អ្នកស្រី Ivanka Trump បន្ត​របៀបវារៈ​ផ្តល់​អំណាច​ដល់​ស្រ្តី​នៅ​អំឡុងពេល​មាន​ជំងឺរាតត្បាត

រូបឯកសារ៖ អ្នកស្រី Ivanka Trump ដែលជា​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​លោក​ប្រធានាធិបតី Trumpនិយាយ​នៅឯ​ពិធី​ស្តីអំពី​គម្រោង​ផ្តួចផ្តើម​ការអភិវឌ្ឍ​ជាសកល និង​ប្រកប​ដោយ​វិបុលភាព​សម្រាប់​ស្ត្រី​ហៅកាត់ថា W-GDP នៅ​ក្រសួង​ការបរទេស​ស.រ.អា នៅ​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។

កាល​ពី​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​នេះ រដ្ឋបាល​លោកត្រាំ​ បាន​ប្រកាស​ថវិកាចំនួន​១២២លានដុល្លា​រ​សម្រាប់​កម្មវិធី​ និង​ភាព​ជាដៃគូថ្មី​នៅ​ក្រោម​គម្រោង​ផ្តួច​ផ្តើមការ​អភិវឌ្ឍជា​សកល​និង​ប្រកប​ដោយ​វិបុលភាព​សម្រាប់​ស្ត្រីហៅ​កាត់​ថា W-GDP​ និង​បាន​ដាក់​ចេញ​នូវ​ផែនការ​សកម្មភាព​នៃ​កំណែទម្រង់​ច្បាប់​ចំនួន១០ ដើម្បី​ឆ្លើយ​តប​ទៅនឹង​របាំង​ច្បាប់​ និង​វប្បធម៌​ចំពោះ​ការចូលរួម​របស់​ស្រ្តី​នៅក្នុង​វិស័យ​សេដ្ឋកិច្ច​នៅ​ទូទាំងពិភពលោក។

កម្មវិធី W-GDP ត្រូវ​បាន​ចាត់ទុក​ថា​ជា​វិធីសាស្ត្រ​របស់​រដ្ឋាភិបាល​ទាំងមូល ដើម្បីជួយ​ដល់​ស្រ្តី៥០លាននាក់​នៅក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​នានា​នៅជុំវិញ​ពិភពលោក​ ជាមួយ​នឹង​គោលដៅ​ដែ​ល​ជា​សសរស្តម្ភ​ចំនួនបី គឺការ​ផ្តល់វគ្គបណ្តុះ​បណ្តាលវិជ្ជាជីវៈ​ដល់​ស្រ្តី ពង្រឹង​អំណាច​ដល់​ស្រ្តី​ដើម្បី​ទទួល​បានជោគជ័យ​ក្នុង​នាម​ជា​សហគ្រិន​ និង​លុបបំបាត់ច្បាប់​និងគោលនយោបាយ​ដែលជារបាំង​រារាំងមិន​ឲ្យ​ស្រ្តី​ចូលរួម​ក្នុង​វិស័យ​សេដ្ឋកិច្ច។

អ្នកស្រី Ivanka Trump ដែល​ជា​កូនស្រី និង​ជា​ទីប្រឹក្សា​របស់​លោក​ប្រធានាធិបតី Trump លោក Robert O’Brien ​ទីប្រឹក្សា​សន្តិសុខរបស់​ប្រធានាធិបតី និងអនុរដ្ឋមន្រ្តី​ការបរទេសអាមេរិកលោក Stephen Biegun បាន​ប្រកាស​អំពី​គម្រោង​ផ្តួចផ្តើម​នេះ ​តាម​ប្រព័ន្ធឌីជីថល​ ដោយ​មាន​ការ​ចូលរួម​របស់​ដៃគូ​វិស័យ​ឯកជន​រួមមាន​ក្រុមហ៊ុន Walmart, Microsoft និង Mastercard។

រូបឯកសារ៖ លោកRobert O'Brien ទីប្រឹក្សា​សន្តិសុខជាតិ ថ្លែង​នៅឯ​ពិធី​ស្តីអំពី​គម្រោង​ផ្តួចផ្តើម​ការអភិវឌ្ឍ​ជាសកល និង​ប្រកប​ដោយ​វិបុលភាព​សម្រាប់​ស្ត្រី​ហៅកាត់ថា W-GDP នៅ​ក្រសួង​ការបរទេស​ស.រ.អា នៅ​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។

