នាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga ត្រូវគេរំពឹងថានឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា និងប្រទេសហ្វីលីពីននៅចុងខែមេសានេះ។ ដំណើរទស្សនកិច្ចនេះគឺជាវិធានការមួយដើម្បីពង្រឹងទំនាក់ទំនងនៅក្នុងតំបន់ បន្ទាប់ពីលោកបានជួបប្រជុំជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden មក។
នៅក្នុងដំណើរទស្សនកិច្ចនេះ លោក Suga នឹងជួបពិភាក្សាជាមួយនឹងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi និងប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Kyodo News ដែលដកស្រង់ប្រភពរដ្ឋាភិបាលជប៉ុន។
បើយោងតាមអ្នកវិភាគនានា ប្រទេសជប៉ុនចង់ពង្រឹងទំនាក់ទំនងនៅក្នុងទ្វីបអាស៊ីដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិននៅក្នុងតំបន់។
ចំណុចនេះគឺជាការបន្តធ្វើតាមគោលបំណងរបស់លោកនៅក្នុងជំនួបជាមួយនឹងលោក Biden ដែលជាជំនួបមួយដែលគេមើលឃើញថាជាការសង្កត់ធ្ងន់លើភាពខ្លាំងក្លានៃសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិកនិងប្រទេសជប៉ុននៅចំពោះមុខប្រទេសចិនដែលជាគូប្រជែងរួមរបស់ពួកគេ។
អ្នកវិភាគមួយចំនួនបានប្រាប់ VOA ភាសាចិនកុកងឺថា ដំណើរទស្សនកិច្ចដែលត្រូវគេរំពឹងឡើងរបស់លោក Suga នេះ មានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសឥណ្ឌានិងហ្វីលីពីន ផ្អែកលើចក្ខុវិស័យរួមនៃ «តំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលមានលក្ខណៈសេរីនិងបើកចំហ»។
ពួកគេបាននិយាយថា មានការរំពឹងទុកថា កិច្ចសហប្រតិបត្តិការសន្តិសុខនៅក្នុងតំបន់នឹងកើនឡើងក្នុងចំណោមប្រទេសនានា ដែលក្នុងនោះរួមមានទាំងប្រទេសជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី ឥណ្ឌា និងហ្វីលីពីនផងដែរ នៅពេលដែលប្រទេសទាំងនេះយល់ឃើញអំពីការគំរាមកំហែងកើនឡើងពីប្រទេសចិន។
ប៉ុន្តែ កិច្ចសហប្រតិបត្តិការសន្តិសុខរបស់ប្រទេសជប៉ុនជាមួយនឹងឥណ្ឌានិងហ្វីលីពីនទំនងជានឹងកើនឡើងយឺតៗ ដោយសារប្រទេសទាំង ៣ ចង់រក្សាទំនាក់ទំនងសេដ្ឋកិច្ចជាមួយនឹងប្រទេសចិន។
ក្រុមប្រទេស Quad និងសន្តិសុខក្នុងតំបន់
ចាប់តាំងពីពេលដែលលោក Biden បានចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីខែមករាមក វេទិកាសន្ទនាសន្តិសុខចតុភាគី ដែលគេហៅថា Quad បានក្លាយជាការផ្ដោតនៃវិធានការនានានៅក្នុងការទប់ទល់នឹងឥទ្ធិពលកើនឡើងរបស់ប្រទេសចិនទាំងផ្នែកសេដ្ឋកិច្ចនិងយោធានៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ក្រុមប្រទេស Quad មានប្រទេសជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី និងឥណ្ឌាជាសមាជិក។
កាលពីចុងខែវិច្ឆិកា ឆ្នាំមុន ប្រទេសជប៉ុនបានធ្វើសមយុទ្ធដែនសមុទ្រ Malabar រួមគ្នាជាមួយសហរដ្ឋអាមរិក អូស្ត្រាលី និងឥណ្ឌា ដើម្បីបង្ហាញភាពខ្លាំងក្លានៃទាហានជើងទឹករបស់ក្រុមប្រទេស Quad។
កាលពីខែមីនា បណ្ដាមេដឹកនាំនៃក្រុមប្រទេស Quad បានឯកភាពគ្នានៅក្នុងកិច្ចប្រជុំតាមអនឡាញមួយនៅក្នុងការរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលប្រទេសចិនធ្វើឲ្យប៉ះពាល់ដល់ «របៀបរបបដែនសមុទ្រផ្អែកលើច្បាប់» នៅក្នុងសមុទ្រចិនខាងត្បូងនិងសមុទ្រចិនខាងកើត។
