ការឈប់ចាញ់គ្នារវាងអ៊ីស្រាអែលនិងក្រុម Hamas បានចាប់ផ្ដើមនៅថ្ងៃសុក្រនេះ វេលាម៉ោង២ ទៀបភ្លឺ ម៉ោងនៅក្នុងស្រុក ដែលធ្វើឲ្យប្រទេសអ៊ីស្រាអែល និងតំបន់ Gaza វិលត្រឡប់ទៅកាន់ភាពស្ងប់ស្ងាត់មិនប្រាកដប្រជាមួយ។
ប៉ុន្តែអ្វីដែលប្រាកដប្រជានោះគឺការការខូចខាតនិងវិបត្តិខាងមនុស្សធម៌ទាំងសងខាងត្រូវគេមើលឃើញកាន់តែច្បាស់ ជាពិសេសនៅតំបន់ Gaza ទោះជាមានបទឈប់បាញ់ថ្មីៗនេះក្តី។
កាលពីដើមសប្តាហ៍នេះ ទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិនិយាយថាស្ថានភាពក្នុងតំបន់ Gaza នៅតែដុនដាបតទៅទៀតក្នុងវិបត្តិរវាងជនជាតិអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ នៅក្នុងតំបន់ Gaza នេះ មានសេចក្តីរាយការណ៍ថាមនុស្សប្រមាណ២០០នាក់ត្រូវបានសម្លាប់ ហើយជាង៦.០០០នាក់ទៀតបានត្រូវរបួស មកទល់នឹងថ្ងៃអង្គារសប្តាហ៍នេះ។ មនុស្ស២០នាក់ត្រូវបានសម្លាប់ក្នុងតំបន់West Bank ហើយការវាយប្រហារដោយរ៉ុក្កែតប៉ាឡេស្ទីនទៅក្នុងតំបន់មានមនុស្សរស់នៅនៃប្រទេសអ៊ីស្រាអែលត្រូវរាយការណ៍ថាថាបានសម្លាប់មនុស្ស១០នាក់ហើយធ្វើឱ្យរបួស៨០០នាក់ផងដែរ។
ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិហៅ កាត់ថា OCHAនិយាយថាខ្លួនស្វាគមន៍សេចក្តីសម្រេចរបស់អ៊ីស្រាអែលក្នុងការបើកកន្លែងឆ្លងកាត់ព្រំដែន Kerem Shalom ដើម្បីអនុញ្ញាតឱ្យជំនួយមនុស្សធម៌សំខាន់ចាំបាច់ចូលទៅក្នុងតំបន់ Gaza។ ការិយាល័យនេះក៏បានសុំឱ្យអ៊ីស្រាអែលបើកកន្លែងឆ្លងកាត់ព្រំដែន Erez ដែរដើម្បីឱ្យបុគ្គលិកខាងមនុស្សធម៌ចាំបាច់អាចចេញចូលដែនដីប៉ាឡេស្ទីនបាន។
OCHA និយាយថាការប្រយុទ្ធគ្នាខ្លាំងច្រើនថ្ងៃនិងការបំផ្លាញព្រមទាំងការខូចខាតផ្ទះសម្បែងនិងអគាររាប់រយខ្នងបានធ្វើឱ្យមនុស្សជិត៤៧.០០០នាក់ខ្ចាត់ព្រាត់ពីផ្ទះសម្បែងក្នុងតំបន់ Gaza។ គេរាយការណ៍ថាក្រុមជនទាំងនេះបានស្វះស្វែងរកទីជ្រកកោនក្នុងសាលាររៀន៥៨ដែលចាត់ចែងកិច្ចការដោយទីភ្នាក់ងារអង្គការសហប្រជាជាតិខាងជំនួយនិងការងារហៅកាត់ថា UNRWA។
លោក Jens Laerke អ្នកនាំពាក្យ OCHA និយាយថារោងចក្រធ្វើឱ្យទឹកសមុទ្រសាបក្នុងប៉ែកខាងជើងតំបន់ Gaza មិនទាន់មានដំណើរការបានទេ នាំឱ្យមនុស្ស២៥០.០០០នាក់គ្មានទឹកបរិភោគ។