អ្នកស្រី Ivanka Trump បាន​ថ្លែង​ថា៖

«នេះ​ គឺ​ជា​ចំណាត់ការ​ដ៏​ម៉ឹងម៉ាត់​ដើម្បី​ពង្រីកកិច្ចប្រឹងប្រែង​របស់​រដ្ឋាភិបាល​សហព័ន្ធ​ វិស័យឯកជន​និង​ដៃគូ​នានា ដែល​រឹតត្បិត​លើ​លទ្ធភាព​របស់​ស្រ្តី​ ឲ្យ​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​តំបន់ ដែល​ជា​គំរូ​ជោគជ័យ​របស់​អាមេរិក​ជាយូរ​មក​ហើយ‍»។

គម្រោង​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​នេះ​ ត្រូវ​បាន​បង្កើត​ឡើងនៅស្រប​ពេលមាន​ការប្រឈម​ថ្មីៗ​នៃ​ជំងឺកូវីដ១៩​ ដែល​កាន់​តែ​ធ្វើ​ឲ្យ​បញ្ហាវិសមភាព​យេនឌ័រ​ដែល​មាន​ស្រាប់​ហើយ​នោះ​ កាន់​តែ​ធ្ងន់ធ្ងរ​ឡើង។

សេចក្តីរាយការណ៍​នានា​ពី​បណ្តា​ប្រទេស​ជាច្រើន​បាន​បង្ហាញ​ថា​ ស្រ្តី​ទទួល​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយសារ​វីរុសកូរ៉ូណា​នៅ​គ្រប់វិស័យ​ទាំងអស់​ រួមទាំង​វិស័យ​សុខាភិបាល​ សេដ្ឋកិច្ច​ សន្តិសុខ​និង​ការការពារ​សង្គម។

យោង​តាម​ទិន្នន័យ​របស់​អង្គការ​សហប្រជាជាតិ ការងារ​របស់​ស្ត្រី​ចំនួន៦០ ភាគរយ​ ស្ថិត​នៅ​ក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ផ្លូវការ​ ដែល​ទទួល​បាន​ការការពារ​មាន​កំណត់។ នេះ​មាន​ន័យ​ថា ​ស្រ្តី​ជាទូទៅ​ត្រូវ​បាន​មើល​រំលងដោយកម្មវិធីនានា​ដែល​ជួយដល់​ការងើបឡើងវិញ​នូវសេដ្ឋកិច្ច​ ខណៈស្រ្តី​ គឺ​ជា​បុគ្គល​ងាយរងគ្រោះនៃភាព​ក្រីក្រ​និង​អសន្តិសុខ​ស្បៀង នេះ​យោង​តាម​អ្នកស្រី Megan O'Donnell ជំនួយការ​ប្រធាន​មជ្ឈមណ្ឌល​សម្រាប់​កម្មវិធី​អភិវឌ្ឍន៍​យេនឌ័រសកល។ អ្នកស្រីបាន​ថ្លែងក្នុងសម្តី​ដើមថា៖

«យើង​បាន​ឃើញ​ភស្តុតាងដែល​បង្ហាញថា​ អាជីវកម្ម​របស់ស្រ្តី បានបិទទ្វា​ច្រើន​ជាង​អាជីវកម្ម​របស់​បុរស»។

ហើយ​ចំនួន​ស្រ្តី​ដែល​ទទួលបន្ទុក​មើល​ថែទាំ​កុមារ​ដែល​មិន​ទៅ​សាលារៀន​មាន​កាន់​តែ​ច្រើន​ ដែល​ការណ៍​នេះ​ បង្ខំ​ឲ្យ​ស្រ្តី​មិនអាច​ទៅធ្វើការ​នៅ​ខាងក្រៅ​បាន​ និង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់ដល់​សេដ្ឋកិច្ច​ចំពោះ​ការងារ​ថែទាំ​កូន ​ដែល​មិន​ទទួល​បាន​កម្រៃ​នេះ។ លើស​ពី​នេះ​ទៅទៀត ​ស្រ្តី​ប្រឈម​នឹង​អំពើ​ហិង្សា​កាន់​តែខ្លាំង​ដោយសារ​ការបិទ​សកម្មភាព​ក្នុង​ប្រទេស​ និង​ពិបាក​ក្នុង​ការស្វែងរក​សេវា​ថែទាំ​សុខភាព​ផ្លូវភេទ​ និង​សុខភាព​បន្តពូជ​ដោយសារ​ជំងឺរាតត្បាត។

