កងទ័ព​អ៊ីស្រាអែល​ធ្វើការ​វាយប្រហារ​ទូទាំង​តំបន់​ហ្កាហ្សា

ទឹកស្អុយចេញពីបំពង់លូក្រោមដីគ្របដណ្តប់តំបន់មួយដែលពោរពេញដោយអគារដែលត្រូវបានបំផ្លាញនៅតំបន់ Khan Yunis នៅភាគខាងត្បូងតំបន់ហ្កាហ្សា នៅថ្ងៃទី៨ ខែកក្កដាឆ្នាំ២០២៤។

យោធា​អ៊ីស្រាអែល​បាន​ធ្វើការ​វាយប្រហារ​តាម​អាកាស​នៅ​ទូទាំង​តំបន់​ហ្កាហ្សា​ និង​វាយ​ប្រហារ​ពួក​ជន​សកម្ម​ប្រយុទ្ធ Hezbollahនៅ​ក្នុង​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​លីបង់។

ពួក​អ្នក​ស្រុក​ក៏​បាន​រាយការណ៍​ដែរ​ថាមាន​កិច្ចប្រតិបត្តិការ​រថក្រោះ​របស់​អ៊ីស្រាអែល​ក្នុង​តំបន់​ភាគ​ខាង​ជើង​តំបន់​ហ្កាហ្សា​ជា​ទីកន្លែង​ដែល​យោធា​អ៊ីស្រាអែល​និយាយ​ថា​ខ្លួន​បាន​ធ្វើ​សកម្មភាព​ប្រឆាំង​ភេរវកម្ម។

នៅ​ក្នុងតំបន់​ហ្កាហ្សាភាគ​ខាង​ត្បូង កងទ័ព​ការពារ​ជាតិ​អ៊ីស្រាអែល​បាន​រាយការណ៍​ពី​ការសម្លាប់​ពួក​ជន​សកម្ម​ប្រយុទ្ធ​ជាង៣០នាក់។

អំពើ​ហិង្សា​នៅពេល​ថ្មីៗ​នេះ​បាន​កើត​មាន​ឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​ពួក​បាតុករ​អ៊ីស្រា អែល​បាន​បិទ​ផ្លូវហាយ​វ៉េ​នៅ​ទូទាំង​ប្រទេស​នៅពេល​ដែល​ពួកគេ​បាន​អំពាវនាវ​ឱ្យ​មាន​ការឈប់​បាញ់​គ្នា​ហើយ​បាន​អំពាវនាវ​ឱ្យ​នាយក​រដ្ឋមន្ត្រី Benjamin Netanyahuចុះ​ចេញ​ពី​តំណែង។

«ទិវា​ឆាឆៅ»នៅ​ថ្ងៃ​អាទិត្យ​បាន​ចាប់ផ្តើម​នៅ​ម៉ោង៦:២៩ព្រឹក​ម៉ោង​នៅ​ក្នុង​ស្រុក​ដែល​បាន​កត់​សម្គាល់​ថា​ពួកជន​សកម្មប្រយុទ្ធ​ហាម៉ាស់​បាន​បាញ់​គ្រាប់​រ៉ុក្កែត​លើក​ដំបូង​ដាក់​អ៊ីស្រាអែល​នៅ​ថ្ងៃ​ទី៧ ខែ​តុលា​ឆ្នាំ​មុន ជា​ការវាយ​ប្រហារ​ដែល​បាន​សម្លាប់​មនុស្ស១ ពាន់២រយ​នាក់​ហើយ​បាន​នាំ​ឱ្យ​មាន​ការចាប់​មនុស្ស​ធ្វើ​ចំណាប់ខ្មាំង​ប្រហែល២៥០ នាក់។

បាតុករ​បាន​បិទ​ផ្លូវ​សំខាន់ៗ​ហើយ​បាន​ធ្វើ​បាតុកម្ម​នៅ​ខាង​ក្រៅ​ផ្ទះ​របស់​សមាជិក​សភា​អ៊ីស្រាអែល​មួយ​ចំនួន។ នៅជិត​ព្រំដែន​ជាមួយ​តំបន់​ហ្កាហ្សា ពួក​បាតុករ​អ៊ីស្រាអែល​បាន​បង្ហោះ​បាឡុង​ពណ៌​ខ្មៅ​និង​ពណ៌​លឿង​ចំនួន១ពាន់៥រយ​ដែល​ជា​និមិត្តរូប​នៃ​អ្នក​ដែល​បាន​ត្រូវ​គេ​សម្លាប់​និង​ចាប់​ពង្រត់។

ការវាយបក​តាម​ថ្មើជើង​និង​តាម​អាកាស​ជារឿយៗរបស់​អ៊ីស្រាអែល​នៅ​ក្នុង​តំបន់​ហ្កាហ្សា​បន្ទាប់ពី​ការវាយ​ប្រហារ​ដ៏​រន្ធត់​នៅ​ខែ​តុលា​របស់​ពួក​ហាម៉ាស់​បាន​សម្លាប់​ជន​ជាតិ​ប៉ាឡេស្ទីន​ជាង៣ម៉ឺន៨ពាន់​នាក់។ នេះ​បើ​តាម​ក្រសួង​សុខាភិបាល​នៅ​ក្នុង​តំបន់​ហ្កាហ្សា។ អ៊ីស្រាអែល​បាន​និយាយ​ថា​ខ្លួន​ជឿ​ថា​ពួក​ហាម៉ាស់​នៅ​កំពុង​ចាប់​ឃុំឃាំង​ចំណាប់​ខ្មាំង១១៦​នាក់ ​រួមទាំង​៤២នាក់​ដែល​ពួក​យោធា​បាន​និយាយ​ថា​បានស្លាប់ផង​ដែរ៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ត្រូវ​បាន​ផ្តល់​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង Reuters