ជប៉ុន​នឹង​ផ្តល់​ថវិកា​បន្ថែម​សម្រាប់​បន្ត​ដំណើរ​ការ​សាលាក្តី​ខ្មែរក្រហម​

រូប​ឯកសារ៖ សាលាក្តី​ខ្មែរក្រហម

ជំនួយ​ហិរញ្ញ​វត្ថុ​ដែល​ប្រទេស​ជប៉ុន​បាន​ផ្តល់​ដល់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​រហូត​មក​ទល់​នឹង​ពេល​នេះ​គឺ​មាន​ចំនួន​សរុប​ជាង​៨៣​លាន​ដុល្លារ​​អាមេរិក។​

សាលាក្តី​ខ្មែរក្រហម​នឹង​ទទួល​បាន​ថវិកា​បន្ថែម​ពី​រដ្ឋាភិបាល​ជប៉ុន​សម្រាប់​បន្ត​ដំណើរ​ការ​នៃសាលាក្តី​ដែល​ជារឿយៗ​ បាន​ជួប​ប្រទះ​វិបត្តិ​ថវិកា។​

អ្នក​នាំពាក្យ​នៃ​សាលាក្តី​ដ៏​ចម្រូង​ចម្រាស​នេះ​ថ្លែង​ថា​ ក្រៅ​ពី​ថវិកាដែល​នឹង​ផ្តល់​ដោយ​រដ្ឋាភិបាល​ជប៉ុន​នេះ​ ភាគី​ជាតិ​ និង​អន្តរជាតិ​នៃ​សាលាក្តី​នេះ​ កំពុង​ធ្វើ​ការ​រួមគ្នា​ដើម្បី​កៀរគរ​ថវិកា​សម្រាប់​បន្តការ​កាត់​ក្តី​ខ្មែរក្រហម​នៅ​ឆ្នាំ​២០១៦​ និង​២០១៧។​ អ្នក​ជំនាញ​ក្នុង​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​ និង​ឧក្រិដ្ឋ​កម្មឃោរឃៅ​ចង់​ឃើញ​សាលាក្តី​នេះ​រក​យុត្តិធម៌​ឲ្យបាន​ពិត​ប្រាកដដល់​ពលរដ្ឋ​កម្ពុជា​ ហើយ​ថា​ សាលាក្តី​នេះ​បាន​រួម​ចំណែក​ដល់​ការ​ទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​សម្លាប់​រង្គាល​សារជាថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

រដ្ឋាភិបាល​ជប៉ុន​នឹង​ផ្តល់​វិភាគ​ទាន​ថ្មី​បន្ថែម​ចំនួន​១.២២១.៨១៨​ ដុល្លារ​អាមេរិក​ដល់​ភាគីអន្តរជាតិ​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (អ.វ.ត.ក.)​ សម្រាប់​បន្ត​ដំណើរ​ការនៃ​សាលា​ក្តី​ខ្មែរក្រហម​នេះ។​ នេះ​បើ​យោង​ទៅ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​បាន​ចេញ​ផ្សាយ​ដោយ​សាលាក្តី​ខ្មែរក្រហមកាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។​

ការ​ផ្តល់​វិភាគ​ទាន​ពី​រដ្ឋាភិបាល​ជប៉ុន​នេះ​កើត​មាន​បន្ទាប់​ពី​លោក​ Stephen Mathias ​ឧបការី​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​ច្បាប់ ​បាន​ជួប​ពិភាក្សា​ជាមួយ​លោក​ សុខ អាន​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ និង​ជា​ប្រធាន​ក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​សាលាក្តី​ខ្មែរក្រហម​ កាលពីថ្ងៃ​ទី​១៨​ខែ​វិចិ្ឆកា ដើម្បី​ស្វែង​យល់​ពី​ការ​វិវត្ត​របស់​សាលាក្តី​ខ្មែរក្រហម ​និង​ការ​ស្វះស្វែង​រក​ថវិកា​ដើម្បី​បន្ត​ដំណើរ​នៃ​ការ​កាត់ទោស​មេដឹកនាំ​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ក្នុង​សម័យ​ខ្មែរក្រហម។

