ជប៉ុន​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ១៩​ខណៈ​​មាន​ការ​ព្រួយ​បារម្ភ​អំពី​កីឡា​អូឡាំពិក

  • Reuters

បុគ្គលិក​ពេទ្យ​ម្នាក់​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ចំនួន​មួយ​ដូស នៅ​មជ្ឈមណ្ឌល​សុខភាព​តូក្យូ ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។

ប្រទេស​ជប៉ុន បាន​ចាប់​ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​របស់​ខ្លួន​នៅ​ថ្ងៃ​ពុធ​នេះ ដោយ​ការ​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer-BioNTech ដល់​បុគ្គលិក​មន្ទីរពេទ្យ​ក្រុង​តូក្យូ ខណៈ​ដែល​លោក​នាយករដ្ឋមន្ត្រី Yoshihide Suga ប៉ុនប៉ង​ធ្វើ​ឲ្យ​បាន​ជោគជ័យនូវ​ការធ្វើ​ជា​ម្ចាស់​ផ្ទះរៀបចំ​កីឡា​អូឡាំពិក​នៅ​រដូវ​ក្តៅ​នេះ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

បុគ្គលិក​នៅ​ឯ​មជ្ឈមណ្ឌល​សុខាភិបាល​ក្រុង​តូក្យូ ស្ថិត​ក្នុង​ចំណោម​អ្នក​មាន​វិជ្ជាជីវៈ​ខាង​សុខាភិបាល​ចំនួន​៤០.០០០​នាក់​ដែលត្រូវ​ទទួល​ចាក់​មុន​គេ។ បន្ទាប់​មក​នឹង​ចាក់​ឲ្យបុគ្គលិក​សុខាភិបាល​ជាង​៣,៧​លាននាក់ ក្រោយ​មក​ទៀត​មនុស្ស​៣៦​លាន​នាក់​ដែល​មាន​អាយុ​ចាប់ពី​ ៦៥​ឆ្នាំ​ឡើង​ទៅ។

អនុរដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លោក Hiroshi Yamamoto បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ឯ​មន្ទីរពេទ្យ​បន្ទាប់​ពី​វ៉ាក់សាំង​ទី១ ត្រូវ​បាន​ចាក់​ថា៖ «នេះ​ជា​ជំហាន​ដ៏​សំខាន់មុន​ដំបូង​ឆ្ពោះ​ទៅ​កាន់​ការ​បញ្ចប់​ការ​រាតត្បាតនៃ​កូវីដ១៩»។

ជប៉ុន​ជា​សមាជិក​ចុងក្រោយ​គេ​បង្អស់​នៃ​ក្រុម​ប្រទេស​ដែល​មាន​ឧស្សាហកម្ម​ជឿនលឿន​ទាំង​៧ (G7) ដែល​ទើប​ចាប់ផ្តើមចាក់​វ៉ាក់សាំង។ រដ្ឋាភិបាល​មាន​គម្រោង​ចាក់​វ៉ាក់សាំង​ដល់​បុគ្គលិក​សុខាភិបាល​មុន​ដំបូង​គេ បន្ទាប់​មក​ពលរដ្ឋ​ចាស់ៗ អ្នក​ដែល​មាន​បញ្ហា​សុខភាព និង​បុគ្គលិក​នៅ​កន្លែង​ថែទាំ​មនុស្ស​ចាស់។

លោក​នាយករដ្ឋមន្ត្រី Suga បាន​និយាយ​ថា ការ​ចែកចាយ​វ៉ាក់សាំង នឹង​ក្លាយ​ជា​ការ​សំខាន់​មួយ​ដើម្បី​ធ្វើ​ឲ្យ​កីឡា​អូឡាំពិក​បាន​ទទួល​ជោគជ័យ ដែល​កីឡា​អូឡាំពិក​នោះ​ត្រូវ​បាន​ពន្យារ​ពេល​កាល​ពី​ឆ្នាំ​ទៅ ​ហើយ​មាន​កំណត់​ពេល​ចាប់ផ្តើម​នៅ​ចុង​ខែ​កក្កដា​ខាង​មុខ​នេះ។

លោក Taro Kono ប្រធាន​កម្មវិធី​ចាក់​វ៉ាក់សាំង​និយាយ​ថា រដ្ឋាភិបាល​មាន​គោលដៅ​ឲ្យ​មាន​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​ប្រជាពលរដ្ឋ​ជប៉ុនចំនួន​១២៦​លាន​នាក់នៅត្រឹម​ពាក់​កណ្តាល​ឆ្នាំ​២០២១​នេះ។ ការ​ចែកចាយចាក់វ៉ាក់សាំង អាច​ចំណាយ​ពេល​មួយ​ឆ្នាំ៕