ជប៉ុនបានយល់ព្រមយ៉ាងឆាប់រហ័សឲ្យប្រើឱសថ Remdesivir ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩នៅក្នុងប្រទេស។
ថ្លែងទៅកាន់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រម្សិលមិញនៅក្នុងទីក្រុងតូក្យូ លោក Yoshihide Suga នាយខុទ្ទកាល័យគណៈរដ្ឋមន្រ្តីជប៉ុន បានបញ្ជាក់ពីការយល់ព្រមឲ្យប្រើឱសថ Remdesivir ដោយក្រសួងសុខាភិបាល ការងារ និងសុខមាលភាព។ លោកបាននិយាយទៀតថា ក្រុមហ៊ុន Gilead Sciences ដែលជាក្រុមហ៊ុនផលិតឱសថ បានប្រាប់ពួកគេថា ការផ្គត់ផ្គង់នឹងមានកម្រិតមួយរយៈពេល ដូច្នេះនឹងត្រូវផ្តល់អាទិភាពដល់អ្នកជំងឺធ្ងន់ៗភាគច្រើន។
នាយខុទ្ទកាល័យនោះបាននិយាយទៀតថា ជប៉ុនកំពុងធ្វើការជាមួយក្រុមហ៊ុន Gilead ដើម្បីទទួលបានឱសថកាន់តែច្រើនឡើងដែលអាជ្ញាធរសុខាភិបាលអាចយកទៅព្យាបាលអ្នកជំងឺដែលត្រូវការឱសថនោះ។
ចំណាត់ការរបស់ជប៉ុនបានកើតមានឡើងបន្ទាប់ពីបានទទួលការអនុញ្ញាតកាលពីសប្តាហ៍មុនដោយនិយ័តករសហរដ្ឋអាមេរិកអនុញ្ញាតឲ្យប្រើឱសថ Remdesivir ក្នុងគ្រាអាសន្នដែលបានបង្ហាញក្នុងការជួយអ្នកជំងឺមេរោគកូរ៉ូណាខ្លះឲ្យជាសះស្បើយបានយ៉ាងលឿននៅក្នុងការសាកល្បងនៅគ្លីនិក។
សេចក្តីថ្លែងការណ៍ពីក្រុមហ៊ុន Gilead បានប្រាប់ឲ្យដឹងថា ការអនុម័តដ៏ឆាប់រហ័សរបស់ជប៉ុនផ្អែកមួយផ្នែកធំលើទិន្នន័យគ្លីនិកមកពីការសាកល្បងទាំងអស់នោះដែលបានធ្វើឡើងដោយវិទ្យាស្ថានសុខាភិបាលជាតិសហរដ្ឋអាមេរិក។ ជប៉ុន និងសហរដ្ឋអាមេរិកជាប្រទេសតែ២គត់រហូតមកទល់ពេលនេះបានអនុញ្ញាតឲ្យប្រើប្រាស់ឱសថនោះដើម្បីព្យាបាលជំងឺកូវីដ១៩។
លោកវេជ្ជបណ្ឌិត Anthony Fauci អ្នកជំនាញកំពូលខាងជំងឺឆ្លងរបស់សហរដ្ឋអាមេរិកបាននិយាយកាលពីសប្តាហ៍មុនថា ឱសថនេះមិនមែនដោះស្រាយបញ្ហាទាំងអស់ទេ ក៏ប៉ុន្តែ បង្ហាញនូវក្តីសង្ឃឹមថា ជាការព្យាបាលជំងឺនោះបាន។
សហរដ្ឋអាមេរិកបានរាយការណ៍ថា មានការឆ្លងជាង១លាន២សែនករណី ដោយមានមនុស្សស្លាប់លើសពី៧ម៉ឺន៥ពាន់នាក់ ខណៈដែលជប៉ុន បានរាយការណ៍ថា មានការឆ្លង១ម៉ឺន៥ពាន់ករណី និងមនុស្សស្លាប់៥៨០នាក់៕