អតីតអ្នកកាសែតអាស៊ីសេរីថាការសម្រេចបន្តឃុំខ្លួនពួកគាត់គឺ ជាការសងសឹកនិងបំបាក់ស្មារតី

លោក​ ​យាង សុធារិន​ ​ហៅ​ ​យាង សុជាមេត្តា​ ​​និង​លោក​ ​អ៊ួន ឈិន អតីត​អ្នកសារ​ព័ត៌មាន​អាស៊ីសេរី​កំពុង​ជាប់ឃុំ​។

អតីត​អ្នកសារ​ព័ត៌មាន​អាស៊ីសេរី​ ដែល​កំពុង​ជាប់ឃុំ ​នៅ​ថ្ងៃ​សុក្រ​នេះ លើកឡើង​ថា​ ​ការ​សម្រេច​មិន​អនុញ្ញាត​ឲ្យ​លោកបាន​នៅ​ក្រៅ​ឃុំ​ ​គឺជាការ​សងសឹក​ ​និង​បំបាក់​ស្មារតី​អតីត​អ្នកសារ​ព័ត៌មាន​ដែល​ហ៊ាន​រាយការណ៍ពីភាព​អវិជ្ជាមាន​របស់រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន។

ការ​លើក​ឡើង​របស់​អតីត​អ្នក​សារព័ត៌មាន​អាស៊ីសេរីនេះ​ធ្វើ​ឡើង​ ​ក្រោយ​តុលាការ​កំពូល​បញ្ចប់​សវនាការ​ ​និង​សម្រេច​បន្តឃុំ​ខ្លួន​អតីត​អ្នកសារ​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរីពីររូប​ ​គឺ​លោក​ ​យាង សុធារិន​ ​ហៅ​ ​យាង សុជាមេត្តា​ និង​លោក​ ​អ៊ួន ឈិន។​ ​អ្នកសារព័ត៌មាន​ទាំង​ពីរ​នេះត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ ​និង​ចោទ​ប្រកាន់​ពី​បទ​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទ៍​ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​ ​ដោយ​ផ្តល់ព័ត៌មាន​ដល់​វិទ្យុ​អាស៊ីសេរី។

​ខណៈ​កំពុង​ត្រូវ​បាន​សមត្ថកិច្ច​បណ្តើរ​ចូលរថយន្ត​ដើម្បី​ដឹក​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃស​វិញ​ ​លោក យាង សុធារិន​ ​ហៅ​ ​យាង សុជាមេត្តា​ ​អតីត​អ្នក​សារព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី​មួយ​រូប​ ​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ ​ការ​សម្រេច​របស់​តុលាការ​ មាន​ភាព​អយុត្តិធម៌​ ​ដោយ​ថា ​ពួកគេ​មិន​បានប្រព្រឹត្ត​បទ​ល្មើស​ ​និង​មិន​បាន​បង្កព្យសនកម្ម​ណាមួយទេ។​ ​លោក​បន្ថែម​ថា​ ​ការ​សម្រេច​របស់​តុលាការ​គឺជា​ការ​សងសឹក​លោក​ ​និង​លោក​ ​អ៊ួន ឈិន​ ​ជា​អតីត​អ្នកសារ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី។

មុនពេលសមត្ថកិច្ច​រុញ​ចូល​ក្នុង​រថយន្ត​ពន្ធនាគារ​ លោក​បញ្ជាក់ក្នុង​សម្រង់​ន័យ​ដើម​ថា៖​

«ការ​សម្រេច​មាន​ចេតនាបំបាក់​ស្មារតី​ ​ជាការ​គំរាម​កំហែង​ ​និង​សងសឹក​អតីត​អ្នកកាសែត​ដែល​ហ៊ាន​វាយ​ប្រហារ​ភាព​អវិជ្ជមាន​របស់​រដ្ឋាភិបាល»។

មុន​នឹង​ថ្លែង​ប្រាប់​អ្នកសារ​ព័ត៌មាន​ ​លោក​ ​យាង សុធារិន​ ​ក៏​បាន​និយាយ​ទៅ​កាន់​កូន​តូចៗ​ស្រី​ប្រុស​២​នាក់​របស់​លោក​ ​ដែល​មាន​អាយុ​៤-៥​ ​ឆ្នាំ​ដែល​កំពុង​រងចាំ​លោក​នៅ​ខាង​ក្រៅ​បន្ទប់​សវនាការនា​ពេល​នោះ។​ លោក​និយាយ​ថា៖​ ​«គេ​អត់​ឲ្យ​ប៉ា​ឈប់​ទេ​ ​ប៉ា​ត្រូវ​ទៅ​រៀន​តទៀត»។

