សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ឬ ហៅកាត់ថា ខេមបូចា នៅថ្ងៃពុធនេះ បានទទូចឲ្យតុលាការទម្លាក់ ចោលបទចោទប្រកាន់ប្រឆាំងអតីតអ្នកកាសែតអាស៊ីសេរីពីររូបគឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា និងអ្នកបកប្រែឲ្យសារព័ត៌មានរុស្ស៊ី RT (Russia Today) ម្នាក់ទៀត គឺលោក រ៉ាត់ រត្នមុនី។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនចុះថ្ងៃទី១៥ ខែកក្កដានេះ អង្គការសារព័ត៌មានឯករាជ្យនេះ បានលើកឡើងថា ការបន្តនីតិវិធីក្នុងសំណុំរឿងរបស់អ្នកទាំងបីប៉ះពាល់ដល់សិទ្ធិទទួលបានយុត្តិធម៌ និងជីវភាពរស់នៅរបស់ពួកគេ។
ការទទូចនេះធ្វើឡើង ក្រោយពីតុលាការកំពូល នៅថ្ងៃដដែលនេះ បានសម្រេចតម្កល់សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ឲ្យស៊ើបអង្កេតឡើងវិញ លើសំណុំរឿងរបស់អតីតអ្នកសារព័ត៌មានអាស៊ីសេរីទាំងពីររូប និងបានសម្រេចឲ្យសាលាឧទ្ធរណ៍ជំនុំជម្រះឡើងវិញលើសំណុំរឿងរបស់លោក រ៉ាត់ រត្នមុនី ដោយលើកឡើងថា សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍«មិនត្រឹមត្រូវ»។
សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាបានសរសេរថា៖
«ខេមបូចាយល់ឃើញថា ការសម្រេចឲ្យធ្វើការស៊ើបអង្កតឡើងវិញលើសំណុំរឿងអតីតអ្នកសារព័ត៌មានវិទ្យអាស៊ីសេរី គឺជាការបន្តគំរាមកំហែង និងធ្វើឲ្យមានភាពភ័យខ្លាចចំពោះការប្រើប្រាស់សេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិដែលកំពុងតែបន្តធ្លាក់ចុះចាប់តាំងពីឆ្នាំ២០១៧មក»។
សេចក្តីថ្លែងការណ៍របស់អង្គការសារព័ត៌មាននេះបន្តទៀតថា៖
«ខេមបូចាយល់ឃើញដែរថា តុលាការកំពូល គួរតែទម្លាក់ចោលការចោទប្រកាន់លើលោក រ៉ាត់ រត្នមុនី ក្រោយពេលដែលរកឃើញថា សេចក្តីសម្រេចរបស់សាលាឧទ្ទរណ៍ថា«មិនត្រឹមត្រូវ» ប៉ុន្តែតុលាការកំពូលបែរជាសម្រេចឲ្យបញ្ជូនសំណុំរឿងលោក រ៉ាត់ រត្នមុនី ទៅសាលាឧទ្ធរណ៍ដើម្បីជំនុំជម្រះឡើងវិញទៅវិញ»។
លោក យាង សុធារិន្ទ អតីតការីនិពន្ធ និងលោក អ៊ួន ឈិន អតីតអ្នកថតវីដេអូរបស់វិទ្យុអាស៊ីសេរី ត្រូវបានចោទប្រកាន់ពីបទ«ផលិតរូបភាពអាសអាភាស»បន្ថែមលើបទចោទ«ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលអាចធ្វើឱ្យអន្តរាយដល់ការការពារជាតិ» ក្រោយអ្នកទាំងពីរត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០១៧។
ចំណែកលោក រ៉ាត់ រត្នមុនី ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំ ពីបទ«ញុះញង់ឲ្យមានការរើសអើង» បន្ទាប់ពីអតីតមេដឹកនាំសហជីពរូបនេះ បានបកប្រែ និងសម្របសម្រួលឲ្យសារព័ត៌មានរុស្សីថ្ងៃនេះ RT ក្នុងការផលិតខ្សែភាពយន្តឯកសាររឿង«ម្តាយខ្ញុំលក់ខ្ញុំ»។ ខ្សែភាពយន្តនេះ និយាយអំពីការជួញដូរផ្លូវភេទក្មេងស្រីខ្មែរក្រីក្រក្នុងប្រទេសកម្ពុជា ដែលអាជ្ញាធរចាត់ទុកថា ជារឿង«មិនពិត» ហើយធ្វើឲ្យប៉ះពាល់ដល់មុខមាត់ប្រទេសកម្ពុជា៕