ប្រទេសអ៊ីតាលីកំពុងប្រារព្ធទិវាកាន់ទុក្ខកាលពីថ្ងៃសៅរ៍ បន្ទាប់ពីការបាក់រលំផ្លូវស្ពាននៅកំពង់ផែ Genoa ដែលបានសម្លាប់មនុស្ស៤២នាក់។
ស្នូរទះដៃបានផ្ទុះឡើងនៅឯពិធីបុណ្យសពក្នុងទីក្រុង Genoa នៅពេលអ្នកជួយសង្គ្រោះនិងសមាជិកផ្នែកការពារសុវត្ថិភាពជនស៊ីវិលបានមកដល់ដើម្បីចូលរួមក្នុងពិធីបុណ្យអ្នកដែលបានស្លាប់នៅពេលដែលស្ពាន Morandi បានបាក់រលំ។
ជ្ញាធរបានយកមជ្ឈមណ្ឌលតាំងពិព័រណ៍នៅតំបន់ Genoa Fair ធ្វើជាព្រះវិហាររៀបចំពិធីនេះ។ អគារនេះត្រូវបានតុបតែងដោយផ្កានិងរូបថត។ មឈូសចំនួន១៨ត្រូវបានគ្របដណ្តប់ដោយផ្កាកុលាបពណ៌សរួមទាំងសាកសពអ្នកកាន់សាសនាជនជាតិអាល់បានីពីរនាក់ដែលបានស្លាប់និងក្ដារមឈូសពណ៌សតូចមួយសម្រាប់ជនរងគ្រោះវ័យក្មេងអាយុ៨ឆ្នាំម្នាក់ដែលបានស្លាប់ជាមួយឪពុកម្តាយ។
អេក្រង់ដ៏ធំមួយត្រូវបានរៀបចំឡើងនៅខាងក្រៅមជ្ឈមណ្ឌលនេះសម្រាប់ជនជាតិអ៊ីតាលីផ្សេងទៀតទស្សនា នៅទូទាំងប្រទេសនិងភ្ញៀវទេសចរ ដែលបានចេញចូលរួមពិធីនេះ។ មនុស្សជាច្រើនបាននិយាយថា ពួកគេបានចេញមកដើម្បីបង្ហាញសាមគ្គីភាពជាមួយសាច់ញាតិរបស់ជនរងគ្រោះដោយសារអ្វីដែលបានកើតឡើងនេះក៏អាចបង្កគ្រោះថ្នាក់ចំពោះមនុស្សគ្រប់រូប។
ព្រះចៅអធិការ Angelo Bagnasco នៃតំបន់ Genoaបានធ្វើជាអធិបតីនៃពិធីដ៏ឧឡារិកនេះ។ មន្ត្រីជាន់ខ្ពស់អ៊ីតាលី និងអ្នកនយោបាយ រួមទាំងលោក Sergio Mattarella ជាប្រមុខរដ្ឋ និងលោកនាយករដ្ឋមន្រ្តី Giuseppe Conte បានចូលរួមក្នុងពិធីនេះដែរ។
ប៉ុន្តែមិនមែនគ្រួសារទាំងអស់របស់ជនរងគ្រោះបានយល់ព្រមចូលរួមទេ។ គ្រួសារមួយចំនួនបានសម្រេចបញ្ចុះសពសាច់ញាតិរបស់ពួកគេនៅស្រុកកំណើត ខណៈដែលអ្នកផ្សេងទៀតបដិសេធមិនចូលរួមដោយមានកំហឹងព្រោះយល់ថា ពួកគេបាត់បង់មនុស្សជាទីស្រឡាញ់របស់ពួកគេក្នុងគ្រោះថ្នាក់នេះដោយសារការថែទាំផ្លូវមិនបានត្រឹមត្រូវ។
លោកប្រធានាធិបតី Sergio Mattarella បានទៅជួបអ្នករងរបួសនៅមន្ទីរពេទ្យ មុនពេលចូលរួមក្នុងពិធីនេះ។ លោកបាននិយាយថា វាជារឿងមិនគួរឱ្យជឿ គួរឱ្យភ័យខ្លាចជាសោកនាដកម្មដែលមិនត្រឹមតែវាយប្រហារតំបន់ Genoa តែប៉ុណ្ណោះទេតែវាយប្រហារជាតិទាំងមូល៕