្មែរសន្តិ​ភាព​ និង​សមា​គម​សេរី​ភាព​សារ​ព័ត៌​មាន​កម្ពុជា​។

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ការចង​សម្ពន្ធភាព​របស់​សមាគម​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា បញ្ជាក់​ថា​បេសកកម្ម​របស់​ពួក​គេ ​គឺផ្តោត​លើ​ការ​ពង្រឹង​តួនាទី​ស​មាគម​សារ​ព័ត៌​មាន ការ​តម្រង់​ទិស​ក្រម​សីលធម៌​វិជ្ជាជីវៈ​អ្នក​សារ​ព័ត៌​មាន ការ​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លា​យ​និង​មនោគមន៍​វិជ្ជា ការ​បើក​វគ្គ​បណ្តុះ​បណ្តាល និង​ការ​អភិវឌ្ឍ​សមត្ថភាព​អ្នក​សារ​ព័ត៌​មាន​ ការ​ការ​ពារ​សិទ្ធិ​អ្នក​សារ​ព័ត៌​មាន​ ការ​ផ្លាស់​ប្តូរ​បទ​ពិសោ​ធន៍​ និង​បំពេញ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោ​យ​ឈរ​លើ​គោល​ការ​ណ៍​ស្ម័គ្រ​ចិត្ត។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ថែម​ថា​នេះ​ជា​ប្រវត្តិ​សាស្ត្រ​សម្រាប់​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា​ ដែល​សមាគម​អ្នកសារព័ត៌មាន​រហូត​ដល់​១៤​បាន​រួម​គ្នា​ជា​ធ្លុង​មួយ ដោយ​រួម​ទាំង​ចក្ខុវិស័យ​ និង​សកម្ម​ភាព​ការ​ងារ​ច្បាស់​លាស់ ខណៈ​រំពឹង​ថា​នឹង​អាច​ធ្វើ​ការងារ​បន្ថែម​ច្រើន​ទៀត។

លោក ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ដែល​ជា​សមាជិក​នៃ​សម្ពន្ធភាព​នេះ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ការ​រួមគ្នា​បង្កើត​សម្ពន្ធ​សមាគម​អ្នកសារព័ត៌មាន​កម្ពុជា គឺ​ដោយ​សារ​តែ​កន្លង​មក​សមាគម​ទាំង​នោះ​បាន​ធ្វើការ​ដាច់​ដោយ​ឡែក​ពីគ្នា​ ហើយ​មាន​ ការ​ប្រកួត​ប្រជែង​គ្នា។

លោក​បញ្ជាក់​ថា៖ «យើង​ចង់​ឱ្យ​សង្គម​ល្អ ប៉ុន្តែ​យើង​មិន​អាច​រួបរួម​គ្នា​ក៏​មិនបាន។ យើង​ថា​កាសែត​ជា​អំណាច​ទី​៤ អំណាច​អី​បើ​កាសែត អត់​ចេះ​រួមគ្នា​ផង​ហ្នឹង។ រឿង​ខ្លះ​គេ​មិន​ទាន់​វាយ​ផង កាសែត​វា​យ​គ្នា​ឯ​ង​បាត់​ហើយ​ ខ្ញុំ​ឃើញ​មាន​ករ​ណី​អ៊ីចឹង។ សង្គម​មិន​ទាន់​វិនិច្ឆ័យ​ផង ​កាសែត​ហ្នឹង​ដាក់​គ្នា​ឯង។ខ្ញុំ​មិន​ប្រកាន់​ថា គ្នា​ខាង​ណា​ខាង​ណីទេ​ ប៉ុន្តែ​ខ្ញុំ​ចង់​និយា​យ​ថា​អំ​ណាច​ទី​៤អី បើ​យើង​អត់​ចេះ​រួម​គ្នា អំណាច​ទី៤​អី បើ​យើង​អត់​ចេះ​តម្រង់​ទិស​គ្នា»។

បើ​តាម​លោក ហ៊ុយ វណ្ណៈ សម្ពន្ធ​ភាព​នេះ​មិន​មាន​ការ​រៀបចំ​ជា​រចនាសម្ពន្ធ​អ្វី​ឡើយ ដោយ​សារ​តែ​វា​រៀប​ចំ​ឡើង​ជា​យន្ត​ការ​សម្រប​សម្រួល។

