អ្នកស្រី Jill Biden ដឹកនាំ​គំនិត​ផ្តួចផ្តើម​មួយ​ចំនួន​នៅ​សេតវិមាន​និង​ចូលរួម​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត

​អ្នក​ស្រី​ Jill Biden ថ្លែង​ទៅកាន់​អ្នកគាំទ្រ​ពីស្វាមី​របស់​អ្នកស្រី​គឺលោក​ប្រធានាធិបតី​ Joe Biden អំឡុង​យុទ្ធនាការ​ឃោសនា​នៅ​រដ្ឋ Florida កាលពីធ្ងៃទី​៨ កក្កដាឆ្នាំ២០២៤។

អ្នកស្រី Jill Biden កំពុង​គាំទ្រ​ស្វាមី​របស់​អ្នកស្រី គឺ​លោក Joe Biden ខណៈពេល​ដែល​លោក​ព្យាយាម​ស្រោចស្រង់​យុទ្ធនាការ​ឈរ​ឈ្មោះ​បោះឆ្នោត​សម្រាប់​មួយ​អណត្តិ​ទៀត​របស់​លោក បន្ទាប់ពី​ការធ្វើ​មិន​បាន​ល្អ​ក្នុង​ការ​ជជែក​ដេញដោល ដែល​បាន​ធ្វើ​ឱ្យ​សមាជិក​មួយ​ចំនួន​ក្នុង​ជួរ​គណបក្ស​របស់​លោក​មាន​មន្ទិល​ចំពោះ​សេចក្តី​សម្រេច​របស់​លោក​ក្នុង​ការ​បន្ត​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី។

អ្នកស្រី Elizabeth Alexander ប្រធាន​ផ្នែក​ទំនាក់ទំនង​សម្រាប់​ភរិយា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បាន​ថ្លែង​កាលពី​ពេល​ថ្មីៗ​នេះ​ថា៖ «អ្នកស្រី Jill ជា​អ្នក​គាំទ្រ​ធំ​បំផុត​របស់​លោក Biden ពីព្រោះ​អ្នកស្រី​ជឿជាក់​លើ​រូប​លោក ហើយ​អ្នកស្រី​ព្រួយបារម្ភ​អំពី​អនាគត​ប្រទេស​របស់​យើង ប្រសិនបើ​លោក Biden មិន​ជាប់​ជា​ប្រធានាធិបតី​ទេ​នោះ។ អ្នកស្រី គាំទ្រ​លោក Biden ដូច​ដែល​លោក Biden តែងតែ​គាំទ្រ​អាជីព​របស់​អ្នកស្រី​ដូច្នោះ​ដែរ»។

អ្នកស្រី Jill Biden បាន​ចូលរួម​យុទ្ធនាការ​ឃោសនា​ជាមួយ​ស្វាមី​អ្នកស្រី​កាលពី​ពេល​ថ្មីៗ​នេះ ក៏ប៉ុន្តែ អ្នកស្រី​ក៏​បាន​ចុះ​ឃោសនាដោយ​ខ្លួន​ឯង​ផ្ទាល់​តាម​កន្លែង​មួយ​ចំនួនផងដែរ។

អ្នកស្រី​បាន​ថ្លែង​នៅ​តាម​កន្លែង​នីមួយៗ​ដែល​អ្នកស្រី​បាន​ទៅ​ឃោសនា​ថា៖ «ចំពោះ​គ្រប់​ការនិយាយ​ស្តី​អំពី​ការប្រកួត​ប្រជែង​នេះ Joe បាន​បង្ហាញ​យ៉ាងច្បាស់​ថា លោក​មាន​ការប្តេជ្ញា​យ៉ាងពេញលេញ»។

អ្នកស្រី Jill Biden បាន​ថ្លែង​ប្រាប់​ក្រុមអ្នកគាំទ្រ​នៅ​រដ្ឋ North Carolina រដ្ឋ Florida និង​រដ្ឋ Georgia ថា៖ «នេះ​ជា​សេចក្តីសម្រេច​របស់​គាត់។ ហើយ​ដូចដែល​គាត់​តែងតែ​គាំទ្រ​អាជីព​របស់​ខ្ញុំ ខ្ញុំ​ក៏​មាន​ការ​ប្តេជ្ញា​យ៉ាងពេញលេញ​ផងដែរ។ ខ្ញុំ​ដឹង​ថា អ្នកទាំងអស់​គ្នា​ក៏​មាន​ការប្តេជ្ញា​ដូច្នេះ​ដែរ បើ​មិន​ដូច្នេះ អ្នក​មិន​មក​ទី​នេះ​នៅ​ថ្ងៃ​នេះ​នោះ​ទេ»។

