យោធាអ៊ីស្រាអែលបានបញ្ជាក់នៅថ្ងៃពុធនេះថា ខ្លួនបានវាយប្រហារតាមអាកាសសំដៅលើទីតាំងក្រុមសកម្មប្រយុទ្ធហាម៉ាស់ នៅក្នុងតំបន់ហ្កាហ្សា ក៏ដូចជាលើទីតាំងយោធានៅក្នុងប្រទេសស៊ីរីផងដែរ។
យោធាអ៊ីស្រាអែលបានលើកឡើងថា គោលដៅនៃការវាយប្រហារលើតំបន់ហ្កាហ្សាមានដូចជារូងក្រោមដីរបស់ក្រុមហាម៉ាស់ ឃ្លាំងសព្វាវុធ និងទីតាំងបាញ់មីស៊ីលជាដើម។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសស៊ីរីបានរាយការណ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ទាហានស៊ីរី ៨ នាក់និងបានធ្វើឱ្យទាហាន ៧ នាក់ទៀតរងរបួសនៅក្នុងខេត្ត Daraa។
យោធាអ៊ីស្រាអែលបានបញ្ជាក់ថា យន្តហោះចម្បាំងរបស់ខ្លួនបានធ្វើការវាយប្រហារដើម្បីឆ្លើយតបទៅនឹងការបាញ់រ៉ុក្កែតរបស់ស៊ីរីលើអ៊ីស្រាអែល។
ការវាយប្រហារឆ្លងព្រំដែននេះបានធ្វើឡើងនៅចំពេលដែលមានក្ដីបារម្ភថាសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់អាចរីកកាន់តែធំក្លាយទៅជាសង្គ្រាមក្នុងតំបន់។
អ៊ីស្រាអែលបានព្រមានក្រុមសកម្មប្រយុទ្ធហេសបូឡា (Hezbollah) ដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសលីបង់មិនឱ្យចូលរួមនៅក្នុងសង្គ្រាមនេះ។
មេដឹកនាំក្រុមហេសបូឡាលោក Hassan Nasrallah បានទទួលជួបពិភាក្សាជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហាម៉ាស់និងក្រុមជីហាដ (Jihad) ឥស្លាមនៅថ្ងៃពុធនេះ។ សេចក្ដីថ្លែងការណ៍មួយបានបញ្ជាក់ថា ថ្នាក់ដឹកនាំទាំងនេះបានពិភាក្សាអំពីអ្វីដែលត្រូវធ្វើដើម្បីសម្រេចឱ្យបានជ័យជម្នះសម្រាប់ «ការតស៊ូនៅក្នុងតំបន់ហ្កាហ្សា»៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។