ការវាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​ត្រូវចំ​ហ្កាហ្សា ​និង​ភាគ​ខាង​ត្បូង​លីបង់​ ខណៈ​មាន​ការជំរុញ​ឱ្យ​មាន​ការឈប់​បាញ់​គ្នា

ប្រជាជនប៉ាឡេស្ទីនប្រមូលផ្តុំគ្នាដើម្បីពិនិត្យមើលអគារមួយភ្លាមៗបន្ទាប់ពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅក្នុងជំរុំជនភៀសខ្លួន Nuseirat នៅកណ្តាលតំបន់ហ្កាហ្សា ថ្ងៃទី២២ ខែសីហា ឆ្នាំ 2024។

កងទ័ព​អ៊ីស្រាអែល​បាន​ធ្វើការវាយ​ប្រហារ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​តំបន់​ហ្កាហ្សា​និង​ភាគ​ខាង​ត្បូង​ប្រទេស​លីបង់ ​ខណៈដែល​ភាព​មិន​ប្រាកដ​ប្រជា​នៅតែ​មាន​អំពី​ការជំរុញ​នៅពេល​ថ្មីៗ​នេះ​ដើម្បី​ធ្វើ​ឱ្យ​សម្រេច​បាននូវ​ការឈប់​បាញ់​គ្នា​មួយ​នៅ​ក្នុង​តំបន់​ហ្កាហ្សា​នៅពេល​ដែល​ពួក​អ្នក​ចរចា​បាន​ធ្វើការ​ដើម្បី​ដោះស្រាយ​ការខ្វែង​គំនិត​គ្នា​រវាង​អ៊ីស្រាអែល​និង​ក្រុម​សកម្មប្រយុទ្ធ​ហាម៉ាស់។

ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​ប៉ាឡេស្ទីនWAFAបាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ការវាយ​ប្រហារ​របស់​អ៊ីស្រាអែល​នៅ​ក្នុង​ទីក្រុង Beit Lahiya ភាគ​ខាង​ជើង​តំបន់​ហ្កាហ្សា​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​ក៏១១នាក់​ដែរ។

យោធា​អ៊ីស្រាអែល​បាន​រាយការណ៍​ថា​ការវាយ​ប្រហារ​តាម​អាកាស​បាន​ត្រូវចំ​ឃ្លាំង​ផ្ទុក​អាវុធ​មួយ​កន្លែង​នៅ​ជិត​បន្ទាយ​យោធា​ហាម៉ាស់​នៅ​ក្នុង​ទីក្រុង Gaza City ហើយ​ការវាយ​ប្រហារ​នេះ​បាន​សម្លាប់​ពួក​សកម្ម​ប្រយុទ្ធ​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ភាគ​កណ្តាល។

ការវាយ​ប្រហារតាម​អាកាស​មួយ​ទៀត​បាន​ដៅលើ​តំបន់​ជាង១០នៅ​ភាគ​ខាង​ត្បូង​ប្រ ទេស​លីបង់​រយៈពេល​មួយ​យប់។ នេះ​បើ​តាម​កងទ័ព​អ៊ីស្រាអែល​បញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍។ ការវាយ​ប្រហារ​ទាំង​នោះ​បាន​ដៅលើ​ទីកន្លែង​ដែល​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ក្រុម​សកម្មប្រយុទ្ធ Hezbollah។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោក Benjamin Netanyahuបាន​និយាយ​កាលពី​ថ្ងៃ​ពុធ​អំពី​ការខំប្រឹងប្រែង​ដោយ​សហរដ្ឋ​អាមេរិក​ដើម្បី​គាំទ្រ​អ៊ីស្រាអែល​«ប្រឆាំង​នឹង​ការគំរាម​កំហែង​ទាំង​អស់​មកពី​ប្រទេស​អ៊ីរ៉ង់​ រួមមាន​ក្រុម​ហាម៉ាស់ Hezbollah និង​ហ៊ូធី​ដែល​រណប​អ៊ីរ៉ង់ រួមមាន​ការដាក់​ពង្រាយ​យោធា​សហរដ្ឋ​អាមេរិក​ដែល​កំពុង​បន្ត​ធ្វើ​ឡើង។ នេះ​បើ​តាម​សេចក្តីថ្លែង ការណ៍​របស់​សេតវិមាន។

អង្គការ​សហប្រជាជាតិ​បាន​ព្រមាន​កាលពី​ថ្ងៃ​ពុធ​ថា​បទបញ្ជា​ជម្លៀស​របស់​អ៊ីស្រាអែល​នៅ​ក្នុង​តំបន់​ហ្កាហ្សា​កំពុង​ជំរុញ​ជន​ស៊ីវិល​ប៉ាឡេស្ទីន​ឱ្យ​ចូល​ក្នុង​តំបន់​ដែលមានមនុស្សរស់នៅ​ណែនណាន់​តាន់តាប់​នៅតាម​ឆ្នេរ​សមុទ្រ​ហ្កាហ្សា។

បទបញ្ជា​ថ្មី​បំផុត​របស់​អ៊ីស្រាអែល​គឺឱ្យ​ពលរដ្ឋ​ចាកចេញ​ពី​តំបន់​ដែល​មាន​មនុស្ស​រស់​នៅ​ក្នុង​ទីក្រុង Deir al-Balahនៅ​ជិត​មន្ទីរពេទ្យ​ដ៏​សំខាន់​មួយ​នៅ​តំបន់​ហ្កាហ្សា​ភាគ​កណ្តាល និង​នៅ​ក្នុង​ទីក្រុងKhan Younis ក្នុង​តំបន់​ហ្កាហ្សា​ភាគ​ខាង​ត្បូង​ដែល​រួមមាន​មនុស្ស​ជាង១សែន៥ម៉ឺន​នាក់។ នេះ​បើ​តាម​អង្គការ​សហប្រជាជាតិ៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់ពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFPនិង Reuters