នាយករដ្ឋមន្ត្រី​ជប៉ុន​ធ្វើ​ទស្សនកិច្ច​នៅ​អាស៊ីអាគ្នេយ៍

  • Ron Corben

លោក​​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe (ស្តាំ) និយាយ​ជាមួយ​លោក Nguyen Tan Dung នាយករដ្ឋមន្ត្រី​វៀតណាម ក្នុង​ពេល​លោក​​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ទី​ក្រុង​ហាណូយ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា ​ឆ្នាំ​២០១៣។

ប្រែសម្រួល​ដោយ សឹង សុផាត

បាងកក៖ ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe ទៅ​កាន់​ប្រទេស​៣​នៅ​អាស៊ី​អាគ្នេយ៍​ក្នុង​សប្តាហ៍​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ មួយ​ផ្នែក​គឺ​ដើម្បី​ជា​ការ​ជំរុញ​ខាង​ការទូត​ខណៈ​ដែល​មាន​ភាព​តានតឹង​ជាមួយ​ប្រទេស​ចិន និង​មួយ​ផ្នែក​ទៀត​ជា​កិច្ច​ប្រឹងប្រែង​ដើម្បី​ពង្រីក​ទី​ផ្សារ​ពាណិជ្ជកម្ម។

ប្រទេស​ជប៉ុន​មានទំនាក់ទំនង​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​យ៉ាង​ច្រើន​ស្រាប់​ទៅ​ហើយ​ជាមួយ​ប្រទេស​ឥណ្ឌូនេស៊ី ថៃ និង​វៀតណាម ហើយ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​និយាយ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក Abe ក្នុង​សប្តាហ៍​នេះ គឺជា​ការ​ស្វះស្វែង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ដែល​គេ​មើល​ឃើញ​ថាជា​ប្រភព​គន្លឹះ​នៃ​កំណើន​សេដ្ឋកិច្ច​តំបន់។

នៅ​ក្នុង​ប្រទេស​ថៃ ការ​វិនិយោគ​របស់​ជប៉ុន​គឺ​ស្មើ​នឹង​ជាង​៦០%​នៃ​អត្រាវិនិយោគ​ទុន​ពី​បរទេស​ដោយ​ផ្ទាល់​ទាំង​អស់ ដែល​មាន​តម្លៃ​សរុប​ ១០.០០០​លាន​ដុល្លារ។ ទស្សនកិច្ច​របស់​លោក Abe ជា​ទស្សនកិច្ច​ដំបូង​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន​ក្នុង​រយៈ​ពេល​ជាង​មួយ​ទស្សវត្សរ៍។
សេដ្ឋវិទូ​ថៃ លោក Somphob Manargansan និយាយ​ថា​ ប្រទេស​ជប៉ុន​បានខិតខំ​ពង្រឹង​ទំនាក់ទំនង​ឲ្យ​កាន់​តែ​ជិត​ស្និទ្ធ​ជាមួយ​សមាគម​អាស៊ាន មួយ​ផ្នែក​គឺ​ដើម្បីទប់​នឹង​ឥទ្ធិពល​របស់​ប្រទេស​ចិន​នៅ​ក្នុង​តំបន់។

លោក​ថ្លែង​ថា៖ «ការណ៍​នេះ​គឺ​ខុស​ពី​របៀប​ការទូត​ពី​មុនៗ​របស់​ប្រទេស​ជប៉ុន​ក្នុង​ការ​ទាក់​ទង​ជាមួយ​ប្រទេស​ផ្សេងៗ។ ឥឡូវ​នេះ​យើង​ឃើញជប៉ុន​មាន​សកម្មភាព​ក្លៀវក្លា​ជាង​មុន​យ៉ាង​ខ្លាំង ដើម្បី​ធ្វើ​សហប្រតិបត្តិការ​និង​ទំនាក់ទំនងនៅ​ជុំ​វិញ​ពិភពលោក។ ជាពិសេស​ គោលដៅ​សំខាន់​នោះ​គឺប្រហែល​ដើម្បី​ទប់ទល់​នឹង​តួនាទី​របស់​ប្រទេស​ចិន។»

ជម្លោះ​ដែនដី​បាន​ធ្វើ​ឲ្យ​ល្អក់​កកររួច​ទៅ​ហើយ ដល់​ទំនាក់​ទំនង​រវាងប្រទេស​ចិន​ជាមួយ​ប្រទេសជប៉ុន​និង​ប្រទេស​អាស៊ីអាគ្នេយ៍​ភាគ​ច្រើន។ ប្រទេស​វៀតណាម​និង​ហ្វីលីពីន​ជា​ភាគី​សំខាន់​នៅ​ក្នុង​ជម្លោះ​អំពី​សិទ្ធិ​កាន់កាប់​ធនធាន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​ត្រូវ​ទាមទារ​ដោយ​ប្រទេស​ចិន។ ជម្លោះ​ដែន​ទឹក​នេះ​បាន​បំបែក​ប្រទេស​អាស៊ាន​ទាំង​១០ ដោយប្រទេស​ដែល​ស្និទ្ធ​នឹង​ប្រទេស​ចិន បាន​គាំទ្រ​រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង។

