ពលរដ្ឋ​ជប៉ុន​ច្រើន​ពាន់​នាក់​​មិនទាន់​អាច​ទៅ​ផ្ទះ​បួន​ឆ្នាំ​ក្រោយ​ពីមហន្តរាយ​នុយក្លេអ៊ែរ

  • Brian​ Padden

ផ្សេង​​ចំណាយ​​វិទ្យុសកម្ម​​ពី​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​​នៅ​ប្រទេស​ជប៉ុន​​ពេល​​មាន​​ការ​​រញ្ជួយ​ដី​កាលពី​ឆ្នាំ​២០១១​​

នៅ​ប្រទេស​ជប៉ុន​មាន​មនុស្ស​ច្រើន​ពាន់នាក់​នៅតែ​មិន​ទាន់​មាន​ផ្ទះ​សម្បែង​នៅ​ឡើយ​ ហើយ​រោងចក្រ​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​ទាំងអស់​របស់​ប្រទេស​នេះ​នៅ​មិន​ទាន់​មាន​ប្រព័ន្ធ​បញ្ជា​តាម​អ៊ីនធើណិត​នៅ​ឡើង​ បួន​ឆ្នាំ​ក្រោយ​ពី​ការ​រញ្ជួយដី​មាន​កម្លាំង​រំញ័រ​៩,0​ លើ​ជញ្ជីង​រិចទ័រ​ និង​រលក​យក្ស​ Tsunami ​ដែល​បណ្តាល​ឲ្យ​មាន​មហន្តរាយ​នុយក្លេអ៊ែរ​ធំ​បំផុតនៅ​ក្នុងពិភព​លោក​តាំងពី​មាន​មហន្តរាយនៅ​រោងចក្រ​នុយ​ក្លេអ៊ែរ​នៅ​ Chernobyl ​ប្រទេស​រុស្ស៊ី។

លោក​ Brian Padden ​នៃ​វីអូអេរាយ​ការណ៍​ពីទីក្រុង​សេអ៊ូល​មក​ថា ​លោក ​Shinzo Abe ​នាយក​រដ្ឋមន្ត្រី​ជប៉ុន ​បាន​សន្យា​នឹង​ធ្វើ​ផែនការ​កសាង​ឡើង​វិញ​រយៈ​ពេល​៥​ឆ្នាំ​សម្រាប់​តំបន់​ដែល​រង​ការ​បំផ្លិច​បំផ្លាញ​ដោយ​សារ​មហន្តរាយ​នេះ ប៉ុន្តែ​លោក​នៅតែ​ជា​អ្នក​គាំទ្រ​ថាមពល​នុយ​ក្លេអ៊ែរ​ ថ្វីបើ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សាធារណជន​ក៏​ដោយ។​

មាន​មនុស្ស​ជាង​១២​ម៉ឺន​នាក់​ ដែលរស់​នៅ​ក្នុង​រង្វង់​២០គ.ម.​នៃ​រោង​ចក្រ​ថាមពល​នុយក្លេអ៊ែរ​ឈ្មោះ​ Daiichi ​នៅ ​Fukushima ​ប្រទេស​ជប៉ុន​ ត្រូវ​បាន​ជម្លៀស​កាលពី​ខែ​មិនា​ឆ្នាំ​២០១១​ ក្រោយពី​មាន​ការ​ខូច​ខាត​រោងចក្រ​នុយក្លេអ៊ែរ​ ដែល​ចាប់​ផ្តើម​ឲ្យ​មាន​ការ​លេច​វិទ្យុ​សកម្ម​នុយក្លេអ៊ែរ។​

ជន​ភៀស​ខ្លួន​ដោយសារ​នុយក្លេអ៊ែរ​ទាំង​នេះ​នៅ​តែ​មិន​អាច​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​គេ​នៅ​ឡើយ ​ពីព្រោះ​កម្រិត​វិទ្យុ​សកម្ម​មាន​កម្រិត​ខ្ពស់ ​ហើយ​គេ​នៅ​តែ​ព្រួយ​បារម្ភ​អំពី​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​រយៈ​ពេល​យូរ​ ដូចជា​ជំងឺ​មហារីក​ បណ្តាល​មកពី​ពួក​គេ​រង​ចំហាយ​វិទ្យុ​សកម្ម។​