លោក​ ​អ៊ួន ឈិន​ ​និង​លោក​ ​យាង សុធារិន​ ​ហៅ​យាង សុជាមេត្តា​ ​ដែល​ជា​អតីត​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី​ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ ​និង​ចោទ​ប្រកាន់​កាល​ពី​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០១៧​ ​ពី​បទ​ប្រគល់​ឲ្យរដ្ឋ​បរទេស​នូវ​ព័ត៌មាន​ ​ជា​អាទ៍​ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​ ​តាម​មាត្រា​៤៤៥​នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា។​ ​

ពួកគេ​ត្រូវ​បាន​ចោទថា ​បាន​បន្ត​លួចផ្តល់​ព័ត៌មាន​ដល់​វិទ្យុអាស៊ីសេរី ក្រោយ​ពី​វិទ្យុ​នេះបាន​ប្រកាស​បិទ​ការិយាល័យ​របស់​ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ​ ​កាល​ពី​ដើមខែ​កញ្ញា​ ​ឆ្នាំ​មុន​ ​ដោយ​វិទ្យុ​នេះ​បញ្ជាក់ថា ការ​សម្រេច​បិទ​ការិយាល័យ​របស់​ខ្លួន​ទាំង​បង្ខំ​នាពេលនោះ​ ​គឺ​ដោយ​សារ​រងគំនាប​ពីរដ្ឋាភិបាល​កម្ពុជា។​ អ្នក​ទាំង​ពីរអាច​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​ពី​៧​ ​ដល់​១៥​ឆ្នាំ​⁣ ប្រសិន​បើតុលាការ​រក​ឃើញ​ថា​ មាន​ទោស។

រហូត​មក​ដល់​ពេល​នេះ អ្នក​ទាំង​ពីរ​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​រយៈពេល​ជាង​៤​ខែ​មក​ហើយ។

ក្នុង​បន្ទប់​សវនាការ​ដែល​មាន​ការ​ចូលរួម​ពី​អ្នក​ទាំងពីរ​ ​មេធាវី​ការពារ​ក្តី​ ​ព្រម​ទាំង​មន្រ្តីការពារ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ផង លោក​ ​យាង សុធារិន​ ​និង​លោក​ ​អ៊ួន ឈិន​ ​សុទ្ធតែ​បាន​និយាយ​ដូចគ្នា​ថា ពួកគេ​បាន​ឈប់​បម្រើ​ការងារ​ឲ្យ​អាស៊ីសេរី​ ​ចាប់​តាំង​ពី​វិទ្យុ​មួយ​នេះ​បិទ​ ​កាល​ពីដើម​ខែកញ្ញា​ ​ឆ្នាំ​២០១៧។​ ​ពួក​គេ​បន្ថែម​ថា​ ​ពួក​គេ​មិន​បាន​បន្ត​រាយការណ៍​ព័ត៌មាន​ឲ្យ​វិទ្យុ​អាស៊ី​សេរី​នោះ​ទេ​ ​ហើយ​ពួកគេ​សុំ​នៅ​ក្រៅ​ឃុំ​ដើម្បី​មើល​ថែទាំ​គ្រួសារ​ ​និង​កូនតូចៗ​របស់​ពួកគេ​ ​ដោយមាន​ដាក់​លិខិត​ឆ្លង​ដែន​ធានា​ថា​ ពួកគេ​នឹងមិន​រត់​គេច និង​សន្យា​ថា ​នឹង​សហការ​គ្រប់​នីតិវិធី​របស់​តុលាការ។​

