កងទ័ពអ៊ីស្រាអែលបានវាយប្រហារថ្មីៗតាមអាកាសនៅទូទាំងតំបន់ហ្កាហ្សា (Gaza) ស្របពេលដែលក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ (Hamas) នៅក្នុងតំបន់នោះបានបញ្ជាក់នៅថ្ងៃចន្ទនេះថាការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង១៣០នាក់ក្នុងពេលមួយថ្ងៃកន្លងមក។
យោធាអ៊ីស្រាអែលបានលើកឡើងនៅថ្ងៃចន្ទនេះថា ប្រតិបត្តិការរបស់ខ្លួនគឺរួមមានផងដែរនូវការសម្លាប់ជនសកម្មប្រយុទ្ធ ៥ នាក់នៅភាគខាងជើងតំបន់ហ្កាហ្សាដែល «បានប៉ុនប៉ងស្វែងរកអាវុធ» និងការវាយប្រហារតាមផ្លូវអាកាសនិងផ្លូវគោកដែលបានបំផ្លាញកន្លែងស្តុកទុកសព្វាវុធនៅក្នុងតំបន់ទីក្រុង Khan Younis នៅភាគខាងត្បូងតំបន់ហ្កាហ្សា។
ក្រសួងសុខាភិបាលតំបន់ហ្កាហ្សាបានបញ្ជាក់នៅថ្ងៃចន្ទនេះថា អ្នកស្លាប់ដោយសារយុទ្ធនាការយោធារបស់អ៊ីស្រាអែលបានកើនរហូតដល់យ៉ាងតិច ២៤.១០០ នាក់ ហើយអ្នករងរបួសមានចំនួនជាង ៦០.០០០ នាក់។ ក្រសួងនេះមិនបានធ្វើការបែងចែករវាងយុទ្ធជនក្រុមហាម៉ាស់និងជនស៊ីវិលនោះទេនៅក្នុងតួលេខរបស់ខ្លួននេះ។
អ៊ីស្រាអែលបានចាប់ផ្ដើមយុទ្ធនាការយោធារបស់ខ្លួនដើម្បីបោសសម្អាតក្រុមហាម៉ាស់ បន្ទាប់ពីយុទ្ធជនក្រុមនេះបានវាយប្រហារដ៏ឃោរឃៅលើផ្នែកខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលាឆ្នាំ មុនដោយសម្លាប់មនុស្សប្រហែល ១.២០០ នាក់និងចាប់មនុស្ស ២៤០ នាក់ធ្វើជាចំណាប់ខ្មាំង។
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីអ្នកស្រី Penny Wong បានអំពាវនាវនៅថ្ងៃចន្ទនេះឱ្យមាន «បទឈប់បាញ់គ្នាជានិរន្តន៍» មួយនៅក្នុងតំបន់ហ្កាហ្សា នៅពេលអ្នកស្រីធ្វើទស្សនកិច្ចទៅកាន់តំបន់នោះដើម្បីពិភាក្សាអំពីសង្គ្រាមនេះនិងកិច្ចប្រឹងប្រែងមនុស្សធម៌។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានសន្យាបន្តធ្វើសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស់រហូតទាល់តែទទួលបានជ័យជម្នះ។
លោក Netanyahu បាននិយាយនៅឯសន្និសីទកាសែតមួយកាលពីយប់ថ្ងៃសៅរ៍សប្ដាហ៍មុនថា អ៊ីស្រាអែលនឹងមិនរារែកដោយសារតែការចោទប្រកាន់ដែលថាអ៊ីស្រាអែលកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើជនជាតិប៉ាឡេស្ទីននោះឡើយ៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។