មន្ត្រី​អាដហុក​៤រូប​នឹង​ចូល​សវនាការប្ដឹង​ជំ​ទាស់​ការ​បន្ត​ពន្យារពេល​ឃុំ​ខ្លួន​ពួកគេ

រូបភាព​ឯកសារ​៖ លោកស្រី​ លឹម​ មុនី ​មន្ត្រី​សិទ្ធិ​មនុស្ស​​នៃ​អង្គការ​អាដហុក​ នៅ​ឯ​តុលាការ​កំពូល ​ក្នុង​រាជធានី​​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៥​ ខែ​កញ្ញា​ ឆ្នាំ​២០១៦​។ (ហ៊ាន​ សុជាតា​/ VOA​)

លោក ឡោ ជុនធី​ មេធាវី​ការពារ​ក្តី​ឲ្យ​មន្ត្រី​អាដហុក​ទាំងនោះ​ ថ្លែង​ប្រាប់​ VOA ថា​ នីតិវិធី​របស់​តុលាការ​ហាក់​អូស​បន្លាយ​ពេល​យូរ​ពេក​ ក៏​ប៉ុន្តែ​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​ហាក់​គ្មាន​ការ​រីកចម្រើន​ឡើយ។

មន្ត្រី​ជាន់ខ្ពស់​អាដហុក​៤រូប​ រួមមាន​ លោក នី សុខា​ លោក យី សុខសាន្ត​ លោក ណៃ វ៉ង់ដា​ និង​ លោកស្រី លឹម មុនី នឹង​ចូល​សវនាការ​សាលាឧទ្ធរណ៍​ នា​ព្រឹក​ថ្ងៃពុធ​ស្អែក​នេះ​ ដើម្បី​ប្ដឹង​ជំទាស់​នឹង​ការ​សម្រេច​បន្ត​ឃុំ​ខ្លួន​ពួកគេ​រយៈពេល​៦ខែ​បន្ថែម​ទៀត។ ​ការ​សម្រេច​បន្តឃុំ​ខ្លួន​៦ខែ​ ជា​លើក​ទី២​ របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ លោក ធាម ច័ន្ទពិសិដ្ឋ​ នេះ​បាន​ធ្វើឡើង​កាល​ពី​ចុង​ខែ​មេសា​កន្លង​ទៅ។

រហូត​មក​ដល់​ពេលនេះ​ មាន​រយៈពេល​ជាង​មួយ​ឆ្នាំ​ហើយ​ ដែល​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​៤រូប​ និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប) មួយ​រូប​ ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ពី​បទ​សូកប៉ាន់​ និង​សម​គំនិត​សូកប៉ាន់​សាក្សី។

លោក ឡោ ជុនធី​ មេធាវី​ការពារ​ក្តី​ឲ្យ​មន្ត្រី​អាដហុក​ទាំងនោះ​ ថ្លែង​ប្រាប់​ VOA ថា​ នីតិវិធី​របស់​តុលាការ​ហាក់​អូស​បន្លាយ​ពេល​យូរ​ពេក​ ក៏​ប៉ុន្តែ​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​ហាក់​គ្មាន​ការ​រីកចម្រើន​ឡើយ។

រូបភាព​ឯកសារ៖ ​លោក ​យី ​សុខ​សាន្ត ​(ឆ្វេង​) ​លោក​ ណៃ​ វ៉ង់ដា (​កណ្តាល​) លោក​ នី ​សុខា​ (​ស្តាំ​) មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​អាដហុក​ នៅ​ឯ​តុលាការ​កំពូល​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៥​ ខែ​កញ្ញា​ ឆ្នាំ​២០១៦​។ (ហ៊ាន​ សុជាតា​/VOA)

​លោក​បន្ត​ថា​ នៅ​ពេល​នីតិវិធី​តុលាការ​មាន​រយៈពេល​យូរ​បែបនេះ​ តុលាការ​គួរ​អនុញ្ញាត​កូន​ក្ដី​របស់​លោក​ឲ្យ​នៅ​ក្រៅ​ឃុំ។

លោក ឡោ ជុនធី៖ «តាម​នីតិវិធី​ ត្រូវ​តែ​មាន​ការ​បិទ​បញ្ចប់​សំណុំ​រឿង។ ហើយ​លទ្ធផល​នៃ​ការ​បិទ​បញ្ចប់​សំណុំ​រឿង​ យើង​នឹង​ដឹង​ថា​តើ​ កូន​ក្តី​របស់​យើង​ត្រូវ​ជាប់​ចោទ​ ឬ​មិន​ជាប់​ចោទ។ អា​ហ្នឹង​ វា​សំខាន់។ ពេល​ចេញ​ដីកា​ដំណោះស្រាយ​ គេ​ត្រូវ​ដោះលែង​ គេ​ចោទ​ប្រកាន់​ ឬ​បញ្ជូន​ទៅ​ជំនុំ​ជម្រះ។ អា​ហ្នឹង​សំខាន់​ ជាងគេ​នៅ​ក្នុង​រឿង​ក្ដី»។

ដោយ​ឡែក​ មេធាវី​របស់​ លោក នី ចរិយា​ មន្ត្រី ​គ.ជ.ប មិន​បាន​ប្ដឹង​ជំទាស់​ក្នុង​នីតិវិធី​នេះ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ លោក​ស្រី យ៉ែម ចន្ថា​ ភរិយា​របស់​លោក នី ចរិយា។

ជារឿយៗ​ អង្គការ​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ​ជាច្រើន ​បាន​រិះគន់​ចំពោះ​ការ​ឃុំខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នេះ និង​បាន​លើកឡើង​ថា​ ការ​ឃុំ​ខ្លួន​រយៈពេល​យូរ​ហួស​ហេតុ​បែប​នេះ បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ជន​ជាប់​ឃុំ៕