មន្ត្រី​ទទួល​បន្ទុក​រដ្ឋបាល​នៃ​សាលាក្តី​នេះ​បាន​សរសេរ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​ថា៖​ «ជំនួយ​នេះ​មាន​ភាព​ចាំបាច់​ណាស់​ ដើម្បី​ធានា​ដំណើរ​ការ​របស់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជាក្នុងការ​បញ្ចប់​អាណត្តិ​ដ៏​សំខាន់​របស់​ខ្លួន​ ដោយ​គ្មាន​ការ​រាំង​ស្ទះ​នៅ​ក្នុង​ដំណើរ​ការ​យុត្តិធម៌»។​

សាលាក្តី​ដ៏​ចម្រូង​ចម្រាស​នេះ​បាន​ចាប់​ផ្តើម​សវនាការ​លើ​បណ្តឹង​សារ​ទុក្ខ​ក្នុង​សំណុំ​រឿង​០០២/០១។​ មេ​ដឹកនាំ​ខ្មែរក្រហម​ដែល​នៅ​រស់រាន​មាន​ជីវិត​ចំនួន​ពីរ​នាក់​គឺ​នួន ជា ​អតីត​ប្រធាន​សភា​ ​និង​ខៀវ សំផន ​អតីត​ប្រមុខ​រដ្ឋ​ដែល​មាន​តែ​ឈ្មោះ​នោះ​ កំពុង​ទទួលការ​កាត់​ទោស​ពី​សាលាក្តី​នេះ។​

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តី​ខ្មែរក្រហម​នៅ​ទី​ស្នាក់​ការ VOA នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃ​២៤ ខែ​តុលា ឆ្នាំ​២០១៥។

លោក ​នេត្រ ភក្ត្រា​ អ្នកនាំពាក្យ​នៃ​សាលាក្តី​ខ្មែរក្រហម​ ថ្លែង​ប្រាប់​ VOA ​ថា​ លោក​មិន ទាន់​ដឹង​ច្បាស់​ថា​ តើ​សាលា​ក្តី​នេះ​នឹង​ត្រូវ​ការ​ថវិកា​ចំនួន​ប៉ុន្មាន​នោះ​ទេ​ សម្រាប់​ធ្វើ​ប្រតិបតិ្ត​ការ​ក្នុង​ឆ្នាំ​២០១៦​ និង​២០១៧។​

«សម្រាប់​គម្រោង​ថវិកា​ឆ្នាំ២០១៦​ និង​២០១៧​ គឺ​យើង​មិន​ទាន់​បាន​កំណត់​ច្បាស់​នៅ​ឡើយ​ទេ​ ដោយ​សារ​តែ​ទាំង​ភាគី​ជាតិ​ និង​ភាគី​អន្តរជាតិ​គឺ​កំពុង​តែ​ធ្វើការ​រួម​គ្នា​ដើម្បី​រៀបចំ​គម្រោង​ថវិកា​នេះ»។​

អ្នក​នាំពាក្យ​សាលាក្តីនេះ​ថ្លែង​ថា​ បើទោះ​ជា​មិន​ទាន់​អាច​កំណត់​បាន​នូវ​ការ​ចំណាយ​ថវិកា​លើ​សាលាក្តី​ក្នុង​ឆ្នាំ​២០១៦​ និង​២០១៧ក៏ដោយ​ ក៏​ភាគី​ជាតិ​គ្រោង​ចំណាយ​ជាង​៦,៦​លាន​ដុល្លារ​អាមេរិក​ ហើយ​មក​ដល់​ពេល​នេះ​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​ជាង​៤,១​លាន​ដុល្លារ​អាមេរិក​គឺ​នៅ​សល់​តែ​ ២,៥​លាន​ដុល្លារ​អាមេរិក​ទៀត​តែ​ប៉ុណ្ណោះ។ លោក​ថា​ លោក​ពុំទាន់​មាន​ព័ត៌មាន​លម្អិត​អំពី​ថវិកា​ដែល​គ្រោង​នឹង​ចំណាយ​ដោយ​ភាគី​អន្តរជាតិ​នោះ​ទេ។​

