ក្រុមហ៊ុនមួយរបស់ប្រទេសជប៉ុនបានបាញ់បង្ហោះយានអវកាសរបស់ខ្លួនទៅកាន់ភពព្រះចន្ទកាលពីថ្ងៃអាទិត្យម្សិលមិញ បន្ទាប់ពីមានការពន្យារពេលអស់ពេលជាច្រើនលើកកន្លងទៅ ដែលជាជំហានដំបូងរបស់ប្រទេសនេះ ក៏ដូចជាក្រុមហ៊ុនឯកជនផងដែរ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
បេសកកម្មរបស់យានអវកាស Inc's HAKUTO-R ត្រូវបានបាញ់បង្ហោះទៅលើអាកាសដោយពុំមានឧប្បតិ្តហេតុណាមួយឡើយចេញពីជ្រោយនៃឆ្នេរ Cape Canaveral ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក បន្ទាប់ពីមានការផ្អាកអស់ចំនួន២ដង ដោយសារតែមានការត្រួតពិនិត្យទៅលើជើងទម្ររ៉ុក្កែត SpaceX Falcon 9 របស់វា។
មានមនុស្សប្រមាណជាង១០០នាក់ បានចូលរួមក្នុងពិធីមើលការបាញ់បង្ហោះយានអវកាសនេះ ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយមានការស្រែកហ៊ោកញ្ជៀវដោយការអបអរ នៅពេលដែលជើងទម្ររ៉ុក្កែតនៃយានយន្តនេះ ត្រូវបានបាញ់បង្ហោះឡើងដើម្បីនាំយានអវកាសនោះចូលទៅក្នុងផ្ទៃរាត្រីកាលដ៏ងងឹតនោះ។
«ខ្ញុំសប្បាយរីករាយណាស់ បន្ទាប់ពីមានផ្អាកអស់ជាច្រើនដង។ វាជាការល្អណាស់ដែលការបាញ់បង្ហោះយានអវកាសរបស់ជប៉ុននេះ ត្រូវបានធ្វើឡើងដោយត្រឹមត្រូវនៅថ្ងៃនេះ»។ នេះបើតាមការឱ្យដឹងរបស់បុគ្គលិកធ្វើការក្នុងក្រុមហ៊ុនអេឡិចត្រូនិកក្នុងប្រទេសជប៉ុនម្នាក់ឈ្មោះ Yuriko Takeda អាយុ២៨ឆ្នាំ ដែលបានចូលរួមក្នុងកម្មវិធីមើលការបាញ់បង្ហោះយានអវកាសរបស់ជប៉ុនមួយនេះ។
បេសកកម្មដ៏ជោគជ័យនៃការបាញ់បង្ហោះយានអវកាសរបស់ជប៉ុននេះ គឺជារឿងដ៏សំខាន់មួយ នៅក្នុងកិច្ចសហប្រតិបត្តិការអវកាសរវាងប្រទេសជប៉ុននិងសហរដ្ឋអាមេរិក ខណៈពេលដែលប្រទេសចិន កំពុងក្លាយជាគូប្រកួតប្រជែងកាន់តែខ្លាំងឡើង ហើយការបាញ់បង្ហោះដោយទម្ររ៉ុក្កែតរបស់រុស្ស៊ីលែងមានទៀតហើយ ស្របពេលដែលរុស្ស៊ីឈ្លានពានប្រទេសអ៊ុយក្រែន៕
ទីក្រុងតូក្យូ —