ប្រទេស​ជប៉ុន​មាន​ជម្លោះ​ដែន​កោះផ្សេង​មួយ​ទៀត​ជាមួយ​ប្រទេស​ចិននៅ​ក្នុង​សមុទ្រ​ចិន​ខាង​កើត។ ភាព​ខ្វែង​គំនិត​គ្នា​អំពី​សិទ្ធិ​កាន់កាប់​ដែន​កោះ ដែល​ជប៉ុន​ហៅ​ថា Senkaku ហើយ​ចិន​ហៅ​ថា Diaoyu នោះ​ បាន​ធ្វើ​ឲ្យ​ល្អក់​កករ​យ៉ាង​ខ្លាំង​ដល់​ទំនាក់ទំនង​ការ​ទូត​ និងបានកាត់​បន្ថយ​នូវ​ទំនាក់ទំនង​ពាណិជ្ជកម្ម​និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ។

លោក Carl Thayer អ្នក​វិភាគ​ខាង​កិច្ចការ​យុទ្ធសាស្ត្រ​យោធា​នៅ​អាស៊ី មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី និយាយ​ថា លោក Abe សង្ឃឹម​ថា​នឹង​អាច​កសាង​ទំនាក់ទំនង​បន្ថែម​ទៀត​ទៅ​លើ​ទំនាក់ទំនង​ដ៏​រឹង​មាំ​ស្រាប់​ជាមួយ​ប្រទេស​ហ្វីលីពីន​និង​វៀតណាម តាម​រយៈ​កិច្ច​សន្ទនាជា​ដៃគូ​ថ្មី​មួយ​ខាង​ផ្នែក​យុទ្ធសាស្ត្រ​យោធា។

លោក Thayer ពន្យល់ថា៖ «ខ្ញុំ​មើល​ឃើញ​ថា នេះមាន​បុព្វហេតុ​នយោបាយ ការទូត សន្តិសុខ ការពារជាតិ ដើម្បី​ពង្រឹង​តួនាទី​របស់​ប្រទេស​ជប៉ុន ជា​សំឡេង​ទី​២។ គឺ​ថា​ប្រសិន​បើ​មាន​ភាព​មិន​ប្រាកដ​ប្រជា​ខាង​យុទ្ធសាស្ត្រ​អំពី​វត្តមាន​បន្តរបស់​សហរដ្ឋ​អាមេរិក​នៅ​អាស៊ី នោះ​ជប៉ុន​កំពុង​បង្ហាញ​ថា​នៅ​មាន​ខ្លួន​ជា​សំឡេង​ទី​២​ក្នុង​តំបន់។ ប្រទេស​ចិន​មិន​អាច​បំបាត់​សំឡេង​ជប៉ុន​បាន​ទេ ហើយ​ជប៉ុន​នឹង​កាន់​តែ​ដើរ​តួនាទី​សកម្ម​ជាង​មុន។ នេះ​ជា​ការ​ខាត​បង់​ចំពោះ​ប្រទេស​ចិន ដែល​បាន​ដាក់​សម្ពាធ​លើ​ប្រទេស​ជប៉ុន​អំពី​កោះ Senkaku។»

ទំនាក់ទំនង​កាន់​តែ​តានតឹង​ជាមួយ​ប្រទេស​ចិន​បាន​បណ្តាល​ឲ្យ​អត្រា​ការ​នាំ​ចេញ​ទំនិញរបស់​ជប៉ុនទៅ​ប្រទេស​ចិន​ធ្លាក់​ចុះ​អស់​ជាង​៨%​នៅ​ឆ្នាំ​២០១២។ ការណ៍​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​រឿង​ធ្ងន់ធ្ងរ ព្រោះ​ប្រទេស​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ជប៉ុន។ ឥឡូវ​នេះ​ជប៉ុន​មើល​ឃើញ​ប្រទេស​អាស៊ាន​ថា ជា​គន្លឹះ​ខាង​យុទ្ធសាស្ត្រ​ដើម្បី​ទប់​នឹង​ការ​ខាតបង់​ខាង​ពាណិជ្ជកម្ម​នៅ​ក្នុង​ប្រទេស​ចិន។

ទាំង​រដ្ឋាភិបាល​ទី​ក្រុង​តូក្យូ​និង​ទី​ក្រុង​ប៉េកាំង មាន​ទំនាក់ទំនង​ការទូត​និង​សេដ្ឋកិច្ច​ដ៏​យូរ​លង់​ជាមួយ​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍។ ពី​អតីតកាល ​ប្រទេស​អាស៊ីអាគ្នេយ៍​មានការ​មិន​ទុក្ខ​ចិត្តយ៉ាង​ខ្លាំង​ចំពោះ​បំណង​របស់​ប្រទេស​មហា​អំណាច​ជប៉ុន​និង​ចិន​នៅ​ក្នុង​តំបន់​របស់​ខ្លួន។