ក្រោយ​សវនាការ​រយៈពេល​ជិត​១​ម៉ោង​ ​ក្រុមប្រឹក្សា​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​ ​ដែល​មាន​លោក​ ​សឹង បញ្ញាវុឌ្ឍ​ ​ជា​ប្រធាន​ ​បាន​ប្រកាសតម្កល់​សាលដី​កា​សាលា​ឧទ្ធរណ៍​ទុក​ជា​បាន​ការ​ ​និង​សម្រេច​ឲ្យ​អតីត​អ្នកសារ​ព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​រូប​ស្ថិត​នៅ​ក្នុង​ការ​ឃុំ​ខ្លួន​ ​ដោយ​លើកមូលហេតុ​ថា ​ការ​កាត់ក្តី​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​និង​សាលា​ឧទ្ធរណ៍​មាន​ភាព​ត្រឹមត្រូវ​តាម​ច្បាប់​ ​និង​ថា​ ​ការ​បន្ត​ឃុំ​ខ្លួន​អ្នកទាំង​ពីរ​គឺ​ដើម្បី​បញ្ចប់​បទល្មើស​ ​និង​បង្ការ​កុំ​ឲ្យ​មាន​ភាព​អសន្តិសុខ​ ​និង​ការ​ខូចខាតធ្ងន់ធ្ងរ​កើត​ឡើង។

លោក​ ​សឹង បញ្ញាវុឌ្ឍ​ ​បាន​ប្រកាស​សាលដី​កា​ក្នុងន័យ​ដើម​យ៉ាង​ដូច្នេះ៖​

«បណ្តឹង​សារទុក្ខ​របស់​មេធាវី​ពុំមាន​មូលហេតុ​ត្រឹមត្រូវ​ ​[...]​ ​បដិសេធ​បណ្តឹង​សារទុក្ខ​របស់​មេធាវី​ឈ្មោះ​ ​កែវ វន្នី​ ​មេធាវី​ការពារ​ក្តី​ឲ្យ​ជន​ចាប់ចោទ។ តម្កល់​សាលដីកា​សាលា​ឧទ្ធរណ៍​ទុក​ជា​បាន​ការ»។

លោក​ ​កែវ វ៉ាន្នី​ ​មេធាវីការពារក្តី​ឲ្យ​លោក​ ​យាង សុធារិន​ ​និង​លោក​ ​អ៊ួន ឈិន​ ​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ខាងក្រៅ​បរិវេណ​តុលាការ​ ក្រោយ​បញ្ចប់​សវនាការ​នោះ​ថា​ ​ការ​សម្រេច​របស់​តុលាការជាការ​សម្រេច​ដែល​មិន​អាច​ទទួល​យក​បាន​ ​និង​ថា​ ​តុលាការ​មិន​មានអំណះអំណាង​ណា​មួយ​ក្នុងការ​ដាក់​បន្ទុក​លើ​កូនក្តី​របស់​លោកនោះទេ។

លោក​មាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ​ ​ដោយសារ​តែ​គ្រាន់តែ​ជា​ការ​យល់​ឃើញ​របស់​គាត់​ ​អត់​មាន​អី​អំណះ​អំណាង​ដើម្បី​គាំទ្រ​នូវ​សំអាងហេតុ​យល់​ឃើញ​របស់​គាត់។​ ​គាត់​ថា​ ចង់ឲ្យ​បញ្ចប់​បទ​ល្មើស​ ​កុំ​ឲ្យ​បទ​ល្មើស​កើត​ឡើង​ជាថ្មី​ ​ព្យសនកម្ម​ធ្ងន់ធ្ងរ កុំ​ឲ្យ​ត្រូវ​រ៉ូវ​គ្នា​រវាង​ជន​ត្រូវ​ចោទ​ ​និង​អ្នក​ផ្សេង។​ ​ប៉ុន្តែ​អ្វីៗ​វាខុស​ពី​ការណ៍​ពិត​ទាំងអស់​ ។​ វា​មិន​ដូចជា​អ្វី​ដែល​គាត់​យល់​ឃើញ​អញ្ចឹង​ទេ។​ ​ហើយ​ខាង​គាត់​អត់​មាន​អី​បង្ហាញ​មូលដ្ឋាន​ទេ​ ​បែរ​ជា​គាត់​យល់ឃើញ​ថា​ ​ការ​លើក​អំណះ​អំណាង​របស់​មេធាវីអត់​មានមូលដ្ឋាន​ទៅ​វិញ»។

​លោក​ ​អ៊ុក គឹមសិទ្ធិ​ ​អគ្គព្រះ​រាជអាជ្ញាអម​តុលាការ​កំពូល​ប្រាប់​ ​VOA​ ​ថា​ តុលាការ​សម្រេច​សេចក្តី​ទៅ​តាម​ច្បាប់​ដែល​បាន​កំណត់។​ ​

