មេដឹកនាំជប៉ុន ឥណ្ឌា អូស្ត្រាលីនិងសហរដ្ឋអាមេរិក នឹងជួបប្រជុំគ្នានៅសប្តាហ៍ក្រោយនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុនដើម្បីស្វះស្វែងរកការមូលមតិគ្នាក្នុងការទប់ទល់នឹងចិន បើទោះបីជាមានការខ្វែងគំនិតគ្នានៃក្រុមប្រទេសទាំងនេះលើការឈ្លានពានរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនក្តី។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ក្រុមប្រទេសចតុភាគី Quad មានបំណងធ្វើឱ្យមានការឯកភាពគ្នាលើការប្រឆំាងនឹងការពង្រីកឥទ្ធិពលផ្នែកសេដ្ឋកិច្ច យោធានិងបច្ចេកវិទ្យាដោយប្រទេសចិន។
ក្រុមប្រទេសនេះមានការបែកបាក់គ្នាស្តីពីប្រទេសអ៊ុយក្រែន ដោយឥណ្ឌាជាប្រទេសសមាជិកតែមួយគត់ដែលមិនបានធ្វើការរិះគន់ចំៗឬដាក់ទណ្ឌកម្មប្រឆាំងនឹងរដ្ឋាភិបាលក្រុងមូស្គូ ហើយផ្ទុយទៅវិញ ឥណ្ឌាបានបង្កើនការនាំចូលប្រេងពីប្រទេសរុស្ស៊ីថែមទៀតផង។
អ្នកសង្កេតការណ៍ជាច្រើនជឿថា រដ្ឋាភិបាលក្រុងប៉េកាំងកំពុងសម្លឹងមើលលើការឆ្លើយតបជាអន្តរជាតិជុំវិញសង្គ្រាមនៅអ៊ុយក្រែន ខណៈដែលខ្លួនកំពុងគិតពិចារណាជម្រើសនានាសម្រាប់បង្រួបបង្រួមកោះតៃវ៉ាន់ជាមួយចិនដីគោកនោះ។
ក្រុមប្រទេសចតុភាគី Quad នឹងពិភាក្សាគ្នាពីវិធីផ្សេងៗដែលគេអាចដើម្បីបង្កើនការកំញ៉ើញក៏ដូចជាប្រតិបត្តិការយោធាទាក់ទងនឹងប្រទេសចិន។ នេះបើតាមការលើកឡើងរបស់លោក Robert Dujarric ដែលជាសហនាយកនៃវិទ្យាស្ថានសិក្សាកិច្ចការអាស៊ីនៅសាកលវិទ្យាល័យ Temple សហរដ្ឋអាមេរិក។
លោកបានប្រាប់ទីភ្នាក់ងារព័ត៌មានAFPថា វេទិកាពិភាក្សានៃក្រុមប្រទេសចតុភាគីដែលនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភាខាងមុខនេះ នឹងបង្ហាញដល់រដ្ឋាភិបាលក្រុងប៉េកាំងថា ពួកគេកំពុងធ្វើការរួមគ្នាដើម្បីទប់ទល់ កំញើញនិងប្រឆាំងចិន។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងទៅដល់ប្រទេសជប៉ុនជាលើកទី១ចាប់តាំងពីលោកចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកមក ហើយលោកត្រូវបានគេសង្ឃឹមថា នឹងធ្វើការជួបប្រជុំទ្វេភាគីផងដែរជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ដើម្បីប្រយុទ្ធទប់ទល់នឹងប្រទេសចិននោះ។
សេចក្តីរាយការណ៍ព័ត៌មានមួយចំនួនលើកឡើងថា មេដឹកនាំទាំងពីរអាចនឹងចេញសេចក្តីថ្លែង ការណ៍រួមគ្នាមួយដោយព្រមានថា ពួកគេត្រៀមខ្លួនរួចហើយដើម្បីឆ្លើយតបទៅនឹងសកម្ម ភាពរបស់ចិនដែលបំផ្លាញស្ថិរភាពក្នុងតំបន់។
ជប៉ុនតែងបានលើកឡើងជាប្រចាំអំពីក្តីបារម្ភរបស់ខ្លួនជុំវិញការបង្កើនការល្បាតរបស់ចិននៅក្នុងតំបន់ជម្លោះដែនកោះមួយចំនួនហើយក៏មានការពិភាក្សាកាន់តែច្រើនឡើងផងដែរថាតើសហរដ្ឋអាមេរិកនិងសម្ពន្ធមិត្តត្រូវឆ្លើយតបដោយរបៀបណាចំពោះការគំរាមកំហែងរបស់ចិនលើកោះតៃវ៉ាន់នោះ៕