សកម្ម​ជន​សិទ្ធិ​មនុស្ស​៖​ ការ​ឃុំ​ខ្លួន​អ៊ីតាលី​មក​លើ​សកម្មជន​និរទេស​ខ្លួន​ជាតិ​ Uighurជា​ការ​ដាស់​រំឭក​មួយ​ថា​ចិន​កំពុង​បញ្ចេញ​រិទ្ធិ​​អំណាច

រូប​ឯកសារ​៖ លោក​ Dorkun Isa មេ​ដឹកនាំ​សកម្មជន Uighur ដ៏​លេច​ធ្លោ​ម្នាក់ កំពុង​និយាយ​ទូរស័ព្ទ​ នៅ​ឯ​អង្គការ​របស់​លោក​ ក្នុង​ទីក្រុង​ Munich​ ឆ្នាំ​២០១៦។​

សកម្ម​ជន​ខាង​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា​ ការ​ឃុំ​ខ្លួន​មេ​ដឹកនាំ​សកម្មជន Uighur ដ៏​លេច​ធ្លោ​ម្នាក់​ ​កាល​ពី​ដើម​ខែ​សីហា​ នៅ​ក្នុង​ប្រទេស​អ៊ីតាលី គឺ​ជា​ការ​ចង្អុល​បង្ហាញ​ថា ​ប្រទេស​ចិន​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ប៉ុន​ប៉ង​ទាញ​យកផលប្រយោជន៍​ពីកំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​ នៅ​ក្នុង​ទ្វីប​អឺរ៉ុប។​

អ្នក​នាំ​ពាក្យ​ឲ្យ​អង្គការ​សិទ្ធ​ Uighur ម្នាក់​និយាយ​ថា​ ហេតុ​ការណ៍​ឃុំ​ខ្លួន​នេះ​ គួរតែ​ជា​ការ​ដាស់​តឿន​ចំពោះ​ទ្វីប​អឺរ៉ុប​ថា​ គុណ​តម្លៃ​មូលដ្ឋាន​របស់​ខ្លួន​នឹង​ត្រូវ​ជួប​ឧបសគ្គ​ ប្រសិន​បើ​ប្រទេស​ក្នុង​សហ​ភាព​អឺរ៉ុប​នៅ​បន្ត​មាន​ចំណង​ពាណិជ្ជកម្ម​ជាមួយ​ចិន​ជា​អាទិភាព​ ជាង​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​សិទ្ធិ​មនុស្ស​របស់​ខ្លួន​នោះ​។​

កាល​ពី​ថ្ងៃ​ពុធ​កន្លងទៅ​នេះ​ អគ្គ​លេខាធិការ​នៃ​អង្គ​សមាជ​ជនជាតិ​ Uighur ពិភព​លោក​ ប្រចាំ​នៅ​ទីក្រុង​ Munich (Munich-based World Uighur Congress ((WUC))) លោក​ Dolkun Isa ត្រូវ​បាន​ប៉ូលិស​នៅ​ទីក្រុង​រ៉ូម​ ឃាត់​ខ្លួន​ មុន​នឹង​លោក​ឡើង​ធ្វើ​បទ​បង្ហាញ​ប្រាប់​ដល់ព្រឹទ្ធសភា​អ៊ីតាលី​អំពី​ការ​រឹត​បណ្ដឹង​ដែល​ពលរដ្ឋ​របស់​លោក​ដែល​កំពុងប្រឈម​នៅ​តំបន់​ Xinjiang។​

អត្តសញ្ញាណប័ណ្ណ​របស់​លោក​ ត្រូវ​បាន​ផ្ទៀង​ផ្ទាត់​ជាមួយ​នឹង​រូប​ថត​ ​និង​ស្នាម​ម្រាម​ដៃ​ ដែល​កិច្ចការ​នេះ​ប្រើ​ពេល​អស់​ជាង​បី​ម៉ោង។​

