កម្ពុជានិងជប៉ុន ប្តេជ្ញាធ្វើឱ្យទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរកាន់តែល្អបន្ថែមទៀត តាមរយៈការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដូចជាការវិនិយោគ កិច្ចការការពារសន្តិសុខ និងទេសចរណ៍។
ប្រទេសជប៉ុនដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មសំខាន់មួយរបស់ប្រទេសកម្ពុជា និងជាប្រទេសដែលបានផ្តល់ជំនួយជាច្រើនដល់កម្ពុជាសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងការងារអភិរក្សសម្បត្តិវប្បធម៌។
កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបពិភាក្សាជាមួយលោក កុមឹរ៉ា ម៉ាសាហ៊ីរ៉ូ (Komura Masahiro) អនុរដ្ឋមន្រ្តី ក្រសួងការបរទេសជប៉ុន នៅវិមានសន្តិភាព ខណៈលោកបំពេញទស្សនកិច្ចនៅកម្ពុជា។ នេះបើតាមទំព័រហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រីកម្ពុជា។
ក្នុងជំនួបនោះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន បានលើកឡើងថា ជប៉ុននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត ស្របតាមស្មារតីនៃការឯកភាពគ្នារវាងប្រមុខរដ្ឋាភិបាលទាំងពីរ នាពេលកន្លងមក លើវិស័យជាច្រើនដូចជាវិស័យពាណិជ្ជកម្ម និងវិនិយោគ ឧស្សាហកម្ម ទេសចរណ៍ ឌីជីថល សន្តិសុខ និងការពារជាតិជាដើម។
លោក ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដែលជាទំនាក់ទំនងស្ថិតក្នុងកម្រិតល្អប្រសើរបំផុតក្នុងប្រវត្តិនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្ទាប់ពីការដំឡើងកម្រិតទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ»ក្នុងឆ្នាំ២០២៣។
ក្នុងរយៈពេល៦ខែនៃការដំឡើងកម្រិតទំនាក់ទំនងឱ្យទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា និងជប៉ុន បានសម្រេចនូវសមិទ្ធផលរួមគ្នាជាច្រើន ដូចជាការសម្ពោធផ្លូវជាតិលេខ៥ ការសម្ពោធស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ការពង្រីកកំពង់ផែស្វយ័តខេត្តព្រះសីហនុ និងការជំរុញវិនិយោគពីប្រទេសជប៉ុនមកកម្ពុជាជាដើម និងថា វិស័យការពារជាតិ និងសន្តិសុខ មានការរីកចម្រើនផងដែរតាមរយៈការធ្វើសកម្មភាពរួមគ្នាមួយចំនួនដូចជាទស្សនកិច្ចកងនាវានៃកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន ព្រមទាំងការធ្វើលំហាត់រួមគ្នា។ នេះបើតាមលោក ហ៊ុន ម៉ាណែត។
ស្របពេលមានការបំពេញទស្សនកិច្ចរបស់លោក កុមឹរ៉ា ម៉ាសាហ៊ីរ៉ូ (Komura Masahiro) អនុរដ្ឋមន្រ្តី ក្រសួងការបរទេសជប៉ុននៅកម្ពុជា ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា នឹងចុះហត្ថលេខាលើលិខិតប្តូរសារនិងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណទានសម្បទានទឹកប្រាក់ប្រមាណ១៥៤លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យ។
ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា៖ «ការផ្តល់ឥណទានសម្បទាននេះ បញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់ជប៉ុនក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ការគាំទ្រនេះ នឹងរួមចំណែកផងដែរដល់ការពង្រឹងទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ»។
