ជប៉ុន​ទាមទារ​ឲ្យ​ក្រុម​រដ្ឋ​​ឥស្លាម​ដោះ​លែង​ចំណាប់​ខ្មាំង

បុរស​ម្នាក់​មើល​ទូរទស្សន៍​ដែល​ផ្សព្វផ្សាយ​ពី​ព័ត៌មាន​អំពី​ការចាប់​ខ្លួន​ជន​ជាតិ​ជប៉ុន​២​នាក់ នៅ​​ឯ​ហាង​លក់​គ្រឿង​អេឡិចត្រូនិច​ក្នុង​ទីក្រុង​តូក្យូ កាល​ពី​ថ្ងៃ​អង្គារ ទី​២០ ខែ​មករា ឆ្នាំ​២០១៥។​

លោក​នាយករដ្ឋមន្រ្តី​ជប៉ុន Shinzo Abe ​បាន​ទាម​ទារ​ឲ្យ​ក្រុម​រដ្ឋ​អ៊ីស្លាម​ដោះលែង​ចំណាប់​ខ្មាំង​២​នាក់​ជា​បន្ទាន់​ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​វីដេអូ​ថ្មី​មួយ ហើយបាន​គំរាម​សម្លាប់​ពួកគេ​ប្រសិន​បើ​ជប៉ុន​មិន​បង់​ប្រាក់​លោះ​២​រយលាន​ដុល្លារទេ។​

លោក​នាយករដ្ឋ​មន្រ្តី Abe ​បាន​សម្តែង​ការខឹង​សម្បារនៅ​ថ្ងៃ​អង្គារ​នេះ​ ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ជន​សកម្ម​ប្រយុទ្ធ​បាន​បញ្ចេញ​វីដេអូ​ដែល​បង្ហាញ​ពី​មនុស្ស​ម្នាក់​និយាយ​ភាសា​អង់គ្លេស ​បិទ​មុខ​ដៃ​កាន់​កាំបិទ​ រួម​ជាមួយ​បុរស​២​នាក់​ស្លៀក​សំលៀកបំពាក់​ឈុត​ទឹក​ក្រូច ​លុត​ជង្គង់​នៅ​ក្បែរ​នោះ។

ជនសកម្មប្រយុទ្ធ​បាន​កំណត់​អត្តសញ្ញាណ​បុរស​ជាតិ​ជប៉ុន​ទាំង​២​នាក់​នោះ​ថា ​ជា​លោក Kenji Goto​ និងHaruna Yakawa ហើយ​បាន​រិះគន់​ជប៉ុន​ចំពោះ​ការគាំទ្រ​ដ៏​ឆ្កួត​លីលា​របស់​ខ្លួន​ដល់​កិច្ច​ខំ​ប្រឹង​ប្រែង​របស់​ប្រទេស​លោក​ខាង​លិច​ដើម្បី​ប្រយុទ្ធ​ក្រុម​រដ្ឋ​អ៊ីស្លាម។

កងទ័ព​ជប៉ុន ​មិន​បាន​ចូល​រួម​ជា​ផ្នែក​មួយ​នៃ​កងទ័ព​ចម្រុះ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ដែល​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​ជាង​១​៧០០​រយ​លើក​លើ​ក្រុម​រដ្ឋ​អ៊ីស្លាមនៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ប្រទេស​ស៊ីរី​ចាប់​តាំង​ពី​ខែ​សីហា​មក​នោះ​ទេ។ លោក Abe ​បាន​សន្យា​កាល​ពី​ថ្ងៃសៅរ៍​សប្តាហ៍​មុន​ក្នុង​ការ​ផ្តល់​ប្រាក់​២​រយ​លាន​ដុល្លារ​ជា​ជំនួយ​មិន​មែន​ផ្នែក​យោ​ធា​ដល់​ប្រទេស​នានា​ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​ក្រុម​ជ្រុល​និយម​និកាយ​ស៊ុននី។

លោក Yoshihide Suga ​នាយ​ខុទ្ទកាល័យ​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ក្នុង​ទីក្រុង​តូក្យូថា ​ការ​ចាប់​ចំណាប់​ខ្មាំង​ជា​ការមិន​អាច​អត់ឱន​ឲ្យ​បាន។ លោក​មាន​ប្រសាសន៍​ទៀត​ថា រដ្ឋាភិបាល​ជប៉ុន​កំពុង​ពិនិត្យ​មើល​ពី​ភាព​ពិត​ប្រាកដ​នៃ​វីដេអូ​នោះ ​ហើយ​នឹង​ខិតខំ​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ឲ្យ​ចំណាប់​ខ្មាំង​ទាំងនោះ​បាន​ដោះ​លែង​ឲ្យ​បាន​ឆាប់​រហ័ស​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើបាន៕