ភាគីអន្តរជាតិនៃសាលាក្តីកាត់ទោសខ្មែរក្រហមទទួលបានការសន្យាជាទឹកប្រាក់ជំនួយជិត១លាន៤សែនដុល្លារស.រ.អា.ពីរដ្ឋាភិបាលជប៉ុនដើម្បីដំណើរការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហមដែលនៅរស់រានមានជីវិតពីរនាក់។ ក៏ប៉ុន្តែសាលាក្តីនេះនៅខ្វះខាតថវិកាក្នុងដំណើរការរបស់ខ្លួនសម្រាប់ការចំណាយឆ្នាំ២០១៥។
ប្រទេសជប៉ុនបានសម្រេចផ្តល់ទឹកប្រាក់ជិត១លាន៤សែនដុល្លារស.រ.អា.ដល់ សាលាក្តីកាត់ទោសខ្មែរក្រហមដែលចូលរួមដោយអ.ស.ប.ដើម្បីបន្តទ្រទ្រង់ដំណើរការកាត់ទោស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាក្តី។
លោកនេត្រ ភក្ត្រា អ្នកនាំពាក្យនៃសាលាក្តីកាត់ទោសខ្មែរក្រហម បានអះអាង បន្ថែមប្រាប់វីអូអេកាលពីថ្ងៃច័ន្ទដែរថា៖
«នៅថ្ងៃនេះគឺប្រទេសជប៉ុនបានសម្រេចផ្តល់ថវិកាចំនួនជាង១លាន៣សែន៨ម៉ឺនដុល្លារស.រ.អា.ដល់សាលាក្តីខ្មែរក្រហមសម្រាប់ភាគីអន្តរជាតិ ដែលជួយសម្រួលក្នុងការចំណាយថវិកាក្នុងឆ្នាំ២០១៥របស់ភាគីអន្តរជាតិ»។
លោកបានបន្តថា ដោយឡែកសម្រាប់ភាគីជាតិ ដែលក្នុងគម្រោងថវិកាត្រូវការចំណាយចំនួន៦លានដុល្លារស.រ.អា.នោះ មិនទទួលបានការសន្យាណាមួយពីប្រទេសផ្សេងៗនៅឡើយទេ។ លោកនិយាយថា បានថវិកាតែរាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះ ដែលបានសន្យាផ្តល់ប្រាក់ប្រចាំឆ្នាំដើម្បីទ្រទ្រង់លើសេវាប្រតិបត្តិការទូទៅក៏ដូចជាសន្យាក្នុងការដោះស្រាយបញ្ហាប្រាក់បៀវត្សរ៍មន្ត្រីបុគ្គលិកជាតិរយៈពេល៦ខែដោយឆ្លងតាមស្មារតីនៃកិច្ចប្រជុំរវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនហើយនឹងលោកបាន់ គីម៊ូន អគ្គលេខាធិការអ.ស.ប.នៅប្រទេសភូមានោះ។
សាលាក្តីកាត់ទោសខ្មែរក្រហមត្រូវការទឹកប្រាក់២២លាន៩សែនដុល្លារសម្រាប់ ភាគីអន្តរជាតិ។ ហើយសម្រាប់ភាគីជាតិវិញគឺត្រូវការទឹកប្រាក់៦លានដុល្លារ។ ភាគីជាតិនៅខ្វះថវិកា៣លានដុល្លារទៀតសម្រាប់ការចំណាយដល់ប្រាក់ខែ បុគ្គលិកនៅឆ្នាំ២០១៥ និងការចំណាយផ្សេងៗទៀត។ ប្រទេសជប៉ុនជាប្រទេសផ្តល់ជំនួយធំជាងគេបង្អស់សម្រាប់សាលាក្តីនេះតាំងពីដើមមក ដោយបានបរិច្ចាកថវិកា៨២លានដុល្លារស.រ.អា.ដើម្បីគាំទ្រសាលាក្តី។
លោកនេត្រ ភក្ត្រាបានអះអាងថា សាលាក្តីខ្មែរក្រហមកំពុងរង់ចាំមើលការ សន្យាពីក្រុមប្រទេសម្ចាស់ជំនួយផ្សេងៗបន្ថែមទៀតដើម្បីគាំទ្រដល់ដំណើរការ កាត់ទោស។
សាលាក្តីកាត់ទោសខ្មែរក្រហម ថ្មីៗនេះ ត្រូវគេដឹងថា បានកាត់បន្ថយទំហំវិសាលភាពកិច្ចការរបស់ខ្លួនជាច្រើន ដោយសារខ្វះខាតថវិកាសម្រាប់ទ្រទ្រង់ការ ចំណាយនានា។
សាលាក្តីខ្មែរក្រហមកំពុងបន្តដំណើរការកាត់ទោសសំណុំរឿង០០២ វគ្គទី២ ដែលមានជនជាប់ចោទពីរនាក់គឺនួន ជា បងធំទី២ និងខៀវ សំផន អតីត ប្រមុខរដ្ឋរបបខ្មែរក្រហម ពីបទឧក្រិដ្ឋកម្មអន្តរជាតិជាច្រើន ដែលពាក់ព័ន្ធនឹង ការសម្លាប់ពលរដ្ឋខ្មែរជាង១លាន៧សែននាក់ក្នុងសម័យខ្មែរក្រហមពីខែមេសាឆ្នាំ១៩៧៥ដល់ខែមករាឆ្នាំ១៩៧៩៕