សព​របស់​លោក John Lewis នឹង​ត្រូវ​តម្កល់​ជា​សាធារណៈ​នៅ​វិមាន​សភា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន

មនុស្ស​ម្នា​នាំ​គ្នា​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក John Lewis ដែល​ជា​វីរបុរស​ទាមទារ​សិទ្ធិ​ស៊ីវិល ដែល​បាន​ស្លាប់​កាល​ពី​ថ្ងៃទី ១៧ ខែកក្កដា ក្រុង Troy រដ្ឋ Alabama សហរដ្ឋអាមេរិក។

សព​របស់​លោក John Lewis ដែល​ជា​សមាជិក​រដ្ឋសភា និង​ជា​និមិត្តរូប​សិទ្ធិ​ស៊ីវិល​របស់​សហរដ្ឋ​អាមេរិក នឹង​ត្រូវ​គេ​តម្កល់​ជា​សាធារណៈ​នៅ​វិមាន​រដ្ឋសភា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​ច័ន្ទ​នេះ និង​ថ្ងៃ​អង្គារ​ស្អែក ដែល​នេះ​គឺ​ជា​កិត្តិយស​ដ៏​ខ្ពស់​បំផុត​មួយ​ដែល​ពលរដ្ឋ​អាមេរិកាំង​អាច​ទទួល​បាន។

លោក Lewis បាន​ស្លាប់​កាល​ពី​សប្ដាហ៍​មុន​ក្នុង​អាយុ ៨០ ឆ្នាំ បន្ទាប់ពី​បាន​ទប់ទល់​នឹង​ជំងឺ​មហារីក​លំពែង​ដំណាក់កាល​ចុង​ក្រោយ​ពេញ​មួយ​ឆ្នាំ​មក។

ដើម្បី​រក្សា​សុវត្ថិភាព​ទាក់ទិន​នឹង​ជំងឺ​កូវីដ១៩ សព​របស់​លោក Lewis នឹង​ត្រូវ​តម្កល់​នៅ​ជាន់​ខ្ពស់​បំផុត​នៃ​ផ្នែក​ខាង​កើត​របស់​វិមាន​សភា ដូច្នេះ​សាធារណជន​អាច​មក​គោរព​បាន​ដោយ​សុវត្ថិភាព​នៅ​ខាង​ក្រៅ ដោយ​គោរព​តាម​គោលការណ៍​ណែនាំ​រក្សា​គម្លាត និង​ពាក់​ម៉ាស់។

សព​របស់​លោក Lewis ត្រូវ​បាន​តម្កល់​ជា​សាធារណៈ​នៅ​ក្នុង​ទីក្រុង Montgomery រដ្ឋ Alabama កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ពលរដ្ឋ​នៃ​រដ្ឋ​កំណើត​របស់​លោក​អាច​គោរព​សព​លោក​ជា​លើក​ចុង​ក្រោយ​បាន។

បន្ទាប់ពី​តម្កល់​ជា​សាធារណៈ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សព​របស់​លោក Lewis នឹង​ត្រូវ​បញ្ជូន​ទៅ​តម្កល់​ជា​សាធារណៈ​នៅ​ក្នុង​វិមាន​សភា​រដ្ឋ Georgia ក្នុង​ទីក្រុង Atlanta នៅ​ថ្ងៃ​ពុធ​ខាង​មុខ មុន​ពេល​ពិធី​បុណ្យ​សព​ចុងក្រោយ​របស់​លោក​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នៅ​វិហារ​គ្រិស្ដសាសនា Ebenezer Baptist Church។ សព​របស់​លោក​នឹង​ត្រូវ​បញ្ចុះ​នៅ​ទីបញ្ចុះសព South View Cemetery ក្នុង​ទីក្រុង Atlanta៕