​ក្នុង​ឋានៈ​ជា​ភរិយា​របស់​ប្រធានាធិបតី អ្នកស្រី Jill Biden បាន​ដឹកនាំ​គម្រោង​នានា​សម្រាប់​យោធា​និង​គ្រួសារ​របស់​ពួកគេ ក៏ដូចជា ការ​ព្យាបាល​ជំងឺ​មហារីក​ជាដើម។ ជា​គ្រូបង្រៀន​អស់​ពេល​ជា​យូរ​មក​ហើយ អ្នកស្រី Jill Biden ក៏​បាន​ដាក់​អាទិភាព​លើ​កម្មវិធី​នានា​ដែល​ផ្តោត​លើ​ការអប់រំ​ផងដែរ។

អ្នកស្រី Jill Biden ក៏​បាន​ចូលរួម​នៅ​ក្នុង​កម្មវិធី Joining Forces ដែល​ជា​គម្រោង​មួយ​របស់​សេតវិមាន​បង្កើត​ឡើង​ដើម្បី​គាំទ្រ​គ្រួសារ​យោធា​និង​យោធា​ចូល​និវត្តន៍ អ្នកផ្តល់​ការថែទាំ និង​អ្នក​រស់រាន​ជីវិត នេះ​បើ​យោង​តាម​គេហទំព័រ​របស់​សេតវិមាន។ កម្មវិធី Joining Forces ផ្តោត​លើ​គម្រោង​ផ្សេងៗ​ដូចជា ការលើក​កម្ពស់​ដល់​ការផ្តល់​ការងារ​ដល់​ភរិយា​និង​ស្វាមី​ជា​យោធា និង​ការផ្តល់​ការអប់រំ​ដល់​កូនៗ​របស់​យោធា។ នៅក្នុង​រយៈពេល​ពីរ​ឆ្នាំ​ដំបូង​ក្នុង​នាម​ជា​ភរិយា​ប្រធានាធិបតី អ្នកស្រី Jill Biden បាន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​មូលដ្ឋាន​យោធា​ចំនួន ២៤ កន្លែង។

អ្នកស្រី​ក៏​បាន​ចូលរួម​ក្នុង​កម្មវិធី Cancer Moonshot ដែល​ជា​កម្មវិធី​ដែល​ត្រូវបាន​ស្តារ​ឡើង​វិញ​ដោយ​អ្នកស្រី​និង​លោក​ប្រធានាធិបតី Joe Biden។ យោង​តាម​គេហទំព័ររបស់​កម្មវិធី Cancer Moonshot នេះ បាន​ឱ្យ​ដឹង​ថា កម្មវិធី​នេះ​មាន​ការ​ប្តេជ្ញា​«បញ្ចប់​ជំងឺ​មហារីក​ទៅ​តាម​វិធី​ដែល​យើង​បាន​ដឹង» គឺ​តាមរយៈ​ការបញ្ចៀស​ការស្លាប់​ដោយសារ​ជំងឺ​មហារីក​ចំពោះ​មនុស្ស​ជាង ៤​លាន​នាក់​នៅ​ត្រឹមឆ្នាំ ២០៤៧។ យោង​តាម​អង្គការ American Cancer Society បាន​ឱ្យ​ដឹង​ថា មនុស្ស​ជាង​៦​សែន​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​មហារីក​នៅ​ឆ្នាំ២០២១។

​អ្នកស្រី Jill Biden ថ្លែងអំឡុងកម្មវិធី «Cancer Moonshot»​ នៅ​សេតវិមានកាលពីថ្ងៃទី​២ កុម្ភៈ ឆ្នាំ២០២២ ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន។

គោលដៅ​របស់​កម្មវិធី Cancer Moonshot រួម​មាន ការ​បង្កើន​លទ្ធភាព​ទទួល​បាន​ការ​ឆ្លុះ​ពិនិត្យ​មើល និង​ការបញ្ចៀស​ការប្រឈម​នឹង​បរិស្ថាន​ដែល​បង្ក​គ្រោះថ្នាក់។

