យោធា​អ៊ីស្រាអែល​ធ្វើការ​វាយប្រហារតាម​អាកាស​ថ្មី​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ភាគ​កណ្តាល

បុរស​ប៉ាឡេស្ទីន​ម្នាក់​មាន​ប្រតិកម្ម​នៅ​កន្លែង​នៃ​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល នៅ​ខាង​ក្រៅ​សាលា​ដែល​ផ្តល់​ជម្រក​ដល់​ជន​ភៀស​ខ្លួន ចំ​ពេល​មាន​ជម្លោះរវាង​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស់ នៅ​ក្នុង​ក្រុង Khan Younis ក្នុង​តំបន់ Gaza ភាគ​ខាង​ត្បូង កាល​ពី​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០២៤។

កងកម្លាំង​យោធា​អ៊ីស្រាអែល​បាន​បន្ត​ការវាយ​ប្រហារ​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ភាគ​កណ្តាល​កាលពី​ថ្ងៃ​ពុធ មួយ​ថ្ងៃ​ក្រោយ​ការវាយ​ប្រហារ​តាម​អាកាស​មួយ​ទៅលើសាលា​រៀន​ដែល​ក្លាយ​ជា​ជម្រក​សម្រាប់​ជនជាតិ​ប៉ាឡេស្ទីន​ដែល​គ្មាន​ទីកន្លែង​រស់​នៅ​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​ក៏ ២៩ នាក់​ដែរ។ នេះ​បើ​តាម​ពួក​មន្ត្រី​សុខាភិ បាល​ប៉ាឡេស្ទីន។

កងកម្លាំង​អ៊ីស្រាអែល​បាន​ធ្វើការ​វាយ​ប្រហារ​តាម​អាកាស​ទៅលើ​ទីប្រជុំជន Nuseirat និង Khan Younis ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ៦ នាក់​ហើយ​បាន​បន្សល់ទុក​មនុស្ស​ជា​ច្រើន​នាក់​ទៀត​រងរបួស។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ផ្សេងៗទៀត។

ទីភ្នាក់​ងារ​សារព័ត៌មាន AP ក៏​បាន​រាយការណ៍​ដែរ​ថា​ មនុស្ស ៨ នាក់​បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ការវាយ​ប្រហារ​តាម​អាកាស​លើ​ផ្ទះ​មួយ​កន្លែង​នៅ​ក្នុង​ទីប្រជុំជន Deir al-Balah ជា​តំបន់​មួយ​ដែល​តាំង​នៅ​ «ក្នុង​តំបន់​សុវត្ថិភាព​មនុស្សធម៌»​ ជា​ទីកន្លែង​ដែល​ជនជាតិ​ប៉ាឡេស្ទីន​ត្រូវ​បាន​អ៊ីស្រាអែល​ប្រាប់​ឱ្យ​ស្វះស្វែង​ជ្រកពួក។

ការវាយ​ប្រហារ​កាលពី​ថ្ងៃ​អង្គារ​ទៅលើ​សាលា​រៀន al-Awda នៅ​ក្នុង​ទីក្រុង Abasan នៅ​ជិត​ទីក្រុង Khan Younis ជា​ការវាយ​ប្រហារ​ថ្ងៃ​ទី ៤ នៅ​ក្នុង​រយៈពេល​ជា​ច្រើន​ថ្ងៃ។

ពួក​មន្ត្រី​និយាយ​ថា​ យោធា​បាន​ស្វះស្វែង​រក​សេចក្តីរាយការណ៍​ដែល​ថា​ជនស៊ីវិល​បាន​គ្រោះថ្នាក់​នៅ​ក្នុង​ការវាយ​ប្រហារ​នេះ៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង Reuters។