លោក Laerke បាននិយាយថា៖ «សរុបទៅមានមនុស្សប្រមាណ៨សែននាក់គ្មានទឹកស្អាតប្រើប្រាស់ទេ...សេចក្តីត្រូវការម្ហូបអាហារនិងប្រាក់កាសក៏កើនជាងមុនដែរ។សកម្មភាពនេសាទនៅតែត្រូវហាមប្រាមក្នុងលំហសមុទ្រទល់មុខនឹងឆ្នេរតំបន់ Gaza។ អង្គការសហប្រជាជាតិ និងដៃគូមនុស្សធម៌របស់យើងកំពុងផ្តល់ម្ហូបអាហារនិងវត្ថុប្រើប្រាស់ជូនក្រុមគ្រួសារខ្ចាត់ព្រាត់ពីផ្ទះសម្បែងក្នុងតំបន់ Gaza និងជំនួយប្រាក់កាសជាបន្ទាន់ដល់មនុស្សជាង៥២.០០០នាក់»។
ចាប់តាំងពីដើមខែតបអាហារ Ramadan មក អង្គការសុខភាពពិភពលោកបានកត់ត្រាការវាយប្រហារ៩១ដងលើកន្លែងថែទាំសុខភាពក្នុងតំបន់ Gaza និងតំបន់ត្រើយខាងលិច West Bankដោយមានរួមបញ្ចូលប៉ែកខាងកើតនៃក្រុងហ្សេរុយសាឡិម (Jerusalem) ផងដែរ។ អង្គការនេះថ្លែងថា កន្លែងថែទាំសុខភាព១៩បានខូចខាតក្នុងតំបន់Gazaដោយមានរួមបញ្ចូលមន្ទីរពេទ្យ៦និងមជ្ឈមណ្ឌលថែទាំសុខភាព៩។
អ្នកស្រី Margaret Harris អ្នកនាំពាក្យអង្គការ WHO បាននិយាយថាតំបន់ Gaza មានឱសថចាំបាច់តែ៤៦ភាគរយនិងឧបករណ៍ពេទ្យចាំបាច់តែ៣៣ភាគរយប៉ុណ្ណោះក្នុងស្តុក។ ចំនួននេះគឺតិចជាងការផ្គត់ផ្គង់ដែលគេត្រូវការសម្រាប់ពេលមួយខែដើម្បីព្យាបាលអ្នកជំងឺនិងអ្នករបួស។
អ្នកស្រី Harris បានថ្លែងថា៖ «ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ WASH សម្រាប់ឱ្យមនុស្សគ្រប់គ្នាមានទឹកស្អាតប្រើក្នុងរយៈពេលយូរដោយមានរួមបញ្ចូលបណ្តាញទឹកនៅក្នុងរោងចក្រធ្វើឱ្យទឹកសមុទ្រសាបក្នុងប៉ែកខាងជើងតំបន់ Gazaប៉ែកខាងជើងនៃតំបន់Gaza មានផលប៉ះពាល់ដល់វិធានការសុខភាពសាធារណៈដែលគេត្រូវការនៅក្នុងការព្យាបាលជំងឺកូវីដ១៩តែក៏មានហានិភ័យដោយសារជំងឺឆ្លងតាមទឹកដែរ...ហើយនៅពេលមានការឆ្លងជំងឺកូវីដ១៩ គេត្រូវការជៀសវាងការប្រមូលផ្តុំគ្នាច្រើននាក់និងជៀសវាងហ្វូងមនុស្ស»។
អ្នកស្រី Harris បានពោលថាការណ៍នេះមិនអាចធ្វើបានទេពីព្រោះមនុស្សខ្ចាត់ព្រាត់ពីលំនៅដ្ឋានរាប់ម៉ឹននាក់ស្វះស្វែងរកទីជ្រកកោនក្នុងសាលារៀនមានមនុស្សណែនណាន់តាន់តាប់។ អ្នកស្រីនិយាយថា អង្គការ WHO ត្រូវការប្រាក់១១លានដុល្លារដើម្បីធ្វើការឆ្លើយតបខាងសុខភាពជាបន្ទាន់ក្នុងពេលបីខែខាងមុខ។
លោក Laerke បាននិយាយប្រាប់វីអូអេថាការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌មិនបានទទួលការឆ្លើយតបឬការច្រានចោលពីអាជ្ញាធរអ៊ីស្រាអែលស្តីពីការវាយតម្លៃស្ថានភាពក្នុងតំបន់ Gaza ទេ។ ការហៅទូរស័ព្ទរបស់វីអូអេទៅអាជ្ញាធរអ៊ីស្រាអែលអំពីបញ្ហានេះក៏គ្មានការឆ្លើយតបដែរ៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា