ប្រទេសជប៉ុននឹងបរិច្ចាគបន្ថែមនូវវ៉ាក់សាំង AstraZeneca សម្រាប់ជំងឺកូវីដ១៩ ដល់កោះតៃវ៉ាន់ និងប្រទេសជិតខាងនៅអាស៊ីផ្សេងទៀត នៅសប្តាហ៍នេះ។ នេះបើតាមរដ្ឋមន្រ្តីការបរទេសជប៉ុនលោក Toshimitsu Motegi ដែលប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ។
លោក Motegi បានប្រាប់អ្នកយកព័ត៌មានថា ប្រទេសជប៉ុននឹងផ្តល់ថ្នាំឲ្យប្រទេសឥណ្ឌូណេស៊ី តៃវ៉ាន់ និងវៀតណាម ដែលប្រទេសនីមួយៗបានថ្នាំ១លានដូសនៅថ្ងៃព្រហស្បតិ៍ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងទ្វេភាគីជាមួយរដ្ឋាភិបាលទាំងនោះ។ លោកបន្ថែមថា ថ្នាំចំនួន១១ លានដូសដែលបរិច្ចាគតាមរយៈគម្រោង COVAX នឹងត្រូវបញ្ជូនទៅប្រទេសបង់ក្លាដែស កម្ពុជា អ៊ីរ៉ង់ ឡាវ នេប៉ាល់ និងស្រីលង្កា ព្រមទាំងបណ្តារដ្ឋដែនកោះផ្សេងៗនៅមហាសមុទ្រប៉ាស៊ីហ្វិក។
ក្រសួងការបរទេសតៃវ៉ាន់បានថ្លែងអំណរគុណចំពោះកាយវិការនេះ ជាពិសេសនៅក្នុងដំណាក់កាលធ្ងន់ធ្ងរក្នុងពេលដែលប្រទេសជប៉ុន កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងខ្លួនឯងផងដែរ។ ប្រទេសជប៉ុន បានបរិច្ចាគថ្នាំចំនួន៣,៤ លានដូសទៅកោះតៃវ៉ាន់ក្នុងការបង្ហាញការគាំទ្រដល់ដែនកោះដែលទាមទារដោយប្រទេសចិននេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រទេសវៀតណាមបាននិយាយថា ខ្លួននឹងទទួលបានថ្នាំមួយលានដូសពីប្រទេសជប៉ុននៅថ្ងៃសុក្រ នៅទីក្រុងហូជីមិញ ទីដែលវៀតណាមកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះដ៏ធំបំផុត បន្ទាប់ពីការទប់ស្កាត់បានជោគជ័យអស់រយៈពេលជាច្រើនខែ។
កោះតៃវ៉ាន់បានត្អូញត្អែរថា ការជ្រៀតជ្រែករបស់ចិន បានរារាំងកិច្ចព្រមព្រៀងទទួលបានវ៉ាក់សាំងរបស់ខ្លួននៅឆ្នាំនេះពីក្រុមហ៊ុន BioNTech របស់ប្រទេសអាល្លឺម៉ង់។ ចាប់តាំងពីពេលនោះមក មានការបរិច្ចាគវ៉ាក់សាំងទៅដល់កោះតៃវ៉ាន់៕