ទ័ព​ជើង​គោក​អ៊ីស្រាអែល​ចូល​រួម​ការ​វាយ​ប្រហារ​លើ​តំបន់​ហ្គាហ្សា

កងយោធាអ៊ីស្រាអែលត្រៀមបាញ់គ្រាប់កាំភ្លើងធំចេញពីតំបន់មួយក្បែរមូលដ្ឋានទ័ពរបស់ខ្លួនដែលស្ថិតនៅតំបន់ព្រំដែនរវាងអ៊ីស្រាអែលនិងតំបន់ហ្គាហ្សា នាថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២១។

ទ័ពជើងគោក​របស់​អ៊ីស្រាអែល​បាន​ចូល​រួម​ជា​មួយ​ទ័ព​ជើងអាកាស​របស់​ខ្លួន​ ក្នុង​ការ​វាយ​ប្រហារ​លើ​តំបន់​ហ្គាហ្សា នៅ​ព្រឹក​ថ្ងៃសុក្រនេះ។ នេះ​បើ​តាម​ការ​ប្រកាស​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​យោធា​អ៊ីស្រាអែល។

កងទ័ព​ការពារ​ជាតិ​អ៊ីស្រាអែល​បាន​បង្ហោះ​សារ Twitter ថា ទ័ពរបស់​ខ្លួន «កំពុង​វាយ​ប្រហារ​នៅ​ក្នុង​តំបន់ហ្គាហ្សា»។ ប៉ុន្តែ​ក្រោយ​មក បាន​ប្រកាស​ថា​ មាន​ការ​យល់​ច្រឡំ​ក្នុង​ទំនាក់​ទំនង​ផ្ទៃ​ក្នុង ហើយ​ក៏​បាន​បញ្ជាក់​ឡើង​វិញ​ថា កងទព័​អ៊ីស្រាអែល​បាន​បាញ់កាំភ្លើង​ធំ​ចេញ​ពី​ក្នុង​ទឹកដី​អ៊ីស្រាអែល។

លោក​នាយករដ្ឋ​មន្ត្រី Benjamin Netanyahu បាន​ថ្លែង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ជាវីដេអូ​មួយថា៖ «ខ្ញុំបាន​និយាយរួច​ហើយថា យើង​នឹង​ឲ្យក្រុម​ហាម៉ាស (Hamas) ទទួល​ខុសត្រូវ​ធ្ងន់ធ្ងរ​ចំពោះ​រឿង​នេះ។ យើង​កំពុងធ្វើ ហើយ​យើង​ធ្វើ​បន្តធ្វើ​ជា​មួយ​កងកម្លាំង​ទ្រង់​ទ្រាយ​ធំ»។

ពលរដ្ឋ​នៅ​ក្នុង​តំបន់​ហ្គាហ្សា​ជិត​ព្រំដែនអ៊ីស្រាអែល​បាន​បញ្ជាក់​ប្រាប់​ទី​ភ្នាក់ងារ​សារព័ត៌មាន Reuters ថា ពួក​គេ​មិន​បាន​ឃើញ​ទ័ពជើង​គោក​អ៊ីស្រាអែល​នៅ​ក្នុងតំបន់​ហ្គាហ្សាទេ ប៉ុន្តែ​ពួគ​គេ​បាន​រាយការណ៍​ថា មាន​ការ​បាញ់​គ្រាប់​កាំភ្លើង​ធំ និងការ​វាយ​ប្រហារ​តាម​អាកាស​ជាច្រើន។​

ស្រប​ពេល​ដែល​អំពើ​ហិង្សា​ឈាន​ចូល​ដល់ ថ្ងៃទី ៥ ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ បានប្រកាស​ថា ​ខ្លួន​បាន​យល់​ព្រម​កោះ​ប្រជុំ​នៅ​ថ្ងៃ​អាទិត្យនេះ ដើម្បីពិភាក្សា​អំពី​ស្ថានការណ៍ បន្ទាប់​គម្រោង​រៀបចំ​ប្រជុំ​ត្រូវ​បាន​ពន្យារពេល​ដោយការ​ព្រួយ​បារម្ភ​ពី​សហរដ្ឋ​អាមេរិក។

ឯកអគ្គរដ្ឋទូតសហរដ្ឋ​អាមេរិក​ប្រចាំ​អង្គ​ការ​សហប្រជាជាតិ​លោកស្រី Linda Thomas-Greenfield​ បាន​សរសេរ​នៅ​លើ Twitter ថា៖ «សហរដ្ឋអាមេរិក​នឹង​បន្ត​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ផ្នែក​ការទូត​នៅ​កម្រិត​ខ្ពស់​បំផុត​ដើម្បី​ព្យាយាម​បន្ធូរ​ភាពតានតឹង»៕