អ្នកនាំពាក្យស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា អ្នកស្រី Miyoshi Asagi លើកឡើងថាអនុរដ្ឋមន្ត្រី ការបរទេសជប៉ុន លោក កុមឹរ៉ា ម៉ាសាហ៊ីរ៉ូ ក៏បានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកម្ពុជាអំពីការវិវឌ្ឍនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផងដែរ។
អ្នកស្រីបានបញ្ជាក់ឱ្យដឹងតាមសារអ៊ីមែលជាភាសាអង់គ្លេសហើយត្រូវបានប្រែសម្រួលជាខេមរភាសាថា៖ «ទំនាក់ទំនងរវាងប្រទេសទាំងពីរគឺឥតខ្ចោះឥឡូវ ជាមួយនឹងសន្ទុះដែលបង្កើត ឡើងដោយខួបលើកទី ៧០ នៃទំនាក់ទំនងការទូតកាលពីឆ្នាំមុន។ យើងឃើញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ហើយចង់បន្តដំណើរការតាមរបៀបនោះ»។
អ្នកវិភាគនយោបាយអន្តរជាតិ លោក សេង វណ្ណលី ប្រាប់វីអូអេថា ការទូតរបស់ជប៉ុនចំពោះកម្ពុជាគឺជាទម្រង់ការទូតមានភាពទន់ភ្លន់និងស្ងៀមស្ងាត់ ប៉ុន្តែលោកថា ជប៉ុនតែងតែសម្តែងការព្រួយបារម្ភ ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្ស និងដំណើរការប្រជាធិបតេយ្យដែលមិនទាន់មានភាពល្អប្រសើរនៅកម្ពុជា។
លោកថ្លែងថា៖ «នៅពេលជំនួបអនុរដ្ឋមន្ត្រីការបរទេសថ្មីៗនេះជាមួយប្រមុខដឹកនាំ យើ ងអត់ឃើញសេចក្តីថ្លែងការណ៍ណាមួយដែលភាគីជប៉ុនគាត់លើកឡើងពីកង្វល់របស់គាត់ទាក់ទិននឹងការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនិងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។ ខ្ញុំជឿថា គាត់ជជែកបញ្ហានេះផ្ទាល់ជាមួយនឹងប្រមុខថ្នាក់ដឹកនាំកម្ពុជាជាជាងជជែកនៅក្នុងជំនួបផ្លូវការទ្វេភាគីដែលមានគណៈប្រតិភូចូលរួមផ្សេងទៀត ដោយសារតែគាត់មិនចង់ឱ្យព័ត៌មានពាក់ព័ន្ធកង្វល់របស់គាត់ ដែលជាបញ្ហារសើប លេចឮទៅខាងក្រៅ ដែលវាអាចប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីរវាងជប៉ុននិងកម្ពុជា»។
បើតាមអ្នកវិភាគរូបនេះ ជប៉ុនដើរតួនាទីយ៉ាងសំខាន់នៅក្នុងនយោបាយកម្ពុជាតាមរយៈការជួយផ្សះផ្សាវិបត្តិនយោបាយ និងថា កម្ពុជាផ្តល់តម្លៃខ្ពស់នៅក្នុងទំនាក់ទំនងជាមួយជប៉ុន។
លោកបញ្ជាក់ថា៖ «តាមពិតទៅហេតុផលដោយសារតែជប៉ុនគឺជាតួអង្គមួយដែលមានសក្តានុពល ជាពិសេសជាតួអង្គមួយនៅក្នុងការរក្សាតុល្យភាពឥទ្ធិពលរបស់ចិននៅក្នុងតំបន់ ហើយក៏អាចការពារកម្ពុជាឱ្យចេញពីការរិះគន់របស់ប្រទេសបស្ចិមលោកក៏ដូចជាផ្សាភ្ជាប់ទំនាក់ទំនងរបស់កម្ពុជាជាមួយលោកខាងលិច លោកសេរី»។
នៅក្រោយពេលចូលកាន់អំណាច លោក ហ៊ុន ម៉ាណែត បានទៅបំពេញទស្សនកិច្ចលើកដំបូងក្នុងនាមជានាយករដ្ឋមន្ត្រីនៅប្រទេសជប៉ុន និងបានជួបពិភាក្សាទេ្វភាគីជាមួយនាយករដ្ឋមន្ត្រីលោក Fumio Kishida។ ក្នុងពេលបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានស្នើឱ្យរដ្ឋាភិបាលទីក្រុងតូក្យូមានការយកចិត្តទុកដាក់បន្ថែមទៀតលើការអភិវឌ្ឍធនធានមនុស្ស ជាពិសេសតាមរយៈកម្មវិធីអប់រំ និងការបង្កើតនូវការយល់ដឹងទូលំទូលាយរួមទាំងការគាំទ្រដល់វិស័យវប្បធម៌ សិល្បៈ និងកម្មវិធីផ្លាស់ប្តូរទំនាក់ទំនងយុវជនអាស៊ីបូព៌ា ដើម្បីពង្រឹងសមត្ថភាពនិងភាពធន់របស់យុវជន៕