ស្ថានការណ៍វិវត្តចុងក្រោយពីសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់៖
· រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានជួបជាមួយព្រះអង្គម្ចាស់រជ្ជទាយាទ Mohammend bin Salman នៃប្រទេសអារ៉ាប៊ីសាអូឌីតនៅថ្ងៃអាទិត្យនេះ ស្របពេលដែលតំបន់មជ្ឈិមបូព៌ាត្រៀមលក្ខណៈសម្រាប់ការលុកលុយតាមផ្លូវគោករបស់យោធាអ៊ីស្រាអែលដែលគេរំពឹងទុកលើតំបន់ Gaza។
· ស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងហ្សេរុយសាឡិមនៃប្រទេសអ៊ីស្រាអែលនឹងចាប់ផ្ដើមជម្លៀសពលរដ្ឋអាមេរិកាំងតាមផ្លូវសមុទ្រពីទីក្រុង Haifa នៃប្រទេសនេះទៅកាន់ប្រទេសស៊ីប។
· ជនជាតិអ៊ីស្រាអែលម្នាក់ត្រូវបានសម្លាប់និងយ៉ាងតិចពីរនាក់ទៀតបានរងរបួសនៅក្នុងក្រុង Shtula ជាប់ព្រំដែនភាគខាងជើងប្រទេសអ៊ីស្រាអែលដោយសារការបាញ់ពីប្រទេសលីបង់។
· អ្នកនាំពាក្យកងកម្លាំងការពារជាតិអ៊ីស្រាអែលបាននិយាយថា ក្រុមហាម៉ាស់កំពុងរារាំងពលរដ្ឋនៅក្នុងតំបន់ Gaza មិនឱ្យជម្លៀសចេញពីតំបន់នៅភាគខាងជើង។
· ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយជាមួយប្រធានាធិបតីអាជ្ញាធរជាតិប៉ាឡេស្ទីនលោក Mahmoud Abbas អំពីតម្រូវការចាំបាច់សម្រាប់ជំនួយមនុស្សធម៌នៅក្នុងតំបន់ Gaza។ នេះបើតាមការបញ្ជាក់របស់សេតវិមាន។
· សហរដ្ឋអាមេរិកបានបញ្ជូននាវាដឹកយន្តហោះទីពីរ «ទៅទប់ទល់នឹងទង្វើអមិត្តដែលធ្វើលើអ៊ីស្រាអែល»។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក។
អ្នកនាំពាក្យផ្នែកអន្តរជាតិនៃកងកម្លាំងការពារជាតិអ៊ីស្រាអែលបានរំឭកអ្នកកាសែតនិងអ្នកដទៃទៀតឱ្យប្រយ័ត្នប្រយែងអំពី «ភាពត្រឹមត្រូវ» នៃព័ត៌មានចេញពីតំបន់ Gaza។
ក្នុងអំឡុងពេលសន្និសីទកាសែត លោកវរសេនីយ៍ទោ Jonathan Conricus នៃប្រទេសអ៊ីស្រាអែលបានបង្ហាញវីដេអូអំពីការផ្ទុះមួយដែលគេរាយការណ៍ថាបានកើតឡើងចំរថយន្តនានាដែលធ្វើដំណើរទៅកាន់ភាគខាងត្បូងនៃតំបន់ Gaza កាលពីយប់ថ្ងៃសុក្រតាមផ្លូវ Salah-al-Din ដែលជាផ្លូវជាតិដ៏ចម្បងភ្ជាប់តំបន់ភាគខាងជើងនិងតំបន់ភាគខាងត្បូងនៃតំបន់ Gazaនិងដែលជាផ្លូវមួយក្នុងចំណោមផ្លូវជម្លៀសខ្លួនចំនួនពីរសម្រាប់ជនស៊ីវិលដែលរត់ភៀសខ្លួន។
លោក Conricus បាននិយាយថា អ៊ីស្រាអែលមិនបានវាយប្រហារនៅតំបន់នោះទេ ស្របពេលដែលមន្ត្រីកងកម្លាំងការពារជាតិអ៊ីស្រាអែលបានជំរុញម្ដងហើយម្ដងទៀតឱ្យជនស៊ីវិលបន្តជម្លៀសខ្លួនចេញពីផ្នែកភាគខាងជើងនៃតំបន់ Gaza។
លោក Conricus បានថ្លែងថា៖ «យើងចង់ឱ្យមនុស្សធ្វើដំណើរទៅទិសខាងត្បូង»។ លោកក៏បានបង្ហាញផងដែរនូវវីដេអូផ្សេងមួយទៀតអំពីអ្វីដែលលោកហៅថាជាការរារាំងផ្លូវដោយក្រុមហាម៉ាស់ដែលធ្វើឡើងដើម្បីបង្អាក់ដល់ក្រុមពលរដ្ឋតំបន់ Gaza ដែលធ្វើដំណើរឆ្ពោះទៅទិសខាងត្បូង។
VOA មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបានទេអំពីរូបភាពដែលបង្ហាញឡើងនៅក្នុងសន្និសីទកាសែតរបស់លោក Conricus ទាំងនេះ។
បណ្ដាញព័ត៌មាន BBC ក៏បានរាយការណ៍អំពីការផ្ទុះដូចគ្នានេះដែរកាលពីយប់ថ្ងៃសុក្រ ដែលការផ្ទុះនេះបានសម្លាប់ជនស៊ីវិលតំបន់ Gaza មួយចំនួននៅពេលដែលពួកគេរត់ភៀសខ្លួន។ ដូចទៅនឹងសន្និសីទកាសែតរបស់កងកម្លាំងការពារជាតិអ៊ីស្រាអែលដែរ សេចក្ដីរាយការណ៍របស់បណ្ដាញព័ត៌មាន BBC មិនបានបញ្ជាក់ឱ្យបានច្បាស់ថាតើការផ្ទុះនេះគឺបណ្ដាលមកពីមីស៊ីលឬក៏គ្រឿងផ្ទុះកែច្នៃដែលបានដាក់នៅតាមផ្លូវឬក៏យ៉ាងណានោះទេ។
លោក Conricus បានថ្លែងថា៖ «ប្រសិនបើអ្នកជាអ្នកសារព័ត៌មានឬក៏គ្រាន់តែស្ដាប់ឮហេតុការណ៍ដែលកំពុងកើតឡើង ហើយអ្នកទទួលបានព័ត៌មានពីតំបន់ Gaza សូមប្រយ័ត្នឱ្យមែនទែនអំពីភាពត្រឹមត្រូវនៃព័ត៌មានទាំងនោះ»។
អ្នកនាំពាក្យកងកម្លាំងការពារជាតិអ៊ីស្រាអែលបានបញ្ជាក់ឡើងវិញអំពីរឿងរ៉ាវដែលក្រុមហាម៉ាស់ជំរុញពលរដ្ឋឱ្យស្នាក់នៅក្នុងផ្ទះនិងមិនឱ្យជម្លៀសខ្លួនចេញ ស្របពេលដែលអ៊ីស្រាអែលបានព្រមានរំឭកពួកគេឱ្យចាកចេញដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន មុនពេលដែលអ៊ីស្រាអែលបើកការវាយប្រហារទ្រង់ទ្រាយធំតាមផ្លូវគោកលើក្រុមសកម្មប្រយុទ្ធហាម៉ាស់នៅក្នុងតំបន់ Gaza។
អ៊ីស្រាអែលបានសន្យាកម្ទេចក្រុមហាម៉ាស់នៅក្នុងការសងសឹកចំពោះអំពីហិង្សាឆេវឆាវរបស់ក្រុមនេះ ដែលបានឆ្មក់វាយប្រហារលើក្រុងនានារបស់អ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ដោយបានសម្លាប់ជនស៊ីវិលប្រហែល ១.៣០០ នាក់និងចាប់មនុស្សជាច្រើននាក់ធ្វើជាចំណាប់ខ្មាំង។ ការឆ្មក់វាយប្រហាររបស់ក្រុមហាម៉ាស់នេះគឺជាការវាយប្រហារដ៏សាហាវបំផុតលើជនស៊ីវិលនៅក្នុងប្រវត្តិសាស្ត្ររបស់អ៊ីស្រាអែល។
ព័ត៌មានទាក់ទង៖
ក្តីស្រមៃបើកកន្លែងព្យាបាលសត្វបាត់បង់ ក្រោយលោក ចាន់ ឧត្តម ស្លាប់នៅអ៊ីស្រាអែលបើយោងតាមសេចក្ដីរាយការណ៍របស់កាសែត New York Times មន្ត្រីកងកម្លាំងការពារជាតិអ៊ីស្រាអែលបាននិយាយថា កងទ័ពអ៊ីស្រាអែលកំពុងបង្កើន «ការត្រៀមលក្ខណៈ» សម្រាប់ធ្វើការលុកលុយតាមផ្លូវគោកដែលមានការចាត់តាំងជាមុនដែលត្រូវបានពន្យារពេលដោយសារស្ថានភាពធាតុអាកាសមិនល្អ។
កងកម្លាំងការពារជាតិអ៊ីស្រាអែលបានបន្ថែមថា ការរុលទៅមុខរបស់កងទ័ពថ្មើរជើងណាមួយកាត់តាមផ្នែកភាគខាងជើងនៃតំបន់ Gaza នឹងមានការគាំទ្រដោយរថក្រោះនិង «យន្តហោះចម្បាំង ឧទ្ធម្ភាគចក្រចម្បាំង ដ្រូន និងកាំភ្លើងធំដែលបាញ់ពីដីនិងសមុទ្រ»។
កងកម្លាំងការពារជាតិអ៊ីស្រាអែលបានដាក់ពង្រាយកងទ័ពបម្រុងនិងទាហានរាប់ពាន់នាក់ក៏ដូចជាយុទ្ធោបករណ៍នានានៅតាមព្រំដែនរួចហើយ នៅចំពេលដែលមានការវាយលុកមិនឈប់ឈរលើដែនដីនោះ។
កន្លងមក ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនប្រហែល ១.៩០០ នាក់។ នេះបើយោងតាមក្រសួងសុខាភិបាលនៃតំបន់ Gaza។
ទន្ទឹមនឹងនេះដែរ វិបត្តិមនុស្សធម៌កំពុងកើនឡើងនៅក្នុងតំបន់ Gaza ស្របពេលដែលជនជាតិប៉ាឡេស្ទីនបានស្រវេស្រវា កាលពីថ្ងៃសៅរ៍ ដើម្បីជម្លៀសខ្លួនចេញពីផ្នែកភាគខាងជើងនៃតំបន់នេះឆ្ពោះទៅទិសខាងត្បូងមុនពេលដែលអ៊ីស្រាអែលបើកការវាយប្រហារបែបយោធាណាមួយដែលគេរំពឹងទុក។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amirabdollahian បានព្រមានអ៊ីស្រាអែលឱ្យបញ្ឈប់ការវាយប្រហារលើតំបន់ Gaza ឱ្យបានកាន់តែឆាប់កាន់តែប្រសើរ ដោយហេតុថាការវាយប្រហារនេះអាចឈានទៅដល់សង្គ្រាមធំជាងនេះរីកទៅដល់ផ្នែកផ្សេងទៀតនៃតំបន់មជ្ឈិមបូព៌ា ប្រសិនបើក្រុម Hezbollah ចូលរួមនៅក្នុងការប្រយុទ្ធនេះ។ ករណីនេះនឹងធ្វើឱ្យអ៊ីស្រាអែលរងគ្រោះនូវ «ភាពចលាចលធ្ងន់ធ្ងរ»។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានហៅទូរស័ព្ទទៅនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu និងបានបញ្ជាក់ជាថ្មីអំពីការគាំទ្រ «មិនងាករេ» របស់សហរដ្ឋអាមេរិកចំពោះអ៊ីស្រាអែល និងព្រមានប្រឆាំងនឹងនរណាដែល «ស្វះស្វែងពង្រីកជម្លោះនេះ»។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍មួយរបស់សេតវិមាន។
លោក Biden ក៏បានជូនដំណឹងថ្មីចុងក្រោយបង្អស់ផងដែរដល់លោក Netanyahu អំពីការគាំទ្ររបស់យោធាសហរដ្ឋអាមេរិកចំពោះអ៊ីស្រាអែល។
កាលពីល្ងាចថ្ងៃសៅរ៍ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកនឹងបញ្ជូននាវាដឹកយន្តហោះចម្បាំង USS Eisenhower ដែលជាកងនាវាចម្បាំងទីពីរ ទៅកាន់ភាគខាងកើតនៃសមុទ្រមេឌីទែរ៉ាណេ។ កងនាវាចម្បាំងនេះនឹងចូលរួមជាមួយនឹងកងនាវាចម្បាំង USS Gerald R. Ford ដែលបានធ្វើដំណើរទៅដល់តំបន់នោះនៅ ក្នុងសប្ដាហ៍នេះ។
កាលពីថ្ងៃសៅរ៍ផងដែរ ប្រទេសរុស្ស៊ីបានស្នើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឱ្យបោះឆ្នោតនៅថ្ងៃចន្ទស្អែកលើសេចក្ដីព្រាងនៃសេចក្ដីសម្រេចមួយអំពីសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ដោយអំពាវនាវឱ្យមានបទឈប់បាញ់គ្នាដើម្បីមនុស្សធម៌និងថ្កោលទោសអំពើហិង្សាលើជនស៊ីវិលនិងរាល់ទង្វើភេរវកម្មទាំងអស់។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា ពលរដ្ឋអាមេរិកាំង ២៩ នាក់ពិតជាបានស្លាប់ពិតប្រាកដមែននៅក្នុងអំឡុងការវាយប្រហាររបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែល។
យោធាអ៊ីស្រាអែលបានលើកឡើងកាលពីព្រឹកថ្ងៃសៅរ៍ថា ខ្លួនបញ្ជាក់ថាជនស៊ីវិលជាង ១២០ នាក់ពិតជាត្រូវបានក្រុមហាម៉ាស់ចាប់ធ្វើជាចំណាប់ខ្មាំងនៅក្នុងតំបន់ Gaza មែន។
សហរដ្ឋអាមេរិកបានធ្វើការជាមួយនឹងប្រទេសអេហ្ស៊ីប អ៊ីស្រាអែល និងកាតាដើម្បីបើកព្រំដែន Rafah ឱ្យមានការឆ្លងកាត់ជាមួយនឹងប្រទេសអេហ្ស៊ីបនៅរសៀលថ្ងៃសៅរ៍ ដើម្បីអនុញ្ញាតឱ្យពលរដ្ឋអាមេរិកាំងដើមកំណើតប៉ាឡេស្ទីនអាចចាកចេញបាន។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការបរទេសអាមេរិក។
ទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ច្បាស់នៅឡើយទេថា តើក្រុមហាម៉ាស់នឹងអនុញ្ញាតឱ្យមានការឆ្លងកាត់ព្រំដែននេះឬក៏អត់។ នេះបើតាមការបញ្ជាក់របស់មន្ត្រីហាម៉ាស់ម្នាក់។
ប្រធានាធិបតីអេហ្ស៊ីបលោក Abdel-Fattah el-Sissi ដែលជាសត្រូវសួពូជរបស់ក្រុមហាម៉ាស់ ក៏បានព្រមានផងដែរថា ការជម្លៀសចេញទ្រង់ទ្រាយធំពីតំបន់ Gaza អាចមានន័យថាជាការបញ្ចប់បំណងប្រាថ្នានៃការចង់ក្លាយជារដ្ឋប៉ាឡេស្ទីនមួយ។
រដ្ឋាភិបាលអេហ្ស៊ីបនៅតែព្រួយបារម្ភថាជនភៀសខ្លួនប៉ាឡេស្ទីនរាប់សែននាក់អាចរត់ភៀសខ្លួនចូលក្នុងប្រទេសអេហ្ស៊ីប ឬក៏ប្រទេសអេហ្ស៊ីបអាចធ្លាក់ចូលកាន់តែជ្រៅទៅក្នុងជម្លោះនេះ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ដែលកំពុងធ្វើទស្សនកិច្ចការទូតទៅកាន់តំបន់មជ្ឈិមបូព៌ាក្នុងកិច្ចប្រឹងប្រែងដើម្បីបង្ការកុំឱ្យសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់នេះកាន់តែរីកធំជាងនេះ គ្រោងនឹងធ្វើទស្សនកិច្ចនៅក្នុងប្រទេសអេហ្ស៊ីបនៅថ្ងៃអាទិត្យនេះ៕
អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំអង្គការសហប្រជាជាតិអ្នកស្រី Margaret Besheer រួមចំណែកនៅក្នុងសេចក្ដីរាយការណ៍នេះ។ ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។