ហ្សកដានី​បញ្ជាក់ថា​ពួករដ្ឋឥស្លាម​​បាន​សម្លាប់​អ្នក​បើកយន្ត​ហោះហ្សកដានី​នៅ​ថ្ងៃទី​៣​ខែ​មករា

បុរស​ដែល​គេ​អះអាង​ថា​ជា​អ្នក​បើក​យន្ត​ហោះ​ហ្សកដានី​​ឈ្មោះ ​Muath al-Kasaesbeh ដែល​ត្រូវ​ពួក​រដ្ឋ​ឥស្លាម​ចាប់​ខ្លួន​​ ត្រូវ​បាន​គេ​ឃើញ​ឈរ​នៅ​​ក្នុង​ទ្រុង​មួយ​ក្នុង​រូបថត ដែល​គេ​ថត​​ចេញ​ពី​វីដេអូ​មួយ​គ្មាន​កាល​បរិច្ឆេទ​​ និងគ្មានទី​កន្លែង​​ច្បាស់​ប្រាដក ហើយ​ត្រូវ​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​កាល​ពីថ្ងៃទី​៣ ខែ​មករា​ ឆ្នាំ២០១៥។

កាល​ពី​ថ្ងៃ​អង្គារ​ ប្រទេស​ហ៊្សកដានី ​(Jordan ) បានបញ្ជាក់​ថា ​ពួក​ជន​សកម្មប្រយុទ្ធ​រដ្ឋឥស្លាម (IS) ​ប្រាកដ​ជា​បាន​សម្លាប់​អ្នក​បើក​យន្តហោះ​ហ៊្សកដានី​ម្នាក់​ដែល​ពួក​គេ​បា​ន​ចាប់​ជា​ចំណាប់​ខ្មាំង​ នៅ​ក្រោយ​មាន​ការ​ផ្សាយ​វីដេអូ​មួយ​តាម​បណ្តាញ​អ៊ិនធឺណិត​ ដែល​បានបង្ហាញ​ថា​ អ្នក​បើក​យន្តហោះ​នោះ​ ​ត្រូវ​បាន​ដុត​ទាំង​រស់​រហូត​ដល់​ស្លាប់។

រូប​ទាំង​នេះ​ត្រូវ​បាន​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ ​ក៏ប៉ុន្តែ​ ទូរទស្សន៍​រដ្ឋ​ហ៊្សកដានី​បាន​និយាយ​ថា​ លោក​ Muath al-Kaseasbeh ​បាន​ស្លាប់​តាំង​តែ​ពី​ថ្ងៃ​ទី៣ ខែ​មករា​ម៉្លេះ។

នៅ​ក្នុង​ការ​ផ្សាយ​មួយ​តាម​បណ្តាញ​ Twitter ​ឯកអគ្គរាជ​ទូត​នៃ​ប្រទេស​ហ៊្សកដានី ប្រចាំ​អ.ស.ប.​បាន​និយាយ​ថា​ «លោក​ Muath ​ដែល​ជា​វីរ​បុរស​របស់​យើង​នឹង​ត្រូវ​រំឭក​ជានិច្ច​ជា​និមិត្តរូប​មួយនៃ​សេចក្តី​ក្លាហាន។ ​សូម​ព្រះអាទិទេពប្រសិទ្ធិពរ​ជូន​ព្រលឹង​លោក​និង​ជួយ​ឲ្យ​លោក​ឋិត​នៅ​ក្នុង​សន្តិភាព»។

លោក​ប្រធានាធិបតី​ស.រ.អា.​បាន​មាន​ប្រសាសន៍​ថា​ ប្រសិន​បើ​វីដេអូ​នេះ​បាន​ត្រូវ​រក​ឃើញ​ថា​មាន​ភាព​ត្រឹមត្រូវ​គ្មាន​ការ​ក្លែង​បន្លំ វា​ជា​ការ​បញ្ជាក់​មួយ​ថែម​ទៀត​អំពី «ភាព​កាច​សាហាវ​និង​ភាព​ព្រៃផ្សៃ»របស់​ពួក​រដ្ឋឥស្លាម។​

លោក​ប្រធានាធិបតី​ អូបាម៉ា​ បាន​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​អ្នកកាសែត​ក្នុង​រយៈ​ពេល​ខ្លី​ក្រោយ​ការចេញ​ផ្សាយវីដេអូ​នេះ​ដែល​ហាក់​ដូចជា​បង្ហាញ​អ្នកបើក​យន្តហោះ​នោះ​បាន​ត្រូវ​ដុត​នៅ​ក្នុង​ទ្រុងមួយ។​

លោក​ អូបាម៉ា​ បាន​មាន​ប្រសាសន៍​ថា ​ប្រសិន​បើ​ត្រូវបញ្ជាក់​ថា​ពិត​ វីដេអូ​នេះ​នឹង​«បង្កើន​ការប្រុងប្រយ័ត្ន​និង​ការ​ប្តេជ្ញា​ចិត្ត»​របស់​ក្រុម​ចម្រុះ​ដឹក​នាំ​ដោយ​ស.រ.អា.​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ពួក​ជន​សកម្មប្រយុទ្ធ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ប្រទេស​ស៊ីរី​ដើម្បី​ធ្វើឲ្យ​ប្រាកដ​ប្រជា​ថា​ ក្រុម​នេះ​នឹង​ថមថយ​កម្លាំង​និង​ទទួល​បរាជ័យនៅ​ទី​បញ្ចប់។

លោក​ Kaseasbeh ​បាន​ធ្វើការ​ឲ្យ​ក្រុម​ចម្រុះ​នៅ​ពេលលោក​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ខែ​ធ្នូ នៅ​ក្រោយ​យន្តហោះ​ប្រតិកម្ម​ប្រយុទ្ធ​របស់​លោក​បាន​ធ្លាក់​នៅ​ក្នុង​តំបន់​មួយ​នៃ​ប្រទេស​ស៊ីរី​ដែល​ត្រូវ​ត្រួត​ត្រា​ដោយ​ពួក​រដ្ឋ​ឥស្លាម។

លោក​ឧត្តមសេនិយ Lloyd Austin ​ប្រធាន​ទី​បញ្ជាការ​កណ្តាល​ស.រ.អា.​ដែល​មើល​ការ​ខុសត្រូវ​លើ​យុទ្ធនាការ​ប្រឆាំង​នឹង​ពួក​ជន​សកម្ម​ប្រយុទ្ធ​បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​លោក Kaseasbeh ​«បាន​បម្រើ​ប្រទេស​លោក​ដោយ​ក្លាហាន​និង​ដោយ​កិត្តិយស»​ហើយ​លោក​ជា​សមាជិក​សំខាន់​ម្នាក់​នៃ​ក្រុម​ប្រឆាំង​នឹង​ពួក​រដ្ឋ​ឥស្លាម៕