កាលពីថ្ងៃពុធទី១ ខែវិច្ឆិកា ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំទីក្រុងមូស្គូបានផ្តល់សេចក្តីលម្អិតថ្មីៗអំពីកុបកម្មកាលពីចុងសប្តាហ៍នៅឯអាកាសយានដ្ឋានមួយក្នុងផ្នែកខាងត្បូងនៃប្រទេសរុស្ស៊ីនៅពេលយន្តហោះមួយគ្រឿងមកពីក្រុង Tel Aviv បានចុះចតនៅទីនោះ ដោយនិយាយថាពួកអ្នកដំណើរត្រូវតែលាក់ខ្លួនក្នុងអគារអ្នកដំណើរឬ Terminal នៅមុនពេលត្រូវបានដឹកជញ្ជូនតាមឧទ្ធម្ភាគចក្រទៅកន្លែងមានសុវត្ថិភាព។
ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលលោក Alexander Ben Zvi បានបន្ទោសចលាចលកាលពីយប់ថ្ងៃអាទិត្យ ទី២៩ ខែតុលា លើពួកជ្រុលនិយមដោយសារមាន«ការបញ្ចូលលទ្ធិ»នៅក្នុងសាធារណរដ្ឋ Dagestan ដែលពលរដ្ឋនៅទីនោះសុទ្ធសឹងតែជាអ្នកកាន់សាសនាឥស្លាម។ ប៉ុន្តែលោកបាននិយាយថា សរុបទៅ គ្មានការប្រឆាំងនឹងក្រុមជនអំបូរជ្វីហ្វ«ក្នុងកម្រិតមានការរៀបចំ»នៅក្នុងប្រទេសរុស្ស៊ីទេ។ ទោះជាយ៉ាងនេះក្តី លោកក៏បានបន្ថែមថាអាជ្ញាធរគួរគិតគូរអំពីឧប្បត្តិហេតុនេះឱ្យបានម៉ត់ចត់ដើម្បីកុំឱ្យសកម្មភាពបែបនេះរាលដាលបាន។
លោក Ben Zvi បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន The Associated Press នៅក្នុងបទសម្ភាសន៍មួយតាមប្រព័ន្ធអ៊ីនធើណិតពីទីក្រុងមូស្គូថា «ជាការពិត តែងតែមានការប្រឆាំងនឹងក្រុមជនអំបូរជ្វីហ្វនៅកម្រិតប្រចាំថ្ងៃ។ អ្វីដែលសំខាន់គឺថាវាមិនរាលដាលទៅជាអ្វីដែលយើងបានឃើញនៅទីក្រុង Makhachkala ទេ។ ប្រសិនបើអ្វីទាំងអស់នេះអាចគ្រប់គ្រងបាន ខ្ញុំយល់ថានឹងមិនមានបញ្ហាទេ»។
ហ្វូងមនុស្សបានឆ្មក់ចូលលុកលុយក្នុងអាកាសយានដ្ឋានរដ្ឋធានី Makhachkala នៃសាធារណរដ្ឋ Dagestan ដែលជាផ្នែកមួយនៃប្រទេសរុស្ស៊ីនៅពេលយន្តហោះមួយគ្រឿងមកពីអ៊ីស្រាអែលបានចុះចតនៅទីនោះ។ បុរសរាប់រយនាក់ ដែលខ្លះមានកាន់បដាប្រកបដោយពាក្យស្លោកប្រឆាំងនឹងក្រុមជនអំបូរជ្វីហ្វបានប្រញាប់ប្រញាល់ទៅកន្លែងយន្តហោះចុះចតដើម្បីរកអ្នកដំណើរអ៊ីស្រាអែល។ អាជ្ញាធរបានចំណាយពេលបីបួនម៉ោងដើម្បីបំបែកហ្វូងមនុស្សនោះ ដែលបានគប់ដុំថ្មដាក់ប៉ូលីស។
មានមនុស្សយ៉ាងហោចណាស់២០នាក់ ទាំងប៉ូលីសនិងជនស៊ីវីលបានរងរបួស ហើយមនុស្សជាង៨០នាក់ត្រូវបានឃាត់ខ្លួន។ គណៈកម្មាធិការស៊ើបអង្កេតនៃប្រទេសរុស្ស៊ីបានបើកធ្វើការស៊ើបអង្កេតអំពីការចោទប្រកាន់ស្តីពីការរៀបចំឱ្យមានចលាចល។
អាជ្ញាធរនៅសាធារណរដ្ឋ Dagestan បាននិយាយថា មនុស្ស១៧នាក់ត្រូវបានកាត់ទោសពីបទប្រព្រឹត្តអំពើហិង្សាតិចតួចនិងពីបទចូលរួមក្នុងព្រឹត្តិការណ៍មហាជនដែលគ្មានការអនុញ្ញាត ហើយទោសទាំងអស់នេះមិនមែនជាការចោទប្រកាន់បទព្រហ្មទណ្ឌទេ។ ក្នុងចំណោមអ្នកទាំង១៧នាក់ មនុស្ស១៥នាក់ត្រូវឃុំខ្លួនរយៈពេលខ្លី ហើយមនុស្សពីរនាក់ទៀតត្រូវបានបញ្ជាឱ្យធ្វើការងារសម្រាប់កែប្រែខ្លួន។
គេមិនទាន់ដឹងថាតើមនុស្សរាប់សិបនាក់ទៀតត្រូវឃាត់ខ្លួនកាលពីយប់ថ្ងៃអាទិត្យសប្តាហ៍មុន អាចប្រឈមនឹងការចោទប្រកាន់ណាមួយឬថាតើពួកគេនឹងត្រូវស៊ើបអង្កេតពីបទព្រហ្មទណ្ឌឬទេ។
លោក Ben Zvi បាននិយាយថា មនុស្សជាង៣០នាក់ក្នុងយន្តហោះនោះជាពលរដ្ឋអ៊ីស្រាអែល ហើយគ្មាននរណាម្នាក់ត្រូវរបួសទេ។
លោកបានថ្លែងថានៅពេលពួកអ្នកដំណើរទាំងនេះចេញពីយន្តហោះ ហើយឆ្លងកាត់ផ្នែកត្រួតមើលលិខិតឆ្លងដែន«ពួកគេបានជួបភាពប្រទះចលាចល»។
លោកបានបន្ថែមថា៖ «នៅទីបញ្ចប់ ភាគច្រើនបំផុតនៃអ្នកដំណើរទាំងនេះបានលាក់ខ្លួននិងស្ថិតនៅក្នុងបន្ទប់សម្រាប់បុគ្គលសំខាន់ក្នុងមួយរយៈពេល»រហូតដល់ពួកគេអាចត្រូវដឹកជញ្ជូនតាមឧទ្ធម្ភាគចក្រទៅកាន់អគារបិទជិតមួយ។
លោក Zvi បាននិយាយថា ក្រោយពីបានចំណាយពេលមួយយប់នៅទីនោះ ពួកអ្នកដំណើរទាំងនេះត្រូវបានដឹកតាមឧទ្ធម្ភាគចក្រទៅកាន់ក្រុង Mineralnye Vody នៅក្នុងតំបន់ Stavropol ដែលនៅជិតខាង ហើយពីទីនោះពួកគេបានបន្តដំណើរទៅទៀត។
លោកប្រធានាធិបតី Vladimir Putin បានបន្ទោស«ពួកភ្នាក់ងារសេវាពិសេសរបស់ពួកប្រទេសលោកខាងលិច»នៅក្នុងប្រទេសអ៊ុយក្រែនថាបានបង្កឱ្យមានភាពចលាចលនេះ ដោយលោកនិយាយដោយមិនបានផ្តល់ភស្តុតាងថា ពួកគេបានបង្កការប្រព្រឹត្តដូចកម្រោលចូលនៅសាធារណរដ្ឋ Dagestan ដើម្បីធ្វើឱ្យរុស្ស៊ីចុះអន់ខ្សោយ។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក John Kirby បានហៅការចោទប្រកាន់របស់លោក Putin ថាជា «វោហារសាស្ត្រដដែលតាំងពីនាយរបស់រុស្ស៊ី»ដោយលោកបានបន្ថែមថា«ពួកបស្ចិមប្រទេសគ្មានទាក់ទិនអ្វីនឹងហេតុការណ៍នេះទេ»។ លោក Kirby បានរិះគន់លោក Putin ថាមិនបានថ្កោលទោសអំពើហិង្សានេះ ដែលលោកពណ៌នាថាជា«ការបង្ហាញសម្អប់»។
លោក Ben Zvi បាននិយាយថាលោកមិនមានព័ត៌មានថាចលាចលនេះត្រូវបានរៀបចំពីប្រទេសក្រៅទេ។
នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន AP លោក Ben Zvi បានថ្លែងថាទំនាក់ទំនងរបស់ប្រទេសលោកជាមួយនឹងប្រទេសរុស្ស៊ីមានភាពធម្មតានៅពេលមានសង្គ្រាមរវាងអ៊ីស្រាអែលនិងពួកហាម៉ាស់ ទោះជាមានការខ្វែងគំនិតគ្នាអំពីគោលនយោបាយខ្លះរបស់វិមានក្រឹមឡាំងនៅមជ្ឈឹមបូព៌ាក៏ដោយ។
លោកបាននិយាយថា៖ «ទំនាក់ទំនងនេះមានឡើង មានចុះ។ យើងមិនមែនតែងតែពេញចិត្តជាមួយគោលជំហររុស្ស៊ីទេ ហើយរុស្ស៊ីក៏មិនតែងតែសប្បាយចិត្តជាមួយគោលជំហរយើងដែរ។ យើងបានប្រាប់គ្នាទៅវិញទៅមក»។ លោកបានថ្លែងដោយលើកយកទស្សនកិច្ចកាលពីពេលថ្មីៗនេះរបស់គណៈប្រតិភូហាម៉ាស់មួយទៅកាន់ទីក្រុងមូស្គូជាឧទាហរណ៍នៃអ្វីដែលអ៊ីស្រាអែល«មិនចូលចិត្ត» នោះទេ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