សមាគម​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា​មាន​ប្រមាណ​៥០​ស្ថាប័ន ប៉ុន្តែ​សមាគម​មិន​ដល់​១០​ឡើយ​ដែល​មាន​សកម្មភាព និង​រចនា​សម្ពន្ធ​ផ្លូវ​ការ។

លោក ណុប វី នាយក​ប្រតិបត្តិ​នៃ​សមាគម​សម្ពន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា​ខេមបូចា លើក​ឡើង​ថា​ការ​ចង​សម្ពន្ធគ្នា​របស់​ពួកគេ​មាន​ប្រសិទ្ធភាព​ឬ​យ៉ាង​ណា គឺ​អាស្រ័យ​លើ​ឯករាជ្យភាព​ លទ្ធភាព និង​សមត្ថភាព​របស់​សម្ពន្ធ ដើម្បី​ធ្វើ​ការងារ​សម្រាប់​ផល​ប្រយោជន៍​របស់​អ្នក​សារព័ត៌មាន។ លោក​បន្ថែម​ថា​ បើ​សិន​ជា​ការ​ចង​សម្ពន្ធ​ភាព​នេះ​ស្ថិត​នៅ​ក្នុង​រចនា​សម្ពន្ធ​របស់​រដ្ឋា​ភិបាល​ នោះ​វានឹ​ង​មិន​មាន​ភាព​ឯករាជ្យ ជា​ពិ​សេស​មិន​អាច​ធ្វើ​ការ​ងារ​ដែ​ល​អាច​ជួយ​ដល់​ការ​លើក​កម្ពស់​សេរី​ភាព​សារព័​ត៌មាន​បាន​ឡើយ។

លោក​បញ្ជាក់​ថា៖ «បើ​សិន​ជា​មាន​រចនា​សម្ពន្ធ​នៃ​ការ​សម្រេច​ចិត្ត​មួយ​ដែល​គ្រប់គ្រង ដឹកនាំ​ទៅ​ដោយ​រដ្ឋាភិបាល​ ខ្ញុំ​បារម្ភ​ថា​យើង​នឹង​មិន​អាច​ធ្វើ​កិច្ច​ការអី​ដើ​ម្បី​ជួយ ជា​ពិសេ​ស​សំ​ខាន់​បំផុត​នោះ គឺ​ការ​លើក​កម្ពស់​នៃ​សេរី​ភាព និង​សិទ្ធិ​របស់​អ្នកសារ​ព័ត៌​មាន​ហ្នឹង»។

អ្នកនាំ​ពាក្យ​ក្រសួង​ព័ត៌មាន ​លោក​ មាស សុភ័ណ្ឌ ​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា​ការ​ចង​សម្ពន្ធភាព​របស់​សមាគម​ទាំង​នោះ ជា​គំនិត​ផ្តួច​ផ្តើម​វិជ្ជមាន ដែល​នឹង​នាំ​ឱ្យ​ពួកគេ​កាន់តែ​រឹង​មាំ មាន​លទ្ធភាព​ ជាពិសេស​ពង្រឹង​នូវក្រម​សីលធម៌​វិជ្ជាជីវៈ​ដល់​អ្នក​សារព័​ត៌មាន​នៅកម្ពុជា។

លោក​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖ «ខ្ញុំ​យល់ឃើ​ញ​ថា​ការ​ចង​ស​ម្ពន្ធ​ភាព​នេះ​នឹង​ផ្តល់​ផល​ប្រយោជន៍​ច្រើន​ដល់​អ្នក​សារព័ត៌មាន​និង​អាច​រួម​ចំណែក​ច្រើន​ក្នុង​ការ​លើក​កម្ពស់​គុណ​ភាព​សារ​ព័ត៌​មាន ​និង​ជួយ​ពង្រឹង​ការ​អនុវត្ត​តួនា​ទី​ភារកិច្ច​របស់អ្នកសារព័ត៌​មាន​ប្រក​ប​ដោយ​ក្រម សីល​ធម៌​វិជ្ជាជីវៈ ​និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ​ដើ​ម្បី​ចូល​រួម​អភិវឌ្ឍ​វិស័យ​សារព័ត៌មាន និង​សោត​ទស្សន៍​នៅ​កម្ពុជា​កាន់​តែ​ល្អ​ប្រសើរ ​និង​រីក​ច​ម្រើន​បន្ថែម​ទៀត»៕