យោធាអ៊ីស្រាអែលបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថាខ្លួនបានវាយឆ្មក់និងបំផ្លាញទីស្នាក់ការកណ្ដាលរបស់ក្រុមសកម្មប្រយុទ្ធនៅភាគខាងត្បូងតំបន់ហ្កាហ្សា (Gaza)។
កងទ័ពអ៊ីស្រាអែលបាននិយាយថាខ្លួនបានធ្វើប្រតិបត្តិការនៅក្នុងតំបន់ទីក្រុង Khan Younis និងបានរកឃើញឃ្លាំងផលិតអាវុធមួយកន្លែង។
កងទ័ពអ៊ីស្រាអែលក៏បានធ្វើប្រតិបត្តិការផងដែរនៅភាគកណ្ដាលតំបន់ហ្កាហ្សា ដោយបានសម្លាប់ជនសកម្មប្រយុទ្ធប្រហែល ១០ នាក់ក្នុងពេលមួយថ្ងៃកន្លងមក។ នេះបើតាមការបញ្ជាក់របស់យោធាអ៊ីស្រាអែល។
អ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃពុធថា ជនជាតិប៉ាឡេស្ទីនភៀសខ្លួនដែលជ្រកកោននៅជិតទីក្រុង Rafah តាមបណ្ដោយព្រំដែនតំបន់ហ្កាហ្សាជាប់ប្រទេសអេហ្ស៊ីប បានចាប់ផ្ដើមចាកចេញពីតំបន់នោះដោយសារពួកគេខ្លាចការព្រមានរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ដែលថានឹងវាយលុកលុយដោយយោធានៅត្រឹមខែតមអាហាររ៉ាម៉ាឌន (Ramadan) របស់អ្នកកាន់សាសនាអ៊ិស្លាមនៅពេលខាងមុខនេះ។
អ៊ីស្រាអែលបានបញ្ជាក់ថា ខ្លួននឹងជម្លៀសជនជាតិប៉ាឡេស្ទីនទៅកាន់កន្លែងសុវត្ថិភាពមុនការវាយប្រហារលើទីក្រុង Rafah កើតឡើង ប៉ុន្តែមិនបាននិយាយថានឹងជម្លៀសពួកគេទៅទីណានោះទេ៕
អ្នកស្រី Margaret Besheer រួមចំណែកនៅក្នុងសេចក្ដីរាយការណ៍នេះ។ ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។