ការ​ឃាត់​ខ្លួន​តាម​បង្គាប់​របស់​ចិន

​ប៉ូលិស​ក្នុង​តំបន់ បាន​បញ្ជាក់​ប្រាប់​លោក Isa ថា​ពួក​គេ​បាន​ធ្វើ​តាម​បញ្ជី​ក្រហម​របស់​អង្គភាព​ប៉ូលីស Intepol ដែល​នៅ​ក្នុង​បញ្ជី​នោះ​ ​ប្រទេសចិន​បាន​ដាក់​ថា​ លោក​គឺជា​ភេរវជន​ម្នាក់​ដែល​គេ​កំពុង​តែតាម​ចាប់​ខ្លួន​តាំង​ពី​ឆ្នាំ​២០០៩​មក​ ដោយ​គ្មាន​ភស្តុតាង​អ្វី​ច្បាស់​លាស់​ឡើយ។ រដ្ឋ​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​សន្តិសុខ​របស់​ចិន​ម្នាក់​ ត្រូវ​បាន​តែងតាំង​ជា​ប្រធានអង្គភាពប៉ូលិស Interpol កាល​ពី​ខែ​វិច្ឆិកា។

លោក​ Isa បច្ចុប្បន្ន​មាន​សញ្ជាតិ​អាល្លឺម៉ង់​ បាន​បង្ហាញ​ពី​ការ​ស្រងាក​ចិត្ត​ចំពោះ​និន្នាការ​របស់​ប្រទេស​អភិវឌ្ឍន៍​ ដែល​មាន​ទំនោរ​ទៅ​តាម​សម្ពាធ​នយោបាយ​ពី​ចិន ដើម្បី​ដោះ​ដូរ​ជាមួយ​នឹង​ផលប្រយោជន៍​សេដ្ឋ​កិច្ច។​ លោក​បាន​ប្រាប់​VOA ថា​ «ខ្ញុំ​ស្លុតចិត្ត​ខ្លាំង​ណាស់ ពីព្រោះ​ខ្ញុំ​ជឿ​ថា​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស​ និង​នីតិរដ្ឋ​ គឺ​ជា​គុណ​តម្លៃ​ចម្បង​នៃ​ប្រជាធិបតេយ្យ​របស់​អ៊ីតាលី នៃ​រដ្ឋាភិបាល​ប្រទេស​អ៊ីតាលី»។​

លោក​ Isaមិន​មែន​ជា​ជន​ចម្លែក​ទេ​សម្រាប់​ចិន​ ដែល​បាន​ព្យាយាមរារាំងសម្មភាព​តស៊ូ​មតិ​របស់​លោក​សម្រាប់​ជនជាតិ​ Uighur ហើយ​លោក​ក៏ធ្លាប់​ត្រូវ​បាន​ឃាត់​ខ្លួន​ពីមុន​មក​ នៅ​ទីក្រុង​ញូវយ៉ក​ កូរ៉េ​ខាង​ត្បូង​ តួកគី​ និង​ប្រទេស​ស្វីស​ផងដែរ។

​អង្គ​សមាជ​ Uighur ពិភព​លោក​ ប្រចាំ​នៅ​ទីក្រុងMunich បាន​ទាមទារ​ឲ្យ​សហភាព​អឺរ៉ុប​ ធ្វើ​ការ​ស៊ើប​អង្កេត​ថា​តើ​ប្រទេស​ចិន​បាន​ដាក់​សម្ពាធ​លើ​ប្រទេស​អ៊ីតាលី​ឲ្យ​ឃុំ​ខ្លួន​លោក​ Isa ឬទេ។

លោក​ Dilxat Rixat អ្នក​នាំ​ពាក្យ​របស់​ អង្គ​សមាជ​ Uighurពិភព​លោក បាន​ជំរុញ​ឲ្យ​សហ​ភាព​អឺរ៉ុប​រឹត​បន្តឹង​ចំពោះ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​របស់​ចិន​។ លោក​បាន​និយាយ​ថា​៖​ «សហ​ភាព​អឺរ៉ុប​ គួរតែ​ភ្ញាក់​រឭក និង​កែ​តម្រូវ​គោល​នយោបាយ​នៃ​ការ​ផ្លាស់​ប្តូរ​ ពាណិជ្ជកម្ម​ទៅ​នឹងនយោបាយ​របស់​ខ្លួន​ជាមួយ​ចិន​ឡើង​វិញ»។​

ការ​កើន​ឡើង​នៃ​ឥទ្ធិពល​របស់​ចិន

អ្នក​វិភាគ​បាន​យល់​ស្រប​ថា ជា​ធម្មតា​ ​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​លោក​ Isa គឺ​ជា​ឧទាហរណ៍​មួយ​ទៀត​ដែល​បង្ហាញ​អំពី​ការ​កើន​ឡើង​ឥទ្ធិពល​របស់​ចិន នៅ​ខាង​ក្រៅ​ប្រទេស។

ប៉ុន្តែ​ អ្នក​វិភាគ​មួយ​ចំនួន​បាន​អះអាង​ថា ​យោង​តាម​ហេតុការណ៍​ជាក់​ស្ដែង​ដែល​សកម្ម​ជន​និរទេស​ខ្លួន​រូប​នេះ​ ត្រូវ​បាន​ដោះ​លែង​ និង​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ដោយ​សេរី​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​នោះ​ បាន​បង្ហាញថា​សន្ដាន​ចិត្ត​ចំពោះ​រឿង​ហេតុ​កើត​ឡើង​លើ​ជន​ជាតិ​ Uighur នៅ​តែ​ជា​សញ្ញា​បង្ហាញ​ច្បាស់​លាស់​ថា​ ប្រទេស​នៅ​ក្នុង​តំបន់​អឺរ៉ុប​ នៅ​មាន​មន្ទិល​សង្ស័យ​ទៅ​លើ​សេចក្ដី​ថ្លែងការណ៍​របស់​ចិន​ដែល​បាន​និយាយ​ថា​ ការ​ទាមទារ​ចង់​បាន​តំបន់​ស្វយ័ត​របស់​ក្រុម​ជនជាតិ ​Uighur គឺ​ជា​ប់​ទាក់​ទង​នឹង​ពួក​ភេរវកម្ម​ឥស្លាម​ជ្រុល​និយម។

និយាយ​រួម​ គឺ​ពួក​គេ​បាន​បង្ហាញ​នូវ​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​រឹត​បន្តឹង​របស់​ចិន​ដោយ​គ្រប់​គ្រង់​លើ​ផ្នែក​សង្គម​និង​នយោបាយ​នៅ​ក្នុង​តំបន់​ Xinjiang។

មាន​តែ​ឆ្អឹង​ អត់​សាច់

លោក Dru Gladney សាស្ត្រាចារ្យ​ផ្នែក​នរវិទ្យា​មក​ពី​មហា​វិទ្យាល័យ​ Pomona College នៅ​រដ្ឋ​កាលីហ្វ័រញ៉ា បាន​និយាយ​ថា​៖ «ខ្ញុំ​ធ្លាប់​និយាយ​ថា​ចិន​កំពុង​ប្រើ​វិធី​សាស្ត្រ​សាច់​និង​ឆ្អឹង​ទៅ​លើ​បញ្ហា​Uighur​ នេះ។ ប៉ុន្តែ​ ឥឡូវ​ហាក់​ដូច​ជា​សាច់​ត្រូវ​យក​ចេញ​អស់​ ហើយ​គំនរ​ឆ្អឹង​កើន​ឡើង​រឹត​តែ​ច្រើន»។​

ចាប់ពីខែ​កញ្ញា​ទៅ ការ​ប្រើ​ភាសា​ Uighur នៅ​ក្នុង​សាលា​រៀន​គ្រប់​កម្រិត​ទាំង​អស់​នៅ​តំបន់​ Xinjiang នឹង​ត្រូវ​ហាម​ឃាត់។ ប្រទេស​ចិន​បាន​ហាម​ឪពុក​ម្ដាយ​ជន​ជាតិ​ Uighurមិន​ឲ្យ​ដាក់​ឈ្មោះ​កូនៗ​ទើប​កើត​ថា​«មូហាំម៉ាត់»ទេ ​ឬ​ឈ្មោះ​ណា​ដែល​មាន​អត្ថន័យ​ពាក់​ព័ន្ធ​នឹង​ «សាសនា​ខ្លាំង​ពេក»។

ការ​រឹត​បន្តឹង​ផ្សេងៗ​ទៀត​ ផ្ដោត​លើ​ការ​ត្រួត​ពិនិត្យ​ និង​គ្រប់​គ្រង​លើ​ការ​អនុវត្ត​សាសនា​របស់​ក្រុម​ជន​ជាតិ​ភាគ​តិច​ ដែល​រួម​ទាំង​ការគ្រប់គ្រង​តាម​រយៈ​កម្មវិធី​ទូរស័ព្ទ​ដើម្បី​ឃ្លាំ​មើល​ការ​ទាក់​ទង​របស់​ពួក​គេ។

អំពើ​ប្រល័យ​ពូជ​សាសន៍​ដើម្បី​បំបាត់​វប្បធម៌

លោក​ Isa បាន​និយាយ​ថា​៖ «វាច្បាស់​ណាស់​ នេះគឺ​ជា​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ចិន​ ក្នុង​ការ​បំផ្លាញ​វប្បធម៌​ជន​ជាតិ​Uighur »។​

លោក​បាន​បន្ថែម​ថា​៖​ «ភាសា​Uighur គឺជា​កត្តា​ចម្បង​មួយ​នៃ​អត្ត​សញ្ញាណ​របស់​ជនជាតិ​ Uighur។ ប្រសិន​បើ​អ្នក​ប្ដូរ​ភាសា​របស់​អ្នក​ អ៊ីចឹង​ អត្តសញ្ញាណ​នឹង​ត្រូវ​បាត់​បង់ប្រហែល​៦០ភាគ​រយ។ អត្ត​សញ្ញាណ​មួយ​ទៀត​ គឺ​សាសនា។​ មូល​ហេតុ​ដូច្នេះ​ហើយ​ ទើប​រដ្ឋាភិបាល​ចិន​ សព្វ​ថ្ងៃ​ បង្ខំ​ដាក់​សម្ពាធ​មក​លើ​សាសនា​ និង​ភាសា​កាន់​តែ​ខ្លាំង»។​

លោក Michael Clarke សាស្ត្រាចារ្យ​ជំនួយនៅ​សាកល​វិទ្យាល័យ​ជាតិ​អូស្ត្រាលី ផ្នែក​សន្តិសុខ​ជាតិ​ បាន​បញ្ជាក់​ថា​ ចិន​សម្ញែងឲ្យ​ឃើញ​ពី​ការ​ដាក់ត្រួតត្រា​ខ្លាំង​បែប​នេះ គឺបាន​ត្រឹម​តែ​រឹត​បន្តឹង​ក្តី​បារម្ភ​ដែល​ជន​ជាតិ​ Uighurមាន​តាំង​ពី​មុន​មក ដោយ​ខ្លាចក្រែង​ថា​ពួក​គេ​នឹង​ត្រូវ​ដាក់​ឲ្យ​នៅ​លាយ​ឡំ​គ្នា​ជា​សមានកម្ម។

លោក​សាស្ត្រាចារ្យ​ បាន​ប្រាប់​ VOA​ តាម​រយៈ​សារ​អេឡិចត្រូនិកថា​៖ «គ្មាន​អី​គួរ​ឲ្យ​ឆ្ងល់​ទេ​ថា គោល​នយោបាយ​បែប​នេះ​ មិន​ត្រឹម​តែ​ធ្វើ​ឲ្យភាព​តាន​តឹង​រវាង​ជនជាតិ​ភាគ​តិច​នឹង​ជនជាតិ​ភាគ​តិច​ផ្សេង​ទៀត​កាន់​តែ​ខ្លាំង​ឡើង​នោះ​ទេ (រវាង​ជនជាតិ​Uighurទូទៅ​ និង​ចិន​ដើម​កំណើត​ហាន) ប៉ុន្តែ​ថែម​ទាំង​ទំនាក់​ទំនង​របស់​ជនជាតិ​ Uighur ជាមួយ​នឹង​ស្ថាប័ន​នានា​ផង​ដែរ»។

កង្វល់​ឈឺចាប់​កើ​ន​ឡើង​

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ បាន​និយាយ​ថា​ អំពើ​ហិង្សា​នៅ​តំបន់​ Xinjiang ​ បង្ក​ឡើង​ដោយ​កង​កម្លាំង​សត្រូវ​ពី​ខាង​ក្រៅ​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ក្រុម​ឥស្លាម​ទូទាំង​ពិភពលោក ដូចជា​ ពួក​ al-Qaida និង​ពួក​រដ្ឋ​ឥស្លាម​ជាដើម។

សាស្ត្រាចារ្យ​ Clarke បាន​បញ្ជាក់​ថា​ រឿង​ហេតុ​ជាច្រើន​ដែល​បាន​កើត​ឡើង​ពេល​ថ្មី​ៗ​នេះ គឺ​បង្ក​ឡើង​ដោយសារ​ភាព​អយុត្តិធម៌​នៅ​ក្នុង​តំបន់​ ពាក់​ព័ន្ធ​នឹង​ការ​ចង់​បង្កើន​ការ​គ្រប់​គ្រង់​របស់​រដ្ឋ​ទៅ​លើ​តំបន់​នោះ។

សាស្ត្រាចារ្យ​ Clarke ក៏​បាន​សុំ​ឲ្យ​រដ្ឋាភិបាល​ចិន​ បន្ធូរ​បន្ថយ​ការ​ត្រួត​ពិនិត្យ​ដ៏​ចាស់​ដៃ​របស់​ខ្លួន​ នៅ​ក្នុង​តំបន់​Xinjiang ឬ​ប្រឈម​នឹង​អ្វី​ដែល​លោក​ហៅ​ថា​ "បន្ថយ​លឿន​" នៅ​ក្នុង​គម្រោង​តំបន់​សេដ្ឋកិច្ច​ផ្លូវ​សូត្ររបស់​ខ្លួន​ ដូចជា​ គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​ ដែល​សាង​សង់​នៅ​ភូមិភាគ​ខាង​លិច​ប្រទេស​ចិន។

លោក​បាន​និយាយ​ថា​ ដើម្បី​អនុវត្ត​គម្រោង​នោះ​ ចិន​ត្រូវ​ការ​ការ​គាំទ្រ​ពី​ប្រជាជន​តាម​បណ្ដា​ប្រទេស​នៅ​អាស៊ី​កណ្ដាល​ ឬ​ប្រទេស​អារ៉ាប់​នៅ​តំបន់​ឈូង​សមុទ្រ​ពែក្ស​ ដែល​មាន​អ្នក​កាន់​សាសនា​អ៊ីស្លាម​ជា​ច្រើន​មាន​ការ​ខឹង​សម្បារ​ចំពោះ​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​ចិន​ទៅ​លើ​ជន​ជាតិ​ Uighur ដែល​កាន់​សាសនា​ឥស្លាមនោះ៕

ប្រែ​សម្រួល​ដោយ៖​ សើ​ សាយ្យាណា