ក្រៅពី​ជា​ភរិយា​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក អ្នកស្រី Jill Biden ក៏​ជា គ្រូបង្រៀន​មួយ​រូប​ផងដែរ។ អំឡុងពេល​ស្ថិត​នៅ​សេតវិមាន អ្នកស្រី​បាន​ផ្តោត​មួយ​ផ្នែក​ទៅ​លើ​គម្រោង​វិស័យ​អប់រំ​ដែល​ពាក់ព័ន្ធ​ទៅនឹង​ការព្យាយាម​ផ្តល់​ការងារ​និង​រក្សា​ការងារ​គ្រូបង្រៀន ក៏ដូចជា​ការបន្ទាប​ការចំណាយ​លើ​ផ្នែក​អប់រំ។

នៅ​ពេល​លោក Joe Biden បាន​ក្លាយ​ជា​អនុប្រធានាធិបតី​ក្រោម​លោក​ប្រធានាធិបតី Barack Obama អ្នកស្រី Jill Biden បាន​ក្លាយជា​ភរិយា​របស់​អនុ​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​ដំបូង​គេ​ដែល​មាន​ការងារ​មាន​ប្រាក់​បៀរវត្សរ៍​នៅ​ខាង​ក្រៅ​សេតវិមាន។ នៅ​ពេល​ក្លាយ​ជា​ភរិយា​ប្រធានាធិបតី អ្នកស្រី​បាន​បន្ត​បង្រៀន​ផ្នែក​សរសេរ​នៅ​សាកល​វិទ្យាល័យ Northern Virginia Community College ដែល​នៅ​ក្បែរ​ភាគ​ខាងត្បូង​រដ្ឋធានី​វ៉ាស៊ីនតោន។ នៅ​ទីនោះ​អ្នកស្រី​បង្រៀន​ពេញ​ម៉ោង ខណៈពេល​ដែល​ស្វាមី​របស់​អ្នកស្រី​ជា​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

អ្នកស្រី Jill Biden បាន​ថ្លែង​នៅ​ក្នុង​ឆ្នាំ២០២១​ថា៖ «ភាគច្រើន​នៃ​សិស្សរបស់​ខ្ញុំ​មិន​ដឹង​ថា ខ្ញុំ​មាន​ការងារ​ពីរ​នោះ​ទេ»។

អ្នកស្រី Jill Biden បាន​ស្គាល់​ជីវិត​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ចាប់តាំង​ពី​ពេល​ស្វាមី​របស់​អ្នកស្រី​បាន​ចំណាយ​ពេល​៣៦​ឆ្នាំ​ជា​សមាជិក​ព្រឹទ្ធសភា​អាមេរិក និង​ប្រាំបី​ឆ្នាំ​ជា​អនុ​ប្រធានាធិបតី​ក្រោម​លោក Obama។

ជ័យជម្នះ​របស់​លោក Joe Biden នៅ​ក្នុង​ការបោះឆ្នោត​ឆ្នាំ២០២០ បាន​ធ្វើ​ឱ្យ​អ្នកស្រី Jill Biden ក្លាយ​ជា​ភរិយា​ប្រធានាធិបតី​ទី​មួយ ដែល​មាន​សញ្ញាប័ត្រ​ថ្នាក់​បណ្ឌិត។

អ្នកស្រី​បណ្ឌិត Jill Biden វ័យ ៧៣ឆ្នាំ បាន​កើត​នៅ​រដ្ឋ New Jersey និង​បាន​ធំដឹង​ក្តី​នៅ​តំបន់​ជាយក្រុង​ភាគខាង​ជើង​ក្រុង Philadelphia រដ្ឋ Pennsylvania។ អ្នកស្រី​ទទួល​បាន​សញ្ញាប័ត្រ​ថ្នាក់​បណ្ឌិត​ពី​សាកល​វិទ្យាល័យ University of Delaware។ ជីវិត​ជាមួយ​លោក Joe Biden មាន​ភាព​ស្មុគស្មាញ​ចាប់​តាំង​ពីពេល​ដំបូង។ នៅ​ពេល​អ្នកស្រី​ជួប​លោក Biden អ្នកស្រី​កំពុងឆ្លងកាត់​ការលែងលះ។ ហើយ​លោក​ Joe Biden កំពុង​តែ​កាន់ទុក្ខ បន្ទាប់ពី​ភរិយា​និង​កូនស្រី​របស់​លោក​បាន​ស្លាប់​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍។ លោក Biden ត្រូវ​ចិញ្ចឹម​កូន​ប្រុសតូចៗ​ពីរនាក់។ អ្នកស្រី Jill និង​លោក Joe បាន​រៀបការ បន្ទាប់​ពី​លោក Joe បាន​សុំ​អ្នកស្រី​រៀបការ​ចំនួន​ប្រាំ​លើក។

លោក​ Biden បាន​ថ្លែង​នៅ​ក្នុងកម្មវិធី Rachael Ray Show ថា៖ «នៅ​លើក​ទីប្រាំ ខ្ញុំ​បាន​និយាយ​ទៅ​នាង​ជា​ចុងក្រោយ​ថា៖ «Jill មោទនភាព​ពី​ដើម​ដំណើត​អៀរឡង់​របស់​ខ្ញុំ​បាន​ក្រសោប​ខ្ញុំ​ហើយ។ នេះ​ជា​លើក​ចុងក្រោយ ដែល​បង​សួរ​ទៅ​អូន។ អូន​មិន​ចាំ​បាច់​ប្រាប់​បង​ពេលណា​អូន​នឹង​រៀបការ​ជាមួយ​បង​នោះ​ទេ តែ​គ្រាន់តែ​ថា​តើ​អូនព្រម​រៀបការ​ជាមួយ​បង​ទេ?»។ «ហើយ​នាង​បាន​និយាយ​ថា «អូន​យល់ព្រម»។

បួន​ឆ្នាំ​ក្រោយ​មក​អ្នកស្រី Jill បាន​ផ្តល់​កំណើត​ឱ្យ​កូនស្រី​ម្នាក់។ នៅ​ឆ្នាំ ២០១៥​សោកនាដកម្ម​បាន​កើត​ឡើង​សាជាថ្មី នៅ​ពេល​កូនប្រុស​វ័យ ៤៦​ឆ្នាំរបស់​លោក Joe Biden គឺ​លោក Beau បាន​ស្លាប់​ដោយសារ​ជំងឺ​មហារីក​ខួរ​ក្បាល។ អ្នកស្រី Jill Biden បាន​និយាយ​ថា៖ «រឿង​ជំងឺ​មហារីក​នេះ ពិត​ជា​បាន​ចាក់ឫស​ក្នុង​ចិត្ត​ទាំង​សម្រាប់​ខ្ញុំ​និង Joe ស្វាមី​របស់​ខ្ញុំ»។

កាល​ពី​ខែ​មិថុនា​ឆ្នាំ​មុន អ្នកស្រី​ Jill Biden បាន​សរសេរ​សៀវភៅ​កុមារ​អំពី​អាជីព​ដំបូង​របស់​ស្វាមី​អ្នកស្រី ភាព​ប្រកួតប្រជែង​ និង​ភាព​រឹងមាំ​របស់​លោក បន្ទាប់​ពី​ត្រូវ​បាន​គេ​បន្តុះបង្អាប់​ដោយសារ​ការនិយាយ​ត្រដិត​របស់​លោក។

អ្នកស្រី​បាន​បង្ហាញ​ការការពារ​ជា​បន្តបន្ទាប់​អំឡុងពេល​យុទ្ធនាការ​ឃោសនា​កាល​ពី​ខែ​មីនា​ឆ្នាំ​មុន ដោយ​ប្រើ​ខ្លួន​របស់​អ្នកស្រី​ផ្ទាល់​ក្នុង​ការ​បង្អាក់​អ្នកតវ៉ា​ចំនួន​ពីរ​លើកមិន​ឱ្យ​ឈាន​ទៅ​ដល់​ស្វាមី​របស់​អ្នកស្រី​នៅ​លើ​ឆាក។

បើ​ទោះ​បី​អ្នក​ទាំង​ពីរ​បាន​ចាត់​ទុក​រដ្ឋ Delaware ដ៏​តូច​មួយ​នៅ​តំបន់​ភាគកណ្តាល​នៃ​ឆ្នេរ​ខាង​កើត​សហរដ្ឋ​អាមេរិក (Mid-Atlantic) ជា​ផ្ទះ​របស់​ពួកគេ​ក៏ដោយ ក៏អ្នកស្រី Jill Biden បាន​ធ្វើ​ដំណើរ​តាម​ស្វាមី​របស់​អ្នកស្រី​ទៅ​តាម​អាជីព​របស់​លោក​ជា​សមាជិក​ព្រឹទ្ធសភា អនុប្រធានាធិបតី និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។ ឥឡូវ​នេះ អ្នកស្រី​សង្ឃឹម​ថា នឹង​ឃើញ​រូប​លោក​នៅ​សេតវិមាន​នៅ​ក្នុង​រយៈពេល​បួន​ឆ្នាំ​ត​ទៅ​មុខ​ទៀត៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា