កងទ័ពអ៊ីស្រាអែលនៅថ្ងៃសុក្រនេះបានវាយប្រហារទីដៅនានាទូទាំងតំបន់ហ្កាហ្សា ដោយពួកអ្នកឃើញហេតុការណ៍ផ្ទាល់នឹងភ្នែកបានរាយការណ៍ពីការវាយប្រហារតាមអាកាសនៅជុំវិញទីក្រុង Rafah ភាគខាងត្បូង ដោយផ្តោតជាសំខាន់នៅពេលថ្មីៗបំផុត នៅក្នុងសង្គ្រាមរយៈពេលជិត ៨ ខែ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
អ៊ីស្រាអែលបានចាប់ផ្តើមការវាយលុកខាងយោធារបស់ខ្លួនចូលក្នុងទីក្រុង Rafah នៅដើមខែឧសភា ថ្វីបើមានការជំទាស់ប្រឆាំងពីសហគមន៍អន្តរជាតិអំពីសុវត្ថិភាពរបស់ជនស៊ីវិល ដែលជ្រកពួននៅព្រំដែននៃតំបន់ហ្កាហ្សាជាមួយប្រទេសអេហ្ស៊ីបក្តី។
ការវាយប្រហារតាមអាកាសមួយ ដែលបណ្តាលឱ្យមានអគ្គីសភ័យឆាបឆេះ ហើយបានសម្លាប់មនុស្សរាប់សិបនាក់នៅជំរំជនភៀសខ្លួនមួយកន្លែង កាលពីចុងសប្តាហ៍កន្លងទៅ បានធ្វើឱ្យមានការថ្កោលទោសជាខ្លាំងកាលពីពេលថ្មីៗនេះ។
ពួកអ្នកឃើញហេតុការណ៍បាននិយាយនៅថ្ងៃសុក្រនេះថា ការវាយប្រហាររបស់អ៊ីស្រាអែលត្រូវចំក្រុង Rafah និងទីក្រុង Nuseirat នៃតំបន់ហ្កាហ្សាភាគកណ្តាល ហើយអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ពីការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លា នៅភាគខាងជើង។
ការវាយប្រហារលើទីកន្លែងពីរដាច់ពីគ្នាបានសម្លាប់មនុស្សទាំងអស់ ១១ នាក់ ក្នុងរយៈពេលមួយយប់។ នេះបើតាមប្រភពពេទ្យនានានៅឯមន្ទីរពេទ្យក្នុងជំរំជនភៀសខ្លួន Deir al-Balah និង Nuseirat ដែលបានរាយការណ៍។
យោធាអ៊ីស្រាអែលបាននិយាយថា កងទ័ពរបស់ខ្លួន«បន្តសកម្មភាពប្រតិបត្តិការ»នៅក្នុងតំបន់ Rafah ហើយបានរកឃើញប្រដាប់បាញ់គ្រាប់រ៉ុក្កែត អាវុធនិងជណ្តើចុះក្នុងរូងក្រោមដីនៅកណ្តាលទីក្រុង។
យោធាអ៊ីស្រាអែលបានប្រាប់ឱ្យដឹងទៀតថាកា រវាយប្រហារតាមអាកាសបាន«កំណត់គោលដៅនិងកំចាត់»ជនសកម្មប្រយុទ្ធនៅក្នុងតំបន់នោះ។
ក្នុងតំបន់ហ្កាហ្សាភាគកណ្តាល ការបន្តការវាយប្រហារតាមអាកាសបាន«កម្ចាត់ពួកភេរវជនជាច្រើននាក់ដែលធ្វើប្រតិបត្តិការនៅជិត»កងទ័ព។ នេះបើតាមកងទ័ពអ៊ីស្រាអែល។
ប្រទេសអេហ្ស៊ីបដែលជាអ្នកសម្របសម្រួលជាយូយារមកហើយនៅក្នុងជម្លោះនេះមិនទាន់បានធ្វើអត្ថាធិប្បាយជាផ្លូវការណ៍អំពីការកាន់កាប់របស់អ៊ីស្រាអែល ដែលពួកមន្ត្រីបាននិយាយកាលពីពេលមុនថា អាចរំលោភកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ ១៩៧៩ របស់ប្រទេសទាំងពីរ៕