លោក​សាស្ត្រាចារ្យ​ Jeff Kingston ​គឺ​ជា​នាយក​នៃ​ការ​សិក្សា​អំពី​អាស៊ី​នៅ​សាកល​វិទ្យាល័យ​ ​Temple University ​នៅ​ប្រទេស​ជប៉ុន។​ លោក​និយាយ​ថា​ ជន​ភៀស​ខ្លួន​ទាំង​នេះ​ក្លាយជា​និមិត្តរូប​នៃ​គ្រោះថ្នាក់​ដោយ​សារ​ថាមពល​នុយក្លេអ៊ែរ។​

«ប្រជាជន​ទាំង​នេះ​យល់​ច្បាស់​ណាស់​អំពី​ការ​និយាយ​មិន​ពិត​ទាក់​ទង​នឹង​សុវត្ថិភាព ​ដែល​រដ្ឋាភិបាល​ និង​រោង​ចក្រ​នានា​បាន​ឃោសនា​កន្លង​មក​ជា​ច្រើន​ទស​វត្សរ៍» ។​

លោក​នាយក​រដ្ឋ​មន្ត្រី ​Shinzo Abe​ បាន​ប្តេជ្ញា​នៅ​សប្តាហ៍​នេះ​ថា ​លោក​នឹង​មាន​ផែនការ​ថ្មី​រយៈ​ពេល​៥​ឆ្នាំ ​ដើម្បី​សាង​សង់​តំបន់​នៅ​ឆ្នេរ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ ដែល​ត្រូវ​បំផ្លាញ​ដោយ​រលក​យក្ស ​Tsunami។​ រដ្ឋាភិ​បាល​ត្រូវ​រាយ​ការណ៍​មក​ថា​ បាន​ចំណាយ​អស់​៥០​ពាន់​លាន​ដុល្លារ​ហើយ​សម្រាប់​តំបន់​ដែល​រង​ការ​បំផ្លិច​បំផ្លាញ​ច្រើន​ជាង​គេ។​

ប្រទេស​ជប៉ុន​បាន​បែងចែក​ថវិកា​ជាង​១៥​ពាន់​លាន​ដុល្លារ​សម្រាប់​គម្រោង​មួយ​ដើម្បី​បន្ថយ​វិទ្យុ​សកម្ម​នៅ​តាម​ទីក្រុង​នានា​ ដែល​នៅ​ជិត​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ ដែល​គេ​រក្សា​កាក​សំណល់​វិទ្យុ​សកម្ម​នៅ​តាម​ឃ្លាំង​ស្តុក​បណ្តោះ​អាសន្ន​ចំនួន​៨៨​ពាន់​ឃ្លាំង។​

រដ្ឋាភិបាល​ក្រុង​តូក្យូ​ក៏​មាន​ផែន​ការ​កសាង​ឃ្លាំង​ស្តុក​នុយក្លេអ៊ែរ​អចិន្ត្រៃយ៍​ នៅ​ជិត​រោងចក្រ​ ថ្វី​បើ​មាន​ការ​ប្រឆាំង​ពី​អ្នក​ស្រុក​ខ្លះ​ក៏​ដោយ។​

ក្រោយពី​មាន​មហន្តរាយនៅ ​Fukushima ​ រោង​ចក្រ​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​ទាំង​៤៨​របស់​ប្រទេស​ជប៉ុន​ត្រូវ​បិទ។ ​រោងចក្រ​ទាំង​នេះ​នៅ​តែ​បិទ​នៅ​ឡើយ ​ដោយ​សារ​តែមាន​កង្វល់​អំពី​សុវត្ថិភាព​ និង​ដោយ​សារ​លទ្ធ​ផល​នៃ​ការ​ស្ទង់​មតិ​បង្ហាញ​ថា ​មាន​សំឡេង​មហាជន​សាធារណៈ​ជាង​៦០​ភាគរយ​ប្រឆាំង​នឹង​ថាមពល​នុយក្លេអ៊ែរ។​

ក៏​ប៉ុន្តែ​លោក​ Shinzo Abe ​ដែល​ថ្មីៗ​នេះ​បាន​ជាប់​ឆ្នោត​ឡើង​វិញ​ ដោយ​មាន​សំឡេង​គាំទ្រ​ច្រើន​នោះ ​ នៅតែ​ជា​អ្នក​គាំទ្រ​ថាមពល​នុយក្លេអ៊ែរ។​

លោក​សាស្ត្រាចារ្យ​ Kingston ​ថ្លែង​ថា ​ជំហរ​មិនមាន​ប្រិយភាព​របស់​លោក​នាយក​រដ្ឋមន្ត្រី​នោះ​ត្រូវ​គេ​គិត​ថា ​មាន​ការ​គាំទ្រ​គ្រប់​គ្រាន់​ពីក្រុម​មេដឹក​នាំ​ជំនួញ​ ដែល​មាន​ចំណាប់​អារម្មណ៍​ច្រើន​បំផុត​នឹង​ឧស្សាហ​កម្ម​នុយក្លេអ៊ែរ។​

«អ្នក​ខ្លះ​នឹង​ខាតបង់​ធ្ងន់ធ្ងរ​ ប្រសិន​បើ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​មិន​អាច​ចាប់​ផ្តើម​ឡើង​វិញ​នោះ។ ​ហើយ​អ្នក​ទាំង​នេះ​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​ទៅ​លើ​ក្រុម​អ្នក​គ្រប់គ្រង​អំណាច ​ហើយ​លោក​នាយក​រដ្ឋ​មន្ត្រី​ Abe ​គឺ​ជា​មេ​ដឹកនាំ​របស់​គេ» ។​

តាំងពី​ឆ្នាំ​២០១២​មក​ ផលិត​កម្ម​ថាមពល​ព្រះអាទិត្យ​បាន​កើន​ឡើង​ដល់​កម្រិត​ដែល​ផ្តល់​ថាមពល​ស្មើ​នឹង​រោងចក្រ​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​ចំនួន​១១។​ ប៉ុន្តែ​ឥឡូវ​នេះ ​ប្រទេស​ជប៉ុន​ពឹង​អាស្រ័យ​លើការ​នាំ​ចូល​ថាម​ពល​ប្រេង​ឥន្ធនៈ​ហ្វូស៊ីល​ចំនួន​៩០​ភាគរយ​នៃ​ផលិត​កម្ម​ថាមពល​អគ្គិសនី​របស់​ប្រទេស​នេះ។​ រហូត​ដល់​ពេលថ្មីៗ​នេះ ​ ការ​ផលិត​ប្រេង​និង​ឧស្ម័ន​ត្រូវ​ចំណាយ​ច្រើន​ណាស់​លើស​ចំណាយ​ផលិត​កម្ម​ថាម​ពល​នុយក្លេអ៊ែរ។​

អ្នកស្រី ​Tomoko Murakami ​អ្នក​វិភាគ​នៅ​វិទ្យាស្ថាន​សេដ្ឋ​កិច្ច​ថាមពល​នុយក្លេអ៊ែរ​ជប៉ុន​គឺ​ Institute of Energy Economics ​Japan ​និយាយ​ថា​ ការ​ពឹង​អាស្រ័យ​របស់​ប្រទេស​នេះ​លើ​ថាមពល​ឥន្ធនៈ​ហ្វូស៊ីល​គឺ​ជា​កង្វល់​ដ៏​ធំ​ខាង​សន្តិសុខ​ថាមពលរបស់​ជប៉ុន ​ដោយសារ​ប្រេង​ឥន្ធនៈ​នេះ​មាន​តម្លៃ​ឡើង​ចុះ​ខ្លាំង​ ហើយ​នឹង​មាន​កង្វល់​ទាក់ទង​នឹង​អស្ថិរភាព​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ដែល​ផលិត​ប្រេង​ឥន្ធនៈ។​

«ការ​នាំ​ចូល​ឧស្ម័ន​ធម្មជាតិ​ច្រើន​ពេក​គឺ​ជា​ការ​ប្រថុយ​គ្រោះ​ថ្នាក់​ខ្លាំង​ គឺ​គ្រោះ​ថ្នាក់​ខ្លាំង​សម្រាប់​រោងចក្រ​របស់​ជប៉ុន»។​

អ្នកស្រី​និយាយ​ថា​ ថ្វី​បើ​អាច​មាន​គ្រោះ​ថ្នាក់​ក្តី ថាមពល​នុយក្លេអ៊ែរ​ធ្វើឲ្យ​ជប៉ុន​មាន​ស្ថិរភាពថាមពល។ ​ប៉ុន្តែ​សម្រាប់​ពល​រដ្ឋ​ជប៉ុន​ភាគ​ច្រើន​ ចំណាយ​និង​គ្រោះ​ថ្នាក់​នៃ​ថាមពល​នុយក្លេអ៊ែរ​ទំនង​ជា​មាន​ទំហំ​ធំធេង​ជាង​ឯករាជ្យ​ភាពខាង​សន្តិសុខ​ថាមពល ​ ក្រោយ​ពី​មាន​មហន្តរាយ​ថាមពល​នុយក្លេអ៊ែរ​នៅ​ Fukushima ​មក​នោះ៕