លោក Ian Storey អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​វិទ្យាស្ថាន​សម្រាប់​ការ​សិក្សា​អំពី​អាស៊ី​អាគ្នេយ៍​ (ISEAS) នៅ​ក្នុង​ប្រទេស​សិង្ហបុរី​និយាយ​ថា ទំនាក់ទំនង​រវាង​មហាអំណាច​អាស៊ី​បូព៌ា​ជាមួយ​ប្រទេស​អាស៊ីអាគ្នេយ៍​ជិត​ខាង​នោះ កំពុងផ្លាស់​ប្តូរ​ប្រែត្រឡប់​នូវ​ទំនាក់ទំនងដែល​មាន​ក្រោយ​សង្គ្រាម​លោក​លើក​ទី​២។ លោក Storey ថ្លែង​ថា នៅ​ពេល​ជប៉ុន​ធ្វើ​ការវិនិយោគ​ក្នុង​ទស្សវត្សរ៍ឆ្នាំ​១៩៦០ ប្រទេស​នេះ​បាន​រង​នូវ​ការ​រិះ​គន់​ស្រដៀង​គ្នាទៅ​នឹង​ការ​រិះគន់​ដែល​មាន​សព្វ​ថ្ងៃ​ចំពោះ​ប្រទេស​ចិន។

លោក​ថ្លែង​ថា៖ «ការ​រិះគន់​នោះ​គឺ​ថា ជប៉ុន​ពេល​នោះ បាន​ប្រើ​គោលនយោបាយ​ចក្រព័ទ្ធ​បែប​ថ្មី និង​នយោបាយ​អាណនិគម​និយមបែប​ថ្មី (neo-imperialist, neo-colonialist policy) ដើម្បី​តែ​ឆក់​យក​ធនធាន​ធម្មជាតិ​ទាំង​អស់ពី​អាស៊ី​អាគ្នេយ៍​ ហើយ​ចាក់ចោល​នូវ​ទំនេញ​រោងចក្រ​ជប៉ុន​ក្នុង​តំបន់​នេះ។ ហើយ​ជា​ការណ៍​ពិត ការ​រិះគន់​ទាំង​នេះ​គឺ​ជ្រុល​ហួសហេតុ ព្រោះ​ថាការ​វិនិយោគ​របស់​ជប៉ុន​នៅ​ពេល​នោះ​មាន​សារៈសំខាន់​ខ្លាំង​ចំពោះ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​អាស៊ីអាគ្នេយ៍។ ដូច្នេះ​ហើយ​ ឥឡូវ​នេះ​យើង​ឃើញ​មាន​ការ​រិះគន់​ប្រហាក់​ប្រហែល​គ្នា​នេះ​ចំពោះ​ប្រទេស​ចិន​ដែរ។»

មន្ត្រី​ចិន​បាន​ថ្លែង​ជា​សារធារណៈ​តិច​តួច​បំផុត​ទាក់​ទង​នឹង​ដំណើរ​ទស្សនកិច្ច​នាយករដ្ឋមន្ត្រី​ជប៉ុន​ទៅ​កាន់​អាស៊ី​អាគ្នេយ៍​ ប៉ុន្តែ​បាន​រិះគន់​របាយការណ៍​ដែល​ថា​លោក Abe កំពុង​ស្វះស្វែងឲ្យ​មាន​ការ​បង្កើន​ចំណាយ​យោធា​បន្តិច​បន្តួច​ដើម្បី​ឆ្លើយ​តប​នឹង​ជម្លោះ​ដែន​ដី​ជាមួយ​ប្រទេសចិន។

ទីភ្នាក់ងារ​ព័ត៌មាន​គាំទ្រ​ដោយ​រដ្ឋ​ចិន បាន​ព្រមាន​ប្រទេស​ជប៉ុន​ថា ប្រសិន​ប្រទេស​ចិន​ត្រូវ​គេ​បង្ក​ហេតុ នោះ​ពាណិជ្ជកម្ម​ជាមួយ​ជប៉ុន​នឹង​ត្រូវ​គំរាមកំហែង។ ទីភ្នាក់ងារ​ព័ត៌មាន Xinhua បាន​ហៅ​នយោបាយ​ការ​បរទេស​ជប៉ុន​ថា​«មិន​ឈ្លាសវៃ» និង«មាន​លក្ខណៈ​បំផ្លិច​បំផ្លាញ​ខ្លួន​ឯង»។

ប្រទេស​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​របស់​ជប៉ុន ហើយ​ចាប់​តាំង​ពី​ឆ្នាំ​២០០០​មក ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​បាន​កើន​ឡើង​៣​ដង​រហូត​ដល់​ចំនួន​៣០០.០០០​លាន​ដុល្លារ។ ក៏​ប៉ុន្តែ​ក្នុង​ឆ្នាំ​មុន ពាណិជ្ជកម្ម​បាន​ធ្លាក់​ចុះ​ក្រោយ​ពី​មាន​ការ​ធ្វើ​ពហិការ​និង​បាតុកម្ម​ជាតិនិយមនៅ​ប្រទេស​ចិន​ប្រឆាំង​នឹង​ទំនិញ​ជប៉ុន៕