វិបសាយ The Print ដែលជាសារព័ត៌មានតាមអនឡាញរបស់ប្រទេសឥណ្ឌា បានបញ្ជាក់ថា៖ «នៅពេលបច្ចុប្បន្ននេះ ប្រទេសឥណ្ឌា ជប៉ុន និងហ្វីលីពីនកំពុងប្រឈមនឹងឧបសគ្គពីប្រទេសចិន ដោយមានការគំរាមកំហែងដល់បូរណភាពទឹកដីរបស់ពួកគេ»។
ប្រទេសឥណ្ឌាបានជាប់គាំងនៅក្នុងជម្លោះព្រំដែនជាមួយប្រទេសចិននៅក្នុងតំបន់តាមបណ្ដោយព្រំដែនរួមរបស់ពួកគេនៃជួរភ្នំហិមាល័យខាងជើងអស់រយៈពេលជិតមួយឆ្នាំមកហើយ។
ប្រទេសជប៉ុននិងចិនមានជម្លោះជាមួយគ្នាលើកោះ Senkaku/Diaoyu ដែលគ្មានមនុស្សរស់នៅ នៅក្នុងសមុទ្រចិនខាងកើតអស់រយៈពលរាប់ឆ្នាំមកហើយ។
ប្រទេសហ្វីលីពីននិងចិនមានជម្លោះជាមួយគ្នាលើសិទ្ធិនេសាទ និងការគ្រប់គ្រងដែនសមុទ្រចិនខាងត្បូងអស់រយៈពេលរាប់ឆ្នាំមកហើយ។ ដែនសមុទ្រចិនខាងត្បូងនេះក៏មានការទាមទារកាន់កាប់ពីប្រទេសព្រុយណេ ម៉ាឡេស៊ី វៀតណាម និងកោះតៃវ៉ាន់ផងដែរ។
លោក Denny Roy ដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់និងជាអ្នកមើលការខុសត្រូវលើកម្មវិធីស្រាវជ្រាវ POSCO នៃមជ្ឈមណ្ឌល East-West នៅក្នុងទីក្រុង Honolulu រដ្ឋ Hawaii សហរដ្ឋអាមេរិក បាននិយាយថា ប្រទេសឥណ្ឌាគឺជាប្រទេសរួញរាជាងគេក្នុងចំណោមសមាជិកក្រុមប្រទេស Quad។
លោក Roy បានបញ្ជាក់ប្រាប់ VOA ភាសាចិនកុកងឺថា ប្រទេសឥណ្ឌា «នឹងតែងតែមានការប្រយ័ត្នប្រយែងជាងគេនៅក្នុងការតតាំងជាមួយនឹងចិន ដោយសារតែការមិនចូលបក្ខសម្ព័ន្ធតាំងពីយូរយារណាស់មកហើយរបស់ខ្លួន ការខ្វះការមូលមតិគ្នាលើតួនាទីយុទ្ធសាស្ត្រនៅក្នុងតំបន់ដែលខ្លួនចង់បាន និងការពឹងពាក់ទៅវិញទៅមកផ្នែកសេដ្ឋកិច្ចជាមួយប្រទេសចិន»។
លោក Roy បានបន្តថា ក្ដីកង្វល់កើនឡើងអំពីឥទ្ធិពលគ្របសង្កត់របស់ចិន និងការប៉ះទង្គិចតាមព្រំដែនក្នុងពេលថ្មីៗកន្លងទៅនេះ «កំពុងធ្វើឲ្យឥណ្ឌាកាន់តែគាំទ្រលើកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយប្រទេសជប៉ុន»។
លោក Richard Weitz ប្រធានមជ្ឈមណ្ឌលវិភាគកិច្ចការនយោបាយនិងយោធានៃវិទ្យាស្ថាន Hudson បានប្រាប់ VOA ភាសាចិនកុកងឺតាមអ៊ីមែលថា ទោះបីជាប្រទេសឥណ្ឌានិងជប៉ុនមានក្ដីបារម្ភដូចគ្នាអំពីភាពគឃ្លើននិងការគំរាមកំហែងរបស់ចិនក៏ដោយ ក៏ជាទូទៅ ឥណ្ឌាមានការស្ទាក់ស្ទើរនៅក្នុងការចូលរួមនៅក្នុងសម្ព័ន្ធភាពដើម្បីប្រឆាំងនឹងចិន។
នៅក្នុងប្រទេសហ្វីលីពីន លោកប្រធានាធិបតី Duterte ទំនងជានៅបន្តងាកទៅរករដ្ឋាភិបាលក្រុងប៉េកាំងកាន់តែជិតជាងមុន។
លោក Duterte បានប្រកាសអំពី «ការផ្ដាច់ខ្លួន» ចេញពីសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ ២០១៦ បានទទួលយកថវិកាចំនួន ២ ពាន់លានដុល្លារពីប្រទេសចិននៅក្នុងឆ្នាំ ២០១៩ ដើម្បីអភិវឌ្ឍឡើងវិញនូវអតីតមូលដ្ឋានយោធាសហរដ្ឋអាមេរិក និងបានទទួលបានវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Sinovac Biotech របស់ចិន កាលពីថ្ងៃទី ២៩ ខែមីនា បន្ទាប់ពីរដ្ឋាភិបាលហ្វីលីពីនបានបញ្ជាទិញ។ លោក Duterte បានស្វាគមន៍វ៉ាក់សាំងនេះដោយផ្ទាល់។
លោក Roy បានប្រាប់ VOA ថា វាពិបាកនៅក្នុងការទស្សន៍ទាយអំពីរបៀបដែលលោក Duterte នឹងមានប្រតិកម្មចំពោះដំណើរទស្សនកិច្ចរបស់លោក Suga ទោះបីជាលោកបានកត់សម្គាល់ឃើញថា លោក Duterte និងលោក Suga មានកិច្ចសន្ទនាបែបវិជ្ជមានជាមួយគ្នាតាមទូរស័ព្ទកាលពីខែធ្នូ ឆ្នាំមុនក៏ដោយ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