មន្រ្តីការទូតជាន់ខ្ពស់របស់អ៊ីស្រាអែលដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាបានអះអាងថា ខ្លួនកំពុងស្វះស្វែងពង្រឹងទំនាក់ទំនងជាមួយកម្ពុជាបន្ថែមទៀត ក្នុងនោះមានការបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសអ៊ីស្រាអែលក្នុងផ្នែកកសិកម្ម។
ការបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជារបស់មន្រ្តីការទូតជាន់ខ្ពស់រូបនេះធ្វើឡើងនៅពេលដែលសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតែបន្ត ដែលមានរយៈពេលជាង ៣ខែមកហើយ ពោលគឺចាប់ពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដែលមនុស្សរាប់ម៉ឺននាក់បានស្លាប់។
នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេកាលពីពេលថ្មីៗនេះ អ្នកស្រី Orna Sagiv ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំកម្ពុជានិងថៃ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជានាសប្តាហ៍នេះ ថ្លែងថា ក្រៅពីការបញ្ជូននិស្សិតកម្ពុជាទៅចុះកម្មសិក្សានៅប្រទេសអ៊ីស្រាអែលផ្នែកកសិកម្ម អ៊ីស្រាអែលកំពុងពិភាក្សាជាមួយភាគីកម្ពុជាអំពីការចុះអនុស្សរណៈយោគយល់គ្នា (MOU) ក្នុងការបញ្ជូនពលករខ្មែរទៅធ្វើការផ្នែកកសិកម្មនៅប្រទេសអ៊ីស្រាអែល។
អ្នកស្រីថ្លែងថា៖ «ហើយទី ២ នោះ គឺស្វែងរកឱកាសដើម្បីចាប់ផ្តើមមានប្រភេទមួយចំនួននៃការចុះកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលរបស់យើងទាំងពីរ ដែលនឹងអនុញ្ញាតឱ្យប្រទេសរបស់យើងទាំងពីរអាចបញ្ជូនអ្នកធ្វើការផ្នែកកសិកម្មមួយចំនួនទៅអ៊ីស្រាអែល។ ខ្ញុំសង្ឃឹមថា នឹងស្វែងយល់ពីបញ្ហាទាំងនេះ ខណៈពេលដែលខ្ញុំនៅទីនេះ ហើយខ្ញុំបន្តធ្វើវាឲ្យបានសម្រេច»។
អ៊ីស្រាអែលកំពុងប្រឈមនឹងសង្រ្គាមជាមួយក្រុមហាម៉ាស់ ដែលចាប់ផ្តើមតាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣។ ការវាយប្រហារជាង៣ខែមកនេះក៏បណ្តាលឲ្យនិស្សិតខ្មែរម្នាក់ស្លាប់ផងដែរ។
អ្នកស្រី Orna Sagiv ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលលើកឡើងថា រដ្ឋាភិបាលអ៊ីស្រាអែលបានស្វែងរកជម្រកសុវត្ថិភាពសម្រាប់ពលរដ្ឋខ្មែរដែលរស់នៅប្រទេសអ៊ីស្រាអែល។
អ្នកស្រីថ្លែងថា៖ «ម្យ៉ាងវិញទៀត រដ្ឋាភិបាលកម្ពុជា រួមជាមួយនឹងរដ្ឋាភិបាលអ៊ីស្រាអែល នឹងរួមគ្នាជាមួយវិទ្យាស្ថាន សាកលវិទ្យាល័យដែលនិស្សិតទាំងនោះស្ថិតនៅ។ យើងចង់ធ្វើឱ្យប្រាកដថា ពួកគេស្ថិតនៅក្នុងតំបន់មានសុវត្ថិភាព តំបន់បៃតង និងតំបន់ដែលមិនសូវមានគ្រោះថ្នាក់។ ជាការពិតណាស់ គ្មានកន្លែងណានៅលើពិភពលោកដែលអ្នកអាចនិយាយបានថា ១០០% ពួកគេមានសុវត្ថិភាពទាំងស្រុង សូម្បីតែនៅកន្លែងណាក៏ដោយ»។
បើតាមអ្នកស្រី Orna Sagiv សិស្សនិស្សិតខ្មែរសរុបប្រមាណ ២ពាន់នាក់ បានទៅសិក្សាផ្នែកកសិកម្មក្នុងប្រទេសអ៊ីស្រាអែល។
ក្នុងមួយឆ្នាំ និស្សិតខ្មែរប្រមាណ ២៥០នាក់ ត្រូវបានបញ្ជូនទៅសិក្សា និងហាត់ការនៅប្រទេសអ៊ីស្រាអែល ហើយបច្ចុប្បន្ននេះ ប្រជាពលរដ្ឋនិងនិស្សិតខ្មែរដែលមានវត្តមាននៅអ៊ីស្រាអែលមានចំនួនប្រមាណជាង ៤០០នាក់។ នេះបើតាមការបញ្ជាក់របស់កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម។
កញ្ញា អ៊ឹម រចនា បា្រប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ជំនួបរវាងអ្នកស្រីឯកអគ្គរដ្ឋទូតអ៊ីស្រាអែល និងរដ្ឋមន្រ្តីក្រសួងកសិកម្មបានពិភាក្សាទៅលើកម្មវិធីអភិវឌ្ឍធនធានមនុស្ស តាមរយៈកម្មវិធីហាត់ការនៅអ៊ីស្រាអែល ដែលពង្រឹងសមត្ថភាពជំនាញកសិកម្មរបស់និស្សិតកម្ពុជា។ កញ្ញាបន្តថា ការបញ្ជូនសិស្សនិស្សិតកម្ពុជាផ្នែកកសិកម្មទៅសិក្សា ឬហាត់ការនៅប្រទេសអ៊ីស្រាអែលតែងតែមានជារៀងរាល់ឆ្នាំ ប៉ុន្តែកញ្ញាបញ្ជាក់ថា មិនទាន់ដឹងពីចំនួននិស្សិតដែលនឹងត្រូវបញ្ជូនទៅនោះទេ។
យ៉ាងណាមិញ កញ្ញាបានអរគុណរដ្ឋាភិបាលអ៊ីស្រាអែលដែលបានយកចិត្តទុកដាក់ចំពោះសុវត្ថិភាពនិស្សិតខ្មែរដែលកំពុងស្នាក់នៅទីនោះ។
កញ្ញាថ្លែងថា៖ «ប៉ុន្តែនៅក្នុងខណៈពេលនេះ នៅពេលដែលអ៊ីស្រាអែលកំពុងមានសង្គ្រាមប្រដាប់អាវុធជាមួយនឹងក្រុមហាម៉ាស់ កម្ពុជាកក់ក្តៅក្នុងចិត្តនៅពេលដែលលោកជំទាវទូតអ៊ីស្រាអែលលោកបានផ្តល់ការធានាថានឹងមើលថែ និងការពារសន្តិសុខសុវត្ថិភាពរបស់និស្សិតខ្មែរយើងដែលកំពុងសិក្សានិងហាត់ការនៅប្រទេសអ៊ីស្រាអែលនោះ»។
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា អ្នកស្រីឯកអគ្គរដ្ឋទូតអ៊ីស្រាអែលបានពិភាក្សាជាមួយលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ ជុំវិញបញ្ហានានាលើវិស័យការងារ ដោយស្វែងយល់អំពីការបញ្ជូនពលករកម្ពុជាទៅធ្វើការនៅកូរ៉េខាងត្បូង និងជប៉ុនជាដើម។ លោកបន្តថា កម្ពុជានិងអ៊ីស្រាអែលនឹងអាចបង្កើតកិច្ចសហការប្រកបដោយផ្លែផ្កានាពេលខាងមុខ។
លោកថ្លែងថា៖ «សូមជម្រាបថា ឯកឧត្តម ហេង សួរ ក៏បានលើកពីបទពិសោធន៍ដែលកម្ពុជាបានធ្វើទំនាក់ទំនងកិច្ចសហប្រតិបត្តិការការងារជាមួយបណ្តាប្រទេសកូរ៉េ និងជប៉ុន ហើយគិតមកដល់ពេលនេះសម្រាប់ប្រទេសអ៊ីស្រាអែល ព្រះរាជាណាចក្រកម្ពុជាយើងមិនបានបញ្ជូនពលករណាមួយទៅធ្វើការនៅប្រទេសអ៊ីស្រាអែលទេ ក្រៅពីនិស្សិតកម្ពុជាកំពុងសិក្សា និងធ្វើកម្មសិក្សាលើវិស័យកសិកម្មនៅទីនោះ»។
អ្នកស្រី Orna Sagiv ក៏បានថ្លែងថា អ្នកស្រីមិនដឹងថាសង្រ្គាមនឹងបញ្ចប់នៅពេលណានោះទេ ហើយប្រសិនបើវាមិនទាន់បញ្ចប់ក្នុងពេលឆាប់ៗខាងមុខ វានឹងប៉ះពាល់ដល់គម្រោងនៃការបញ្ជូននិស្សិតកម្ពុជាទៅសិក្សាក្នុងប្រទេសអ៊ីស្រាអែល៕