ក្រៅពី​វិបត្តិ​ថវិកា​ដែល​សាលាក្តី​នេះ​តែង​តែ​ជួប​ប្រទះ​នោះ​ សាលាក្តី​ខ្មែរក្រហម​នេះ​នៅ​មាន​បញ្ហា​ចម្រូង​ចម្រាស​មិន​ទាន់​សម្រេច​ដាច់​ស្រេ​ចនៅ​ឡើយ​ទេ​លើ​សំណុំ​រឿង​០០៣ ​និង​០០៤​ថា ​តើ​ត្រូវ​បន្ត​ទៀត​ឬ​យ៉ាងណា។​

យ៉ាង​ណា​ក៏​ដោយ​ អ្នក​ជំនាញ​ក្នុង​ការ​ជំរុញការ​អនុវត្ត​កាតព្វ​កិច្ច​ក្នុង​ការ​ទប់​ស្កាត់​អំពើ​ឧក្រិដ្ឋកម្ម​ឃោរឃៅ​លើ​មនុស្ស​ជាតិ​ (The Responsibility to Protect) ​ដែល​ជា​បទដ្ឋាន​មួយ​ទទួល​ស្គាល់​ដោយ​អង្គការ​សហ​ប្រជាជាតិ​កាល​ពី​ឆ្នាំ​២០០៥​ ថ្លែង​ថា​ សាលា​ក្តី​នេះ​ត្រូវ​បន្តទៅ​មុខ​ទៀត​ដើម្បី​រក​យុតិ្តធម៌​ជូន​ដល់​អ្នក​ដែល​បាន​ស្លាប់​ក្នុង​សម័យ​ខ្មែរក្រហម។​ ​សកម្ម​ភាព​របស់​សាលាក្តី​ក្នុង​ការ​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​បាន​រួម​ចំណែក​ដល់​ការ​ទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​វិល​ត្រឡប់​មក​វិញ​នូវ​ការ​កាប់​សម្លាប់​ និង​ការ​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជ​សាសន៍។​

លោក​ ពូ សុធីរៈ​ នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់សហ​ប្រតិបត្តិការ​ និង​សន្តិភាព ​និង​ជា​អ្នក​ជំនាញ​ក្នុង​ការ​ជំរុញការ​អនុវត្ត​កាតព្វកិច្ច​ក្នុង​ការ​ទប់​ស្កាត់​អំពើ​ឧក្រិដ្ឋកម្ម​ឃោរឃៅ​លើ​មនុស្ស​ជាតិ​ មាន​ប្រសាសន៍​ប្រាប់​ VOA ថា លោក​ចង់​ឃើញ​សាលាក្តី​នេះ​បញ្ចប់​ទៅ​ជា​ស្ថាពរ​ជាមួយ​និង​ការ​រក​ឲ្យ​ ឃើញយុត្តិធម៌​ពិតប្រាកដ​មួយ​ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​បាន​រង​ទុក្ខ​វេទនា​ និង​បាត់​បង់​ជីវិត​ក្នុង​សម័យ​ខ្មែរក្រហម។​ លោក​បញ្ជាក់​ថា​ សាលាក្តី​នេះ​ បាន​ដើរ​តួសំខាន់​ណាស់​ក្នុង​ការ​ទប់ស្កាត់​ការ​ប្រព្រឹត្ត​អំពើ​ឃោរ​ឃៅ​ និង​ការ​កាប់​សម្លាប់។​

