មន្ទីរ​ពេទ្យ​អ៊ីស្រាអែល​ថា ការ​ចាក់​វ៉ាក់សាំង​ដូស​ទី៤ មិន​បាន​រារាំង​ការរាលដាល​នៃ​វីរុស​បំប្លែង​ខ្លួន​អូមីក្រុង​ទេ

រូប​ឯកសារ៖ អ្នកស្រី Lili Zohari អាយុ​៩០​ឆ្នាំ ទទួល​វ៉ាក់សាំង​ដូស​ទី​៤​នៅ​​​គេហដ្ឋាន​​អ្នក​ចូល​និវត្តន៍​នៅ​ទី​ក្រុង Netanya ប្រទេស​អ៊ីស្រាអែល កាល​ពី​​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០២២។

ការ​រកឃើញ​ថ្មី​បង្ហាញ​ថា ដូស​ទី៤​នៃ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ មាន​ឥទ្ធិពល​តិចតួច​ដើម្បី​បញ្ចៀស​ការឆ្លង​ពី​វីរុស​បំប្លែង​ខ្លួន​អូមីក្រុង (Omicron)។ នេះ​បើ​តាម​ពួក​អ្នក​ស្រាវជ្រាវ​នៅ​ឯ​មន្ទីរពេទ្យអ៊ីស្រាអែល​មួយ។

មន្ទីរ​ពេទ្យ Sheba បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​ផ្តល់​ដូស​ទី៤​នៃ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer-BioNtech ឬ Moderna ដល់​បុគ្គលិក​សុខាភិបាល​របស់ខ្លួន​ចំនួន​២៧៤នាក់​ហើយ​បាន​រកឃើញ​ថា ខណៈដែល​អ្នក​ទទួល​ដូស​ជំរុញ​បាន​បង្កើន​អង់ទីគ័រ វា​មិន​បាន​រារាំង​ការរាលដាល​នៃ​វីរុស​បំប្លែង​ខ្លួន​អូមីក្រុង​ទេ។

លោកស្រី​វេជ្ជបណ្ឌិត Gili Regev-Yochay នាយិកា​អង្គភាព​ការពារ​និង​ត្រួតត្រា​ជំងឺ​ឆ្លង​របស់​មន្ទីរពេទ្យ បាន​ប្រាប់​អ្នក​យកព័ត៌មាន​នៅ​ក្នុង​សន្និសីទ​កាសែត​តាម​អនឡាញ​កាលពី​ថ្ងៃ​ចន្ទ​ថា៖ «ទាំង​អស់​នេះ​ជា​លទ្ធផល​បឋម។ នេះ​ជាលទ្ធផល​មុន​ការបោះពុម្ភផ្សាយ ក៏ប៉ុន្តែ​យើង​ផ្តល់​ព័ត៌មាន​នេះ ពីព្រោះ​តែ​យើង​យល់​ថា​សាធារណជន​ត្រូវ​ទទួល​បាន​ព័ត៌មាន​ជាបន្ទាន់​ទៅ​តាម​លទ្ធភាព​អំពី​ដូស​ទី៤»។

អ៊ីស្រាអែល​បាន​ផ្តល់​ដូស​វ៉ាក់សាំង​ទី៤ ដល់​មនុស្ស​ចាស់​ដែល​មាន​អាយុ​ចាប់​ពី​៦០ឆ្នាំ​ឡើង​ទៅ។ អ៊ីស្រាអែល​ជា​ប្រទេស​មុនគេ​ដែលចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​របស់​ខ្លួន ហើយ​នឹង​ចាក់​ដូស​ជំរុញ។

លោក​វេជ្ជបណ្ឌិត Nachman Ash នាយក​នៃ​ក្រសួង​សុខាភិបាល​អ៊ីស្រាអែល បាន​និយាយ​ថា ព័ត៌មាន​ថ្មីៗ​បំផុត​នេះ នឹង​ត្រូវ​យកទៅ​ពិចារណា​ដើម្បី​ធ្វើ​ការសម្រេច​ថា​តើ​អ៊ីស្រាអែល​នឹង​ពង្រីក​កម្មវិធី​ការចាក់​ដូស​ជំរុញ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ដោយ​ការបន្ថែម​ការចាក់​មួយ​ដូស​ទៀត​ដែរ​ឬទេ។

នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ទៀត​កាលពី​ថ្ងៃ​ចន្ទ ប្រទេស​នូវែលសេឡង់ បាន​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ដល់​កូន​ក្មេង​ចាប់ពី​អាយុ​៥ឆ្នាំ​ដល់​១១ឆ្នាំ ដោយ​ប្រើ​វ៉ាក់សាំង​បង្ការ​កូវីដ១៩​របស់​ក្រុមហ៊ុន Pfizer សម្រាប់​កូនក្មេង។ វ៉ាក់សាំង​ជាង​១សែន​២ម៉ឺន​ដូស បាន​ត្រូវ​ចែកចាយ​ដល់​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​ចំនួន​៥០០​កន្លែង​នៅ​ទូទាំង​ប្រទេស។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​សុខាភិបាល​នូវែលសេឡង់។

ការ​កើនឡើង​នូវ​វីរុស​អូមីក្រុង កំពុង​គំរាមកំហែង​មន្ទីរពេទ្យ​នានា​នៅ​ក្នុង​តំបន់​អាមេរិក​ខាង​ត្បូង។ ទីភ្នាក់ងារ​ព័ត៌មាន AP បាន​រាយការណ៍​ថា ប្រទេស​អាហ្សង់ទីន មាន​ការឆ្លង​ប្រចាំ​ថ្ងៃ​ជា​មធ្យម​ចំនួន​១១២.០០០​ករណី​កាលពី​សប្តាហ៍មុន ហើយ​ថា​ក្រុមហ៊ុន​ថែទាំ​សុខភាព​ឯកជន បាន​ប៉ាន់ស្មាន​ថា បុគ្គលិក​សុខាភិបាល​ប្រហែល​១៥ភាគរយ​នៅ​ពេល​បច្ចុប្បន្ន​នេះ មាន​វីរុស​កូរ៉ូណា៕

ព័ត៌មាន​មួយចំនួន​នៅក្នុង​សេចក្ដីរាយការណ៍​នេះ ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន The Associated Press Agence France-Presse និង Reuters។