លោក​មាន​ប្រសាសន៍​ថា៖​

«តុលាការ​គាត់​សម្រេច​ទៅ​តាម​អ្វី​ដែលច្បាប់​បាន​កំណត់​ ​គឺ​ទាក់ទិន​នឹង​អង្គហេតុ​អង្គ​ច្បាប់​ ​អីចឹងវា​មិន​ទាក់ទិន​នឹង​អ្វី​ដែល​គាត់​លើកឡើង​ទេ​។​ ការ​លើក​ឡើង​របស់​គាត់​គឺជា​សិទ្ធិ​របស់​គាត់»។

លោក​ ​ស៊ឹង សែនករុណា​ ​មន្រ្តី​ផ្នែក​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​ ​ដែល​បាន​ចូលរួម​ឃ្លាំ​មើល​សវនាការ​នោះ​ ​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ​ការ​សម្រេច​របស់​តុលាការ​ក្នុងការ​បន្ត​ឃុំ​ខ្លួន​អ្នក​ទាំង​ពីរជា​ការ​សម្រេច​ដែល​មិន​សម​ហេតុផល​ ​និង​ធ្វើ​ឲ្យប៉ះ​ពាល់​យ៉ា​ង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​របស់​ជនត្រូវ​ចោទ។​ ​លោក​បន្ថែម​ថា​ ​ការ​សម្រេចនេះបង្ហាញ​ថា​ប្រព័ន្ធ​តុលាការ​មាន​ភាព​ខ្សាយ ​និង​ធ្វើ​ឲ្យ​ជំនឿ​លើ​ផ្លូវ​ច្បាប់​របស់​ប្រជាពលរដ្ឋ​ត្រូវ​ធ្លាក់ចុះ។

លោក​ ​ស៊ឹង សែនករុណា​ ​បញ្ជាក់​ថា៖​

«យើង​ដឹង​ហើយ​ថា ​រាល់​ករណី​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​អ្នក​ដែល​មាន​មនសិការ​ការងារ​ដូច​ពួក​គាត់​អីចឹង ​យើង​ដឹង​ហើយ​ថា ពិបាក​ណាស់។​ ​ហើយ​ដូច​ខ្ញុំបានលើក​ឡើង​អីចឹង វា​មិន​ចម្លែក​ទេ។ បើ​ចម្លែក​គឺការ​ដោះលែង​នោះ​ទេ។​ ​ដូច្នេះ​យើង​ឃើញ​ហើយ​ ​វា​មិន​មាន​ការ​ដោះលែង​ពួក​គាត់​ទេ។​ ហើយ​ករណី​បែប​នេះ​យើង​បង្ហាញ​ថា​ ​កាលណា​ច្បាប់​មាន​ចែង​ ​ហើយ​មិនមាន​ភស្តុតាង​គាំទ្រ​ ​ហើយ​យក​ច្បាប់​ហ្នឹង​មក​ចោទ​ទៅ​លើ​ជន​ដែល​ត្រូវ​ចោទ​ដោយគ្មាន​ភស្តុតាង​គ្រប់គ្រាន់​អីចឹង ​វា​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ហើយ»។

ក្រោយ​ការ​ចាប់​ឃុំ​ខ្លួន​ ​និង​ចោទ​ប្រកាន់​អ្នក​ទាំងពីរ​ ​គេ​ឃើញ​បណ្តុំ​អង្គការ​ការពារ​អ្នក​កាសែត​ទាំង​ជាតិ​ ​និង​អន្តរជាតិ​មួយ​ចំនួន​ ​បាន​ហៅ​ការឃុំ​ខ្លួន​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី​ទាំង​ពីរ​រូបថា ​ជា​ទង្វើ​ ​«ដ៏​ឃោរឃៅ​ ​និង​មិន​សម​ហេតុ​ផល»​ ​ផ្ទុយ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជាក្នុង​ការ​ធានា​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​ ​ដូច​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា។​

ចំណែក​ក្រុម​អ្នកសារ​ព័ត៌មាន​ជាតិ​ ​និង​អន្តរជាតិ​ដែល​កំពុង​ធ្វើការ​ក្នុងប្រទេស​កម្ពុជាប្រមាណ​ជា​៥០​នាក់​ ​ក៏​បាន​ផ្តិត​មេដៃ​លើ​ញត្តិទាមទារ​ឲ្យ​មាន​ការ​ទម្លាក់​បទ​ចោទ​លើ​អ្នក​ទាំងពីរ​ផង​ដែរ៕