«ខ្ញុំ​យល់​ឃើញ​ថា​ បើ​យើង​ធ្វើការ​វិនិយោគ​ទៅលើ​យុត្តិធម៌​ណា៎​ ​បាន​ន័យ​ថា​ យើង​យក​ចិត្ត​ទុក​ដាក់​នឹង​រឿងការ​រក​យុត្តិ​ធម៌​ ជាពិសេស​រឿង​កាត់ទោស​ខ្មែរក្រហម​ហ្នឹង​ណ៎ា ​ជា​រឿង​មួយ​សំខាន់​ណាស់​សម្រាប់​កាត់​បន្ថយ​អំពើ​ឃោរ​ឃៅ​ដែល​ប្រព្រឹត្ត​លើ​មនុស្ស។​ ​ ដូច្នេះ​ខ្ញុំ​គាំទ្រសកម្ម​ភាព​សាលាក្តី​ខ្មែរក្រហម​ហ្នឹង​គួរ​តែ​បន្ត​ទៅទៀត​ ឲ្យ​ចប់​ចុង​ចប់​ដើម​ រក​ការណ៍​ពិត​ឲ្យ​ឃើញ​ ហើយប្រាប់​គេ​ឲ្យ​ដឹង​ថា​ ហេតុ​អី​ជំនាន់​ហ្នឹង​កើត​មាន​អញ្ចឹង​ ​ហើយ​នឹង​ដើម្បីទប់​ស្កាត់​អំពើ​ហ្នឹង​កុំ​ឲ្យ​កើត​មាន​តទៅ​ទៀត ​សម្រាប់មនុស្ស​លោក​ ដូច្នេះ​ហើយ​ចម្លើយ​ខ្លី​របស់​ខ្ញុំ​គឺ​ថា​ ខ្ញុំ​គាំ​ទ្រ»។​

សាលាក្តី​ដែល​បាន​ដំណើរការ​តាំង​ពី​ឆ្នាំ​២០០៦​មក​រហូត​ដល់ឆ្នាំ​២០១៤ បាន​ប្រើប្រាស់​ថវិកា​អស់​ចំនួន​ប្រមាណ​២៣២,៤​លាន​ដុល្លារ​អាមេរិក​ក្នុង​នោះ​ភាគី​ជាតិ​បាន​ចំណាយ​៥៥,៧​លាន​ដុល្លារ​អាមេរិក ​និង​ភាគី​អន្តរជាតិ​បាន​ចំណាយ​១៧៦,៦​លាន​ដុល្លារ​អាមេរិក។​ ​ យោង​ទៅ​តាម​ការ​បញ្ជាក់​ពី​លោក​នេត្រ ភក្រ្តា​ អ្នក​នាំ​ពាក្យ​សាលាក្តី​ខ្មែរក្រហម​ឲ្យដឹង​ថា​ ការ​ចំណាយ​សម្រាប់​ឆ្នាំ​២០១៥​គឺ​មាន​ចំនួន​៣៣,​៧​លាន​ដុលារ​អាមេរិក។​

ជំនួយ​ហិរញ្ញ​វត្ថុ​ដែល​ប្រទេស​ជប៉ុន​បាន​ផ្តល់​ដល់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​រហូត​មក​ទល់​នឹង​ពេល​នេះ​គឺ​មាន​ចំនួន​សរុប​ជាង​៨៣​លាន​ដុល្លារអាមេរិក។​

កាល​ពី​ដើម​ខែ​តុលា​កន្លង​ទៅ​នេះ​ រដ្ឋាភិបាល​អូស្ត្រាលី​ក៏​បាន​សន្យា​ផ្តល់​ថវិកា​បន្ថែម​ចំនួន​៣.២៥០.០០០​ដុល្លារ​អូស្ត្រាលី ​(ប្រហែល​២​លាន​៣​សែន​ដុល្លារ​សហ​រដ្ឋ​អាមេរិក)​ដល់​សាលាក្តី​ខ្មែរក្រហម​សម្រាប់​ដំណើរការ​នៅ​ផ្នែក​ភាគី​អន្តរជាតិ​នៃ​សាលាក្តី​នេះ៕