ពលរដ្ឋអ៊ីស្រាអែលរាប់ម៉ឺននាក់បានប្រមូលផ្ដុំគ្នាកាលពីថ្ងៃអាទិត្យនៅខាងក្រៅអគារសភាក្នុងទីក្រុងហ្ស៊េរុយសាឡិមនៃប្រទេសអ៊ីស្រាអែលដើម្បីតវ៉ាដ៏ធំបំផុតប្រឆាំងនឹងរដ្ឋាភិបាលតាំងពីពេលដែលអ៊ីស្រាអែលបានធ្វើសង្គ្រាមជាមួយនឹងក្រុមហាម៉ាស់ (Hamas) កាលពីខែតុលាឆ្នាំមុនមក។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ពួកគេបានជំរុញរដ្ឋាភិបាលឱ្យសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងមួយដើម្បីឱ្យមានការដោះលែងចំណាប់ខ្មាំងរាប់សិបនាក់ដែលក្រុមហាម៉ាស់បានចាប់ឃុំនៅក្នុងតំបន់ហ្កាហ្សា និងឱ្យមានការរៀបចំការបោះឆ្នោតមុនកាលកំណត់។
សង្គ្រាមជិត ៦ ខែកន្លងមករវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់បានធ្វើឱ្យមានការបែកបាក់ជាថ្មីនៅក្នុងសង្គមអ៊ីស្រាអែល។
ទោះបីជាក្រុមហាម៉ាស់បានរងការខាតបង់ធ្ងន់ធ្ងរក៏ដោយ ក៏ក្រុមនេះនៅតែខ្លាំងក្លាដដែល ហើយក្រុមគ្រួសាររបស់ចំណាប់ខ្មាំងដែលក្រុមនេះបានចាប់ឃុំជឿថាពេលវេលាជិតអស់ហើយ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថា ការអំពាវនាវឱ្យមានការបោះឆ្នោតថ្មីនៅអ៊ីស្រាអែលមុនពេលអ៊ីស្រាអែលទទួលបានជ័យជម្នះនៅក្នុងតំបន់ហ្កាហ្សានឹងធ្វើឱ្យអ៊ីស្រាអែលគាំងដំណើរការពី ៦ ទៅ ៨ ខែ និងប៉ះពាល់ដល់ការចរចាអំពីការដោះលែងចំណាប់ ខ្មាំង៕