អ្នកកាសែត​ម្នាក់​រងការ​ចោទ​ប្រកាន់​ថា ចូល​ទន្ទ្រាន​យក​ដី​រដ្ឋ​ដោយ​ខុសច្បាប់​ក្នុង​ខេត្ត​កោះកុង​​

គេហទំព័រ សារព័ត៌មាន​ «កោះកុង​ព័ត៌មាន​ទាន់​ហេតុការណ៍» (Koh Kong Hot News) ថត​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២១។​ (ថត​ពី​គេហទំព័រ kohkonghotnews.com)

អាជ្ញាធរ​ខេត្ត​កោះកុង​បាន​ចោទ​ប្រកាន់​អ្នក​សារព័ត៌មាន​ម្នាក់​ថា​ស្ថិត​ក្នុង​ចំណោម​ក្រុម​បុគ្គល​ដែល​ចូល​ទៅ​ទន្ទ្រាន​កាន់កាប់​ដីរដ្ឋដោយ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​នៃ​ឧទ្យានជាតិ​បូទុមសាគរ​ក្នុង​ខេត្ត​កោះ​កុង។

បើតាម​សេចក្តី​ប្រកាស​របស់​រដ្ឋបាល​ខេត្តកោះកុង​ចុះ​ហត្ថលេខា​ដោយ​អភិបាល​ខេត្ត​អ្នកស្រី មិថុនា ​ភូថង​ ​កាល​ពី​ថ្ងៃទី​២៦ ខែកញ្ញា​ លោក​ យួន​ ឈីវនាយក​គ្រប់​គ្រង​សារព័ត៌មាន​«កោះកុង​ព័ត៌មាន​ទាន់​ហេតុការណ៍» (Koh Kong Hot News) ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​ធ្វើ​សេចក្តី​រាយការណ៍​«ខុស​ពី​ការ​ពិត​ខ្វះ​វិជ្ជាជីវៈ ខ្វះ​ក្រម​សីលធម៌» ពាក់​ព័ន្ធ​នឹង​ការ​កាត់​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ដែល​នៅ​ជាប់​ប្រទេសថៃ​មួយ​នេះ។

រដ្ឋបាល​ខេត្ត​កោះ​កុង​បាន​បង្ហាញ​នូវ​កាល​បរិច្ឆេទមួយ​ចំនួន​ដែល​បញ្ជាក់​ពី​ការ​ផ្សព្វផ្សាយ​របស់​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​ Koh Kong Hot News និង​គណនី​ហ្វេសប៊ុក​ឈ្មោះ​យួន ឈីវ​ ដែលកាល​ពី​ថ្ងៃទី​២១​ខែ​កញ្ញា​ ដែល​បាន​ចុះផ្សាយ​អត្ថបទ​មាន​ខ្លឹមសារ​ថា​ លោក​សុខ សុទ្ធី​ ដែល​ជា​អភិបាល​រង​ខេត្ត​កោះកុង​មិន​ព្រម​ធ្វើ​តាម​ប្រមុខ​រាជ​រដ្ឋាភិបាល​ពាក់​ព័ន្ធ​នឹង​ការ​កាត់​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ​ហើយ​អាជ្ញាធរ​ខេត្តកោះកុង​ដឹកនាំ​ដោយ​លោក​សុខ សុទ្ធី មក​កាប់​ដំណាំ​និង​ផ្ទះ​ប្រជាពលរដ្ឋគ្មាន​ញញើត​ដៃ​បន្ទាប់​ពី​អនុក្រឹត្យ​លេខ​៣០​អនក្រ.បក​ចុះថ្ងៃ​ទី​២ ខែ​មិថុនា​ឆ្នាំ​២០២១។

សេចក្តី​ប្រកាស​របស់​រដ្ឋបាល​ខេត្ត​កោះ​កុង​ថ្លែង​ថា៖ «រដ្ឋបាល​ស្រុក​បូទុមសាគរ​បាន​ចេញ​លិខិតជូន​ដំណឹង​ចំនួន​២ដង​ឲ្យបុគ្គល​ទាំងឡាយ​ណា​ដែលមាន​ជាប់ពាក់​ព័ន្ធ​នឹង​ការ​ទន្ទ្រាន​កាន់​កាប់​ដី​រដ្ឋ​ដោយខុស​ច្បាប់​សាង​សង់​ខ្ទម​អនាធិបតេយ្យ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​នៃ​ឧទ្យាន​ជាតិ​បូទុមសាគរ​ឲ្យ​ធ្វើ​ការ​រុះ​រើ​ផ្ទះ​ខ្ទម​ទាំងឡាយ​ចេញ​ពី​ទីតាំង​នេះ​ដោយ​ខ្លួនឯង​ប៉ុន្តែ​បុគ្គល​ទន្ទ្រាន​កាន់​កាប់​ដីរដ្ឋ​ទាំងអស់​នោះ​រឹង​ទទឹង​មិនព្រម​សហការ​អនុវត្ត​តាម​សេចក្តី​ជូន​ដំណឹង​របស់​អាជ្ញាធរ»។

រដ្ឋបាល​ខេត្ត​កោះ​កុង​សង្កត់​ធ្ងន់​ថា៖ «ក្នុងចំណោម​បុគ្គល​ដែល​ទន្ទ្រានកាន់​កាប់​ដីរដ្ឋដោយ​ខុសច្បាប់​ហើយ​ត្រូវ​បាន​រដ្ឋបាល​ខេត្ត​កោះកុង​អនុវត្ត​វិធាន​រដ្ឋបាល​ក្នុងនោះ​ក៏មាន​បុគ្គល​ឈ្មោះ​យួន​ឈីវ​ ដែល​ជា​អ្នក​សារព័ត៌មាន​នេះ​ផងដែរ​ទើប​បណ្តាល​ឲ្យ​បុគ្គល​នេះ​ខំប្រឹង​ផ្សព្វផ្សាយ​ព័ត៌មាន​បំភ្លៃ​ការពិត​ដូច្នេះ»៕