សហរដ្ឋ​​​អាមេរិក៖ ការ​​​សម្លាប់​​​អ្នក​​​កាសែត​​​អាមេរិកាំង​​​ម្នាក់​​​នៅ​​​អ៊ីរ៉ាក់​​​កំពុង​​​ស្ថិត​​​ក្រោម​​​ការស៊ើប​​អង្កេត

រូបថត​​​អ្នក​​​កាសែត​​​សញ្ជាតិ​​​អាមេរិកាំង​​​លោក James Foley កាល​​​នៅ​​​មាន​​​ជីវិត។

ពួកមន្រ្តី​សហរដ្ឋ​អាមេរិក​ ​កំពុង​ធ្វើ​ការ​ដើម្បី​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ​នៃកាសែត​វីដេអូ​ដែល​ពួក​ជន​សកម្ម​ប្រយុទ្ធ Islamic State ​បានផ្សាយ​ពីការ​កាត់​ក្បាលអ្នក​កាសែត​ជាតិ​អាមេរិកាំង​ម្នាក់​ដែល​ជាសារ​មួ​យសម្រាប់​សហរដ្ឋ​អាមេរិក​ដើម្បី​បញ្ឈប់​ការ​ធ្វើ​អន្តរាគមន៍​ក្នុង​ប្រទេស​អ៊ីរ៉ាក់។

​លោកស្រី Caitlin Hayden ​អ្នកនាំ​ពាក្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋអាមេរិក ​បាន​មាន​ប្រសាសន៍​កាល​ពីយប់​ថ្ងៃ​អង្គារ​ថា ប្រសិនបើ​កាសែត​វីដេអូ ​បង្ហាញ​ពីការ​កាត់​ក្បាល លោក​ James Foley ជាការ​ពិត ​សហរដ្ឋ​អាមេរិក​ មាន​ការ​រន្ធត់​ពី​ឃាត​កម្ម​ដ៏​ព្រៃផ្សៃ​នេះ។

​លោកស្រី Diane ​ម្តាយ​របស់​លោក Foley បាន​ជំរុញ​ឲ្យ​ពួក​អ្នក​ប្រយុទ្ធ Islamic State ​កុំ​ធ្វើ​អ្វីឲ្យ​គ្រោះ​ថ្នាក់​ដល់​ចំណាប់​ខ្មាំង​ទៀត ​ដោយ​លោក​ស្រី ​មាន​ប្រសាសន៍​ថា ​ពួកគេ ជាមនុស្ស​ស្លូតត្រង់ដែល​គ្មាន​អ្វី​ទាក់​ទិន​នឹង​សកម្មភាព​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិកនៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរីទេ។ ​លោក​ស្រី ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ដែល​បាន​ចុះ​ផ្សាយ​ក្នុង​បណ្ដាញ​Facebook ​ថា ​កូនប្រុសរបស់​លោកស្រី​ ​បាន​លះបង់​ជីវិត​របស់​ខ្លួន​ដើម្បី​ព្យាយាម​ប្រាប់​ពិភពលោកពី​ការ​ឈឺចាប់របស់​ប្រជា​ពលរដ្ឋ​ស៊ីរី។

ពួក​ជនសកម្ម​ប្រយុទ្ធ​នៅ​ក្នុង​កាសែត​វីដេអូ ​ក៏​បាន​អះអាងពីឃុំឃាំ​ង​លោក​ Steven Sokoloff អ្នកកាសែត​អាមេរិកាំង​ម្នាក់​ទៀត​ដែរ ​ដែលពួក​ជន​សកម្ម​ប្រយុទ្ធ​អ៊ីស្លាម​ និយាយ​ថា ជីវិត​របស់​លោក ​អាស្រ័យ​ថា​ប្រធានា​ធិបតី​សហរដ្ឋ ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា ​ចាត់​វិធានការណ៍​យ៉ាង​ណានោះ។

​លោក​ប្រធានា​ធិបតី ​អូបាម៉ា បាន​បញ្ជារ​ឲ្យ​មាន​ការ​វាយ​ប្រហារតាម​អាកាស​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​ក្រុម Islamic State ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​នៅ​ដើម​ខែ​នេះ​ដើម្បី​ជួយ​រដ្ឋាភិបាល​អ៊ីរ៉ាក់ទប់​ទល់​នឹង​ក្រុម​ដែល​បាន​កាន់​កាប់តំបន់​នានា​ក្នុង​ផ្នែក​ខាង​ជើង​និង​ខាង​លិច​នៃ​ប្រទេស​អ៊ីរ៉ាក់​និង​ខាង​កើត​នៃ​ប្រទេស​ស៊ីរី។

លោក Foley បាន​រាយការណ៍​ពី​សង្គ្រាមក្នុង​ប្រទេស​ស៊ីរី​នៅពេល​ដែល​លោក ​បាន​បាត់​ខ្លួន​ក្នុង​ខែ​វិច្ឆិកា ​ឆ្នាំ​២០១២។ ​លោក Sokoloff ​បាន​បាត់​ខ្លួន​នៅ​ទី​នោះនៅ​ខែ​កក្ក​ដា ​ឆ្នាំ​២០១៣៕