រូបឯកសារ៖ អ្នកស្រី Vicky Li Yip រៀបចំ​ម៉ាស៊ីន​បង្កើត​ពពុះ​ឲ្យ​កូនៗ​របស់​អ្នកស្រី គឺ Kelsey (រាប់ពីឆ្វេង) អាយុ៨ឆ្នាំ Toby អាយុ១០ឆ្នាំ និង Jesseអាយុ៥ ឆ្នាំ លេង​នៅ​ខាងក្រៅ​ផ្ទះ​របស់​ពួកគេ កាលពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នៅក្នុង​ទីក្រុង Houston រដ្ឋTexas។

យោងតាម​អង្គការ​សុខភាព​ពិភពលោក​ បុគ្គលិក​សុខាភិបាលភេទ​ស្រី ៧០​ភាគរយ​នៅទូទាំងពិភពលោក​ កំពុង​ប្រឈម​នឹង​ហានិភ័យ​ដល់​ជីវិត​ដើម្បី​សង្គ្រោះជីវិត​អ្ន​កដ៏ទៃ។

លោក Jamille Bigio អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​កម្មវិធី​ស្រ្តី​និង​គោលនយោបាយ​ការបរទេស​នៅ​ឯ​ក្រុមប្រឹក្សា​ទំនាក់ទំនង​ការបរទេស​បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖

«ការលើកកម្ពស់​ដល់​ការចូលរួម​របស់​ស្រ្តី​នៅក្នុង​សេដ្ឋកិច្ច​នៅ​អំឡុងពេល​វិបត្តិ​កូវីដ១៩នេះ នឹង​តម្រូវ​ឲ្យ​មាន​ការផ្តោតខ្លាំង​លើ​បញ្ហា​ទាំង​នេះ។ នេះ​គឺ​ជា​អ្វី​ដែល​គម្រោង​ផ្តួចផ្តើម W-GDP​ គួរ​ចាត់វិធានការ​ដើម្បី​សម្រេច​តាម​គោលដៅរបស់​គម្រោង»។

ស្រ្តី​ក្នុង​តួនាទី​ជាអ្ន​កដឹកនាំ​សេដ្ឋកិច្ច

គម្រោង W-GDP ជឿថា ស្រ្តី​មិន​គួរត្រូវ​ចាត់ទុក​ថា​ជា​ជនរងគ្រោះ​ដែល​កំពុង​រង់ចាំ​ឲ្យ​គេ​ទៅ​ជួយ​នោះ​ទេ​ ប៉ុន្តែ​ស្រ្តី​គួរត្រូវ​បានមើលឃើញ​ថា​ ជា​អ្នក​ដឹកនាំ​សេដ្ឋកិច្ចដែល​ងើប​ចេញ​ពី​ការរាតត្បាត។ នេះ​ជាសម្តី​របស់​លោកស្រី Kelley Currie ឯកអគ្គរដ្ឋទូតគោរចរណ៍​របស់​សហរដ្ឋអាមេរិក​ទទួលបន្ទុក​បញ្ហា​ស្រ្តី​សកល។

លោកស្រី​ Currie បាន​ថ្លែង​ថា៖

«យើង​កំពុង​ផ្តោត​ទៅ​លើ​ការ​ស្វែង​រក​វិធី​ដើម្បី​ដក​របាំង​ទាំងនោះ​ចេញ​ ដើម្បី​ឲ្យ​ស្រ្តី​អាច​ចូលរួម​នៅក្នុងវិស័យ​សេដ្ឋកិច្ច​ឲ្យ​បាន​ពេញលេញ និង​ជួយ​ពួកគេ​ឲ្យ​ដឹកនាំ​ឆ្ពោះ​ទៅ​រក​វិបុលភាព​និង​ការរីកចម្រើន»។

អ្នកសង្កេតការណ៍​មួយ​ចំនួន​នៅតែ​ចោទ​ជា​សំណួរ​ថា តើ​វិសាលភាព​និង​ថវិកាតិចតួច​នៃ​គម្រោង​ផ្តួចផ្តើម​ដែល​មាន​ទឹកបា្រក់១០០លាន​ដុល្លារ​នៅ​ក្រោម​កម្មវិធី W-GDP​ នេះ​ នឹង​គ្រប់គ្រាន់​អាច​ដោះស្រាយ​វិបត្តិ​ទំាងនេះ​បាន​ដែរ ​ឬ ​យ៉ាងណា។

ទោះបីជា​កម្មវិធី W-GDP បាន​កើន​ជា​លំដាប់ ​ដែល​កាល​ពី​ដំបូង​មាន​ថវិកា​តែ៥០ លានដុល្លារ​ក៏ដោយ​ ក៏​កម្មវិធី​នេះ​ នៅ​តូចណាស់​បើ​ប្រៀបធៀប​ទៅ​នឹង​កម្មវិធី PEPFAR ដែល​មានការ​ឧបត្ថម្ភ​ថវិកា​រាប់ពាន់លាន​ដុល្លារ​នោះ​។ លោកស្រី Megan O'Donnell បានលើក​ជាឧទាហរណ៍​ដោយ​សំដៅ​ទៅ​គម្រោង​ផ្តួចផ្តើម​ដើម្បី​ដោះស្រាយ​ការឆ្លង​រាលដាល​មេរោគ HIV​ របស់​អតីតប្រធានាធិបតី លោកGeorge W. Bush ក្នុ​ងឆ្នាំ២០០៣។

លោកស្រី O’Donnell បាន​ថ្លែង​ថា ​ដើម្បីឲ្យ​ស្មើ​និង​ទំហំ​នៃ​បញ្ហា កម្មវិធី W-GDP នឹង​ត្រូវមាន​លទ្ធភាព​ដោះស្រាយ​បញ្ហា។ លោកស្រី​បន្ថែម​ថា ឳកាស​ទទួល​ជោគជ័យ​នឹង​កើនឡើង​ប្រសិនបើ​អ្ន​ក​ដែល​កំពុង​អនុវត្តគម្រោង​ផ្តួចផ្តើម​នេះ​ ទទួល​បាន​ធនធានហិរញ្ញវត្ថុ​សម្រាប់​យក​ទៅ​ប្រើប្រាស់។

សុខភាពបន្តពូជ

កម្មវិធី W-GDP បានទទួល​ការ​កោតសរសើរ ​ចំពោះ​ការធានាថា ​ទីភ្នាក់ងារ​នានា​របស់រដ្ឋាភិបាល​សហរដ្ឋអាមេរិក​រួមមាន​ ទីភា្នក់ងារ USAID សារជីវកម្ម​អភិវឌ្ឍ​សហសវត្ស​ MCC កម្មវិធី Peace Corps និង​ទីភ្នាក់ងារ​ផ្សេងៗ​ទៀត ​បញ្ចូល​យុទ្ធសាស្រ្ត​សសរស្តម្ភ​ទាំងបី​របស់​ខ្លួន ​និង​រាយការណ៍​អំពី​ការវិវត្ត​របស់​ពួកគេ​អនុលោមតាម​សូចនាករ​នៃ​ភាពជោគជ័យ​របស់​កម្មវិធី។

ប៉ុន្តែ​ការរិះគន់​ខ្លាំងបំផុត​គឺ​ថា​ គម្រោង​ផ្តួចផ្តើម​ដែល​ស្របតាម​គោល​នយោបាយ​ធំៗ​របស់​រដ្ឋបាលលោក Trump មិន​អើពើ​អំពី​ការវិនិយោគ​នានា​ដែល​គាំទ្រដល់​សុខភាព​ស្រ្តី​ សិទ្ធិ​ទទួល​បាន​សេវាថែទាំ​សុខភាព​ផ្លូវភេទ​ និង​សុខភាព​បន្តពូជ​ និង​ការកាត់បន្ថយ​អំពើហិង្សា​ប្រឆាំង​យេនឌ័រ​ជាដើម។

រូបឯកសារ៖ លោក​ប្រធានាធិបតី Donald Trump និយាយ​ជាមួយ​អ្នកសារព័ត៌មាន​នៅ​លើ​វាលស្មៅ​ខាងត្បូង​សេតវិមាន កាលពី​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។

