ភាពយន្ត​អ៊ីតាលី​ឈ្នះ​រង្វាន់​អូស្ការ​សម្រាប់​ភាពយន្ត​ភាសា​បរទេស

លោក Paolo Sorrentino អ្នក​ដឹកនាំ​នៃ​រឿង The Great Beauty របស់​ប្រទេស​អ៊ីតាលី។ (២៨ កុម្ភៈ ២០១៤)

ខ្សែ​ភាពយន្តប្រទេសអ៊ីតាលីរឿងThe Great Beauty បានឈ្នះរង្វាន់ភាពយន្តអូស្ការ​ដ៏​ល្បីល្បាញ​របស់​សហរដ្ឋ​អាមេរិក។ ភាព​យន្ត​នេះជា​ជ័យ​លាភី​ក្នុង​ប្រភេទ​ភាពយន្ត​បរទេស​ល្អ​ជាង​គេ (Best Foreign Language Film) ដែល​ត្រូវ​បាន​ប្រកាស​នៅ​យប់​ថ្ងៃ​អាទិត្យ​នៅ​ទី​ក្រុង​ហូលីវូដ​ សហរដ្ឋ​អាមេរិក ត្រូវ​នឹង​ព្រឹក​ថ្ងៃ​ច័ន្ទ​ម៉ោង​នៅ​ប្រទេស​កម្ពុជា។

រឿង​ The Great Beauty ដែល​ដឹកនាំ​ដោយ​លោក Paolo Sorrentino បាន​ទទួល​ជ័យ​ជម្នះ​លើ​ភាពយន្ត​បរទេស​ចំនួន​៤​ទៀត​គឺ​ភាពយន្ត The Broken Circle Breakdown របស់​ប៊ែលហ្សិក ភាពយន្ត The Hunt របស់​ដាណឺម៉ាក ភាពយន្ត The Missing Picture ឬ «កង្វះរូបភាព» របស់​កម្ពុជា និង​ភាពយន្ត Omar របស់​ប៉ាលេស្ទីន។

ភាពយន្ត​«កង្វះរូបភាព» ​ដែលត្រូវ​ផលិត​ដោយ​លោក ប៉ាន់ រិទ្ធី ជា​ភាពយន្ត​ដំបូង​បំផុត​ពី​ប្រទេស​កម្ពុជា​ដែល​ត្រូវ​បាន​ជាប់​ចូល​ប្រកួត​ផ្តាច់​ព្រ័ត្រ​នៅក្នុងការប្រកួតភាពយន្តអូស្ការដ៏​ល្បីល្បាញ។​ ថ្វី​បើភាពយន្ត​នេះ​មិន​បាន​ទទួល​រង្វាន់អូស្កា​រ​ក្តី ក៏​ការ​ចូល​ប្រកួត​ផ្តាច់​ព្រ័ត្រ​នេះ​បាន​ជួយ​លើក​កម្ពស់​វិស័យ​ភាពយន្ត​កម្ពុជា​និង​ប្រទេស​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ។

លោក​ ប៉ាន់ រិទ្ធី បានថ្លែង​ប្រាប់វីអូអេ​នៅក្នុង​បទ​សម្ភាសន៍នៅ​មុន​ការ​ប្រកាស​លទ្ធផល​ចុង​ក្រោយ​ថា ទោះបី​ភាពយន្ត​«កង្វះ​រូបភាព»​បាន​ទទួល​ជ័យ​ជម្នះ​ឬ​មិន​បាន​ក្តី ក៏​លោក​គិត​ថា​ការណ៍​ដែល​ភាពយន្ត​ខ្មែរ​មួយ​បាន​ចូល​ប្រកួត​នៅ​ក្នុង​ការ​ប្រកួត​អូស្ការ​ឆ្នាំ​នេះ​នឹង​លើក​ទឹកចិត្ត​និង​បើកឱកាសដល់​ផលិតករ​ភាពយន្ត​ខ្មែរ​ជំនាន់​ក្រោយៗ​ទៀត៕