លោកស្រី Ivanka Trump ដែលជាកូនស្រីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងជាទីប្រឹក្សាជាន់ខ្ពស់របស់សេតវិមាន បានថ្លែងទៅកាន់សន្និសីទកំពូលសហគ្រិនស្រ្តីនៅក្នុងប្រទេសកូដឌីវ័រកាលពីថ្ងៃពុធ។
លោកស្រី Ivanka Trump បានប្រាប់សាលប្រជុំដែលពោរពេញទៅដោយពាណិជ្ជករ អ្នករៀបចំចាត់ចែងសហគមន៍ អ្នកនយោបាយនិងនិស្សិតជាស្រ្តីថា «សង្គមដែលផ្តល់អំណាចឲ្យស្រ្តីបានទទួលជោគជ័យ មានសន្តិភាពនិងវិបុលភាពកាន់តែខ្លាំងឡើង។ ហើយនេះជាភស្តុតាងនៅក្នុងការស្រាវជ្រាវទាំងអស់ដែលយើងឃើញ»។
ថ្លែងនៅឯសន្និសីទកំពូលកិច្ចផ្តួចផ្តើមហិរញ្ញវត្ថុសហគ្រិនស្រ្តី ឬ (WeFI) ក្នុងប្រទេសកូដឌីវ័រ ដែលជាការឈប់សំចតចុងក្រោយរបស់លោកស្រី Ivanka Trump ក្នុងដំណើរទស្សនកិច្ចនៅតំបន់អាហ្វ្រិករយៈពេល៤ថ្ងៃ ដើម្បីផ្សព្វផ្សាយកិច្ចផ្តួចផ្តើមដែលមានទឹកប្រាក់ ៥០លានដុល្លារ ដែលត្រូវបានអនុម័តដោយឪពុករបស់លោកស្រី កាលពីខែកុម្ភៈ ដែលមានគោលបំណងលើកទឹកចិត្តផ្តល់ការងារឲ្យស្រ្តីនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។
លោកស្រី Ivanka Trump បានពន្យល់នៅឯសន្និសីទកំពូលនោះថា៖ «យើងចាប់ផ្តើមកម្មវិធីកិច្ចផ្តួចផ្តើមអភិវឌ្ឍន៍និងវិបុលភាពសាកលរបស់ស្រ្តី ឬ (WGDP) កាលពីខែកុម្ភៈឆ្នាំទៅនេះ។ វាជាលើកទីមួយដែលមានសកម្មភាពរួមគ្នាផ្តល់អំណាចខាងសេដ្ឋកិច្ចដល់ស្រ្តីនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ហើយគោលបំណងគឺផ្តល់អំណាចដល់ស្រ្តីចំនួន ៥០លាននាក់នៅកំណត់ឆ្នាំ២០១៥»។
កម្មវិធីកិច្ចផ្តួចផ្តើមអភិវឌ្ឍន៍និងវិបុលភាពសាកលរបស់ស្រ្តី ឬ (WGDP) ជាគម្រោងដែលផ្តល់ថវិកាដោយអន្តរជាតិដែលនឹងធ្វើការជាមួយធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាហ្វ្រិក និងធនាគារអភិវឌ្ឍន៍ឥស្លាម ដើម្បីចែកចាយប្រាក់ទៅឲ្យគម្រោងនានាទូទាំងទ្វីបនោះ៕