នៅសប្តាហ៍ទីមួយ​នៃ​ការចូល​កាន់តំណែង​ លោកប្រធានាធិបតី ​Donald Trump បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ឡើងវិញ​ និង​ពង្រីក​គោលនយោបាយ​ប្រឆាំង​ការរំលូតកូន​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​គោលនយោបាយ​ទីក្រុងម៉ិកស៊ិក ដែល​ហាមឃាត់​អង្គការ​ក្រៅ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​នានា​ដែល​ផ្តល់​ជំនួយ​ផ្នែក​សុខភាព​សកល​មិន​ឲ្យ​ផ្តល់​ព័ត៌មាន ​ឬ ​សេវា​អំពី​សុវត្ថិភាព​នៃ​ការរំលូតកូន។ នៅក្នុង​ឆ្នាំ២០១៨​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ​បាន​លុបចោល​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​សុខភាព​បន្តពូជ​ចេញ​ពី​របាយការណ៍​ប្រចាំឆ្នាំ​របស់ប្រទេស ហើយ​នៅក្នុង​ខែឧសភា ឆ្នាំ២០២០ លោក John Barsa រដ្ឋបាល​ស្តីទី​នៃ​ទីភ្នាក់ងារ USAID​ បាន​ផ្ញើរលិខិតមួយ​ច្បាប់​ទៅ​កាន់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ ទាមទារ​ឲ្យ​ដក​កម្មវិធីថែទាំ​សុ​ខភាព​ផ្លូវភេទ​ និង​សុខភាព​បន្តពូជ​ចេញ​ពី​ផែនការ​ឆ្លើយតប​នឹងជំងឺ​កូវីដ១៩របស់​អង្គការ​សហប្រជាជាតិ។

លោកស្រី Amanda Klasing សហនាយក​ស្តីទី​នៃ​នាយកដ្ឋាន​សិទ្ធិស្រ្តីនៃ​អង្គការការពារ​សិទ្ធិមនុស្ស Human Rights Watch បាន​ថ្លែង​ក្នុ​ង​សម្តី​ដើម​ថា៖

«រាល់​កិច្ចសហការ​ទាំងអស់​នៅក្នុង​ពិភពលោក​ មិន​អាច​លុបបំបាត់​ការពិត​ដែល​ថា​កេរ្តិ៍ដំណែល​សិទ្ធិស្រ្តី​របស់រដ្ឋបាលលោក Trump ប្រឆាំង​នោះ​ គឺ​ជា​កេរ្តិ៍ដំណែលប្រឆាំង​នឹងស្ត្រី និង​ប្រឆាំង​នឹង​សិទ្ធិមនុស្ស។ ប្រសិនបើ​រដ្ឋបាល​លោក Trump នៅ​តែ​វាយប្រហារ​មិ​ន​ឈប់ឈរ​លើសិទ្ធិ​ទទួលបាន​សេវា​ថែទាំ​សុខភាព​ផ្លូវភេទ​ និង​សុខភាព​បន្តពូជ គ្រប់​ពេលដែល​ខ្លួន​មាន​ឳកាស​ ហើយ​មិនព្រម​ដោះស្រាយ​បញ្ហា​អំពើ​ហិង្សា​ប្រឆាំង​យេនឌ័រ​ទេ​នោះ ជោគជ័យ​របស់​កម្មវិធី W-GDP គឺ​គ្រាន់​តែជាជោគជ័យនៅលើក្រដាស​តែ​ប៉ុណ្ណោះ»។

ឆ្លើយនឹង​សំណួរ​របស់​វីអូអេ លោកស្រី Kelley Currie ឯកអគ្គរដ្ឋទូត​គោរចរណ៍​របស់​ក្រសួង​ការបរទេសទទួលបន្ទុក​បញ្ហា​ស្រ្តីសកល​ បាន​ការពារ​គម្រោង​ផ្តួចផ្តើម​នេះ។

លោកស្រី Currie បាន​ថ្លែង​ថា៖

«កម្មវិធី W-GDP បាន​គិតគូរ​យ៉ាង​ល្អិតល្អន់ និង​ផ្អែក​លើ​ការមូលមតិ​គ្នា​យ៉ាង​ខ្លាំង។ យើង​ជឿ​ថា​នេះ​ គឺ​ជា​មធ្យោបាយ​យ៉ាងល្អ​បំផុត​ដែល​យើងអាច​ប្រើ​ធនធាន​ដែល​យើង​មាន​ដើម្បី​ដក​របាំងនានា​ដែល​រារាំង​ដល់​ស្រ្តី»៕

ប្រែសម្រួលដោយអ្នកស្រី ស៊ូ ពេជ្រចិន្តា