ជប៉ុន​ស្នើ​ឲ្យ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​កូរ៉េខាង​ត្បូង​និង​កិច្ច​សហប្រតិបត្តិការ​លើ​បញ្ហា​កូរ៉េខាងជើង

  • Reuters

រូបឯកសារ៖ នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Yoshihide Suga ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីការតែងតាំងរូបលោកជានាយករដ្ឋមន្ត្រីជប៉ុនថ្មីជាផ្លូវការ នៅវិមាននាយករដ្ឋមន្ត្រី ក្នុងទីក្រុងតូក្យូ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០។

នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​ជប៉ុន​លោក Yoshihide Suga បាន​សន្ទនា​ជា​លើក​ដំបូង​ជាមួយ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​ស្នើ​ឲ្យ​ប្រទេស​ទាំង​ពីរ​ស្ដារ​ឡើងវិញ​នូវ​ទំនាក់ទំនង​ដែល​ប្រេះឆារ និង​សហការ​គ្នា​ ដើម្បី​ទប់ទល់​នឹង​ការ​គំរាម​កំហែង​ណា​មួយ​ពី​ប្រទេស​កូរ៉េខាង​ជើង។

ទំនាក់ទំនង​រវាង​ប្រទេស​សម្ព័ន្ធមិត្ត​ទាំង​ពីរ​របស់​សហរដ្ឋ​អាមេរិក​នេះ បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​ពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយសារ​បញ្ហា​ប្រវត្តិសាស្ត្រ​សម័យ​សង្គ្រាម​និង​បញ្ហា​ពាណិជ្ជកម្ម ជា​ពិសេស​ទាក់ទិន​នឹង​បញ្ហា​ដែល​ពលករ​កូរ៉េ​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើការ​នៅ​ក្រុមហ៊ុន​ជប៉ុន​ ក្នុង​អំឡុងពេល​ជប៉ុន​ដាក់​អាណានិគម​លើ​ឧបទ្វីប​កូរ៉េ​ពី​ឆ្នាំ ១៩១០ ដល់​ឆ្នាំ ១៩៤៥។

លោក Suga ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ «ខ្ញុំ​បាន​ប្រាប់​លោក​ប្រធានាធិបតី Moon Jae In ថា យើង​មិន​អាច​ទុក​ឲ្យ​ទំនាក់ទំនង​តឹងតែង​ខ្លាំង​នៅ​ពេល​បច្ចុប្បន្ន​នេះ​របស់​យើង​ស្ថិត​ក្នុង​ស្ថានភាព​ដូច​នេះ​នោះ​ទេ»។

លោក Suga បន្ថែម​ដូច្នេះ​ថា៖ «កិច្ច​សហប្រតិបត្តិការ​រវាង​ជប៉ុន និង​កូរ៉េខាងត្បូង ក៏ដូចជា​រវាង​ជប៉ុន សហរដ្ឋ​អាមេរិក និង​កូរ៉េខាងត្បូង​គឺ​សំខាន់​ ដើម្បី​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង និង​បញ្ហា​ផ្សេងៗ​ទៀត»។

លោក Moon Jae In ថា៖ «កូរ៉េខាងត្បូង និង​ជប៉ុន​គឺ​ជា​មិត្តភក្ដិ​ជិតស្និទ្ធ ដែល​ប្រកាន់​តម្លៃ​មូលដ្ឋាន និង​ប្រយោជន៍​យុទ្ធសាស្ត្រ​ដូចគ្នា និង​ជា​ដៃគូ​ដែល​គួរតែ​សហការ​គ្នា​ដើម្បី​សន្តិភាព និង​វិបុលភាព​របស់​ពិភពលោក និង​តំបន់​អាស